ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ុយក្រែន​​​កំពុង​ទប់ទល់​ជាមួយ​កងទ័ព​រុស្ស៊ី ខណៈ​លោក Putin បាន​អះអាង​ពី​ជ័យជម្នះ​​នៅ​​ក្នុង​ទីក្រុង Mariupol


ទាហាន​គាំទ្រ​រុស្ស៊ី​ម្នាក់​ឈរ​នៅ​ក្បែរ​អគារ​រដ្ឋបាល​​ដែល​ខ្ទេចខ្ទាំ​មួយ​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal Iron and Steel Works ក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា​ ឆ្នាំ​២០២២។ (Reuters)

កងកម្លាំង​អ៊ុយក្រែន នៅកំពុង​ក្រាញ​ននៀល​ទប់ទល់នឹងការប្រយុទ្ធ​ចុងក្រោយ​នៅ​ក្នុង​ទីក្រុង Mariupol នៅថ្ងៃ​សុក្រ​នេះ​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​អះអាង​ពី​ជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធំដោយ​បាន​ប្រកាស​ថា ទីក្រុង​កំពង់ផែ​មួយ​នេះ​ត្រូវ​បាន​«រំដោះ»​ហើយ​ បន្ទាប់​ពី​ការបាញ់​ផ្លោង​គ្មាន​ស្រាកស្រាន្ត​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍កន្លង​មក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​សហរដ្ឋ​អាមេរិក​ ​បានបដិសេធ​នូវ​ការ​អះអាង​ពី​ជ័យជម្នះ​របស់​លោក Putin ហើយ​បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​នៅ​កំពុង​តស៊ូ​ទប់ទល់ជាមួយកងទ័ព​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​នេះ​នៅ​ឡើយ។

លោក Putin បាន​បញ្ជា​កងទ័ព​រុស្ស៊ីឲ្យ​បិទ​ខ្ទប់​ទីតាំង​រោងចក្រដែក​ថែប​ដ៏​ធំ​មួយ​កន្លែងដែល​កម្លាំង​អ៊ុយក្រែន​កំពុង​ក្រាញ​ននៀល​នៅ​ទី​នោះ​ ដោយ​មិន​ព្រមទម្លាក់​អាវុធ​ចុះចូល​តាម​ឱសានវាទ​របស់​រុស្ស៊ី​ឬសុខ​ចិត្ត​ស្លាប់​នៅ​ទី​នោះ។

អ៊ុយក្រែន​និយាយ​ថា លោក Putin ចង់​បញ្ជៀសការប៉ះ​ទង្គិច​គ្នា​ដ៏​ខ្លាំង​នៅទឹក​ចុងក្រោយជាមួយ​នឹង​កងកម្លាំង​របស់​អ៊ុយក្រែន​ នៅ​ក្នុង​ទីក្រុង Mariupol ដោយរុស្ស៊ី​ខ្វះ​កម្លាំងទ័ព​ដើម្បី​យក​ឈ្នះ​ទៅ​លើ​ពួក​គេ ប៉ុន្តែ​មន្ត្រី​អ៊ុយក្រែន​បាន​អំពាវនាវឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ដើម្បី​ជម្លៀសជនស៊ីវិល​និងកងទ័ព​ដែល​មាន​របួស​ចេញ​ពី​ទី​នោះ។

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ការ​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍នៅ​ក្នុង​វិមាន​ក្រឹមឡាំង​លោក Putin បាន​អបអរសាទរដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​កងទ័ព​រុស្ស៊ី​ដែល​បាន​ប្រឹងប្រែង​ប្រយុទ្ធ​ដើម្បី​រំដោះ​ទីក្រុង Mariupol ហើយ​បាន​និយាយ​ថា វា​មិន​ចាំបាច់ក្នុង​ការវាយ​ប្រហារ​ទៅ​លើ​តំបន់​ឧស្សាហកម្ម​ដែល​មាន​រោងចក្រ​ដែកថែប Azovstal នោះ​ឡើយ។

លោក Putin និយាយ​ដូច្នេះ​ថា៖ «យើង​មិន​ចាំបាច់​ខំប្រឹង​ឡើង​ទៅកាន់​កន្លែង​កប់​ខ្មោច​ទាំង​នេះ ឬ​ត្រូវលូន​តាម​ក្រោម​ដី​ទៅកាន់អគារ​ឧស្សាហកម្មទាំង​នោះ​ឡើយ។ យើង​ត្រូវ​បិទ​ខ្ទប់តំបន់​ឧស្សាហកម្ម​នេះ​ទាំង​មូល​ ​ដែល​សូម្បី​តែ​សត្វ​រុយ​មួយ​ក្បាល ក៏​មិន​អាច​ហើរ​ចេញ​បាន​ដែរ»។

Mariupol ជា​ទីក្រុង​កំពង់ផែ​ដ៏​សំខាន់នៅ​ភាគខាង​កើត​តំបន់ Donbas របស់​អ៊ុយក្រែន​ដែល​ស្ថិតនៅ​រវាង​តំបន់ដែល​កាន់កាប់​ដោយពួក​បំបែក​ខ្លួន​រុស្ស៊ី​និង​តំបន់ Crimea ដែល​រុស្ស៊ី​ដណ្តើម​កាន់កាប់​កាលពី​ឆ្នាំ​២០១៤។ ការ​កាន់កាប់ទីក្រុង Mariupol នឹង​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ភ្ជាប់​តំបន់​ទាំង​ពីរនេះ​ជាមួយ​គ្នា។

នៅក្នុង​សុន្ទករថា​មួយ​កាល​ពី​យប់ជ្រៅ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​និយាយ​ថា រុស្ស៊ី​កំពុង​តែ​ធ្វើ​គ្រប់យ៉ាង​ដែល​ខ្លួន​អាចធ្វើ​ ដើម្បី​និយាយ​យ៉ាង​ហោចណាស់​អំពីជ័យជម្នះ​ខ្លះៗ​ដែល​រួមមាន​ការប្រមូលផ្តុំ​កម្លាំងថ្មីៗ​តាម​កងវរសេនាតូចរបស់​ខ្លួន​ជាដើម។

លោក Zelenskiy និយាយ​ទៀត​ថា៖ «ពួកគេគ្រាន់តែ​អាច​ពន្យារនូវ​អ្វី​ដែល​កើត​ឡើងជៀស​មិន​រួច​ប៉ុណ្ណោះ​គឺ​ពេលវេលា​ដែល​ពួក​ឈ្លានពាន​រស្ស៊ី​ត្រូវ​ចាកចេញពី​ទឹកដី​របស់​យើង​ដែលក្នុង​នោះ​ក៏​រួម​មាន​ទីក្រុង Mariupol ផងដែរ​ដែល​ជា​ទីក្រុង​មួយ​នៅតែ​បន្ត​ប្រឆាំង​ទប់ទល់នឹង​កងទ័ព​រុស្ស៊ី​ដោយ​មិន​ខ្វល់ថា​រុស្ស៊ីនិយាយពី​អ្វី​នោះ​ឡើយ»។

បរិវេណ​រោងចក្រ​ដែក​ថែប​នេះ​ជា​ទីតាំង​ស្លដែក​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​មាន​ទំហំ​ប្រមាណ​១១​គីឡូម៉ែត្រ​ក្រឡា មាន​អគារ​ធំៗ មាន​លេណដ្ឋាននិង​ផ្លូវក្រោម​ដីជា​ច្រើន​កន្លែង​ផង​ដែរ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យោធា​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​របស់​រុស្ស៊ីទៅ​លើ​រោង​ចក្រនោះ​ នឹងទំនង​ជា​អាច​ធ្វើ​ឲ្យ​រុស្ស៊ីទទួល​រង​ការ​ខូចខាតខ្លាំង​ ហើយ​ការ​សម្រេចចិត្ត​របស់​លោក Putin ដើម្បី​បិទខ្ទប់​ទីតាំង​រោងចក្រ​នេះ​នឹង​អាចជួយ​ឲ្យ​រុស្ស៊ី​ដកកម្លាំង​ទ័ព​ខ្លះយក​ទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​វិញ​នៅ​ភាគ​ខាង​កើត។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន​លោក​ស្រី Iryna Vereshchuk និយាយ​ថា ជនស៊ីវិល​ប្រមាណ​១ពាន់​នាក់​និង​កងទ័ពអ៊ុយក្រែន​ដែល​មាន​របួស​ប្រមាណ​៥០០នាក់​ចាំបាច់​ចាកចេញ​ពី​រោងចក្រ​ដែកថែប​នេះ​ដោយ​លោកស្រី​បានស្តី​បន្ទោស​លើ​ភាគី​រុស្ស៊ី​ថា មិន​បាន​បង្កើត​ច្រក​របៀង​សុវត្ថិភាព​មួយ​ដែល​លោកស្រី​ថា រុស្ស៊ីធ្លាប់​បាន​យល់​ព្រម​កាល​ពី​មុន​មក​នោះ។

រុស្ស៊ី​ថា ខ្លួន​បាន​នាំ​ជន​ស៊ីវិល​អ៊ុយក្រែន​ប្រមាណ​១៤០.០០០​នាក់ចេញ​ពី​ទីក្រុង Mariupol នៅ​ក្នុង​ការ​ជម្លៀសមនុស្សធម៌ ប៉ុន្តែ​អ៊ុយក្រែន​និយាយ​ថា​ មនុស្ស​មួយ​ចំនួន​ត្រូវ​បានបញ្ជូន​ចេញ​ដោយ​បង្ខំដែល​មាន​ន័យ​ថានេះជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ៕

XS
SM
MD
LG