ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

របាយការណ៍​ថា ការចំណាយ​ខាង​យោធា​នៅ​លើ​ពិភពលោក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​កាលពីមុន


រូបឯកសារ៖ ក្បួន​រថយន្ត​យោធា​រុស្ស៊ី នៅ​លើ​ផ្លូវ​មួយ​ក្នុង​តំបន់​នៅ​ជិត​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ការចំណាយ​ខាង​យោធា​នៅ​លើ​ពិភពលោក​បាន​កើនឡើងជា​ថ្មី​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​២០២១កន្លង​ទៅ​ ​ស្រប​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​បង្កើនសកម្មភាព​យោធារបស់​ខ្លួន​មុនការចូល​ឈ្លានពានប្រទេស​អ៊ុយក្រែន។ នេះ​បើតាមអ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​បាន​លើក​ឡើងនៅ​ថ្ងៃចន្ទ​នេះ ដោយ​ប៉ាន់ស្មាន​ថា និន្នាការនៃ​ការចំណាយលើ​ផ្នែក​យោធា​នេះ​នឹង​នៅ​បន្ត​ទៅ​មុខ​ទៀត ជា​ពិសេស​ប្រទេស​នៅ​ក្នុង​ទ្វីបអឺរ៉ុប។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​ទោះបី​ជា​សេដ្ឋកិច្ច​មាន​ការធ្លាក់ចុះ​ដោយ​សារ​តែ​ជំងឺរាតត្បាត​កូវីដ១៩​ក្តី ក៏​ប្រទេស​ជា​ច្រើននៅ​ជុំវិញ​ពិភព​លោក​បាន​បង្កើន​ឃ្លាំង​ស្តុក​អាវុធ​របស់​គេ​ដោយ​ការចំណាយ​ផ្នែក​យោធា​ជា​សាកល​មានការកើន​ឡើង​ប្រមាណ០,៧ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​តាមរបាយការណ៍​មួយ​របស់វិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ទីក្រុង​ស្តុកខុល​ ឬហៅកាត់ថា Sipri។

លោក Diego Lopes da Silva ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Sipri បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «នៅក្នុង​ការចំណាយ​ផ្នែក​យោធា​ក្នុង​ឆ្នាំ២០២១ មាន​ការកើន​ឡើង៧ដង​ជាប់ៗ​គ្នា ដោយ​មាន​ទឹកប្រាក់​ប្រមាណ២,១លាន​ លាន​ដុល្លារ។ នេះ​ជា​តួលេខ​មួយ​ដែល​យើង​មិន​ដែល​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក។

ការចំណាយ​ផ្នែក​យោធា​របស់​រុស្ស៊ី​មាន​ការកើនឡើង​ប្រមាណ២,៩ភាគរយ ​ដែល​ជា​ការកើន​ឡើង​ក្នុង​ឆ្នាំ​ទី៣​ជាប់ៗ​គ្នា​ដែល​មាន​ទឹកប្រាក់រហូត​ដល់៦៥,៩ពាន់​ លាន​ដុល្លារ។

លោក Lopes da Silva បាន​និយាយ​ថា ការចំណាយ​ផ្នែកការពារ​ជាតិ​របស់​រុស្ស៊ី​មាន​ចំនួន​ប្រមាណ ៤,១ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ GDP របស់​រុស្ស៊ី​ដែល​មាន​ចំនួនខ្ពស់ជាង​ការចំណាយ​មធ្យម​របស់​ពិភព​លោក​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូជាប្រទេសដែល​មាន​ការ​ចំណាយ​ដ៏​ធំបំផុត​ទី៥នៅ​ក្នុង​ពិភពលោក។

លោក​បាន​កត់សម្គាល់​ថា ប្រាក់​ចំណូល​មក​ពី​ប្រេង​និង​ឧស្ម័ន​បាន​ជួយ​ឲ្យ​រុស្ស៊ីបង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ ហើយ​ការចំណាយដ៏​ខ្ពស់​របស់​រុស្ស៊ី​នឹង​បន្ត​រហូត​ដល់​ចុង​ឆ្នាំ។

អ្នក​ស្រាវជ្រាវរូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា «ការ​ចំណាយ​នេះ​កើត​មាន​ឡើង​ ខណៈដែល​រុស្ស៊ី​បាន​ប្រមូលកម្លាំងទ័ព​ត្រៀម​នៅ​តាម​បណ្តាយ​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​ មុន​ការ​ចូល​ឈ្លាន​ពាន​របស់​ខ្លួនកាល​ពីចុង​ខែ​កុម្ភៈ​នោះ។

លោក​បន្ត​ទៀត​ថា វា​ពិបាក​នឹង​ធ្វើ​ការប៉ាន់ស្មាន​ថា​តើ​រុស្ស៊ីនឹង​នៅតែ​អាច​រក្សា​ការចំណាយ​ដ៏ខ្ពស់​ខាង​យោធា​របស់ខ្លួន​ ឬ​យ៉ាងណា​នោះ ដោយសារ​តែ​មាន​ការដាក់​ទណ្ឌកម្មជា​ច្រើន​ដោយ​ប្រទេស​លោក​ខាង​លិច​ដែល​ជា​ការឆ្លើយ​តប​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ទន្ទឹម​នឹង​នេះ​ដែរ ការចំណាយ​ខាង​យោធា​របស់​អ៊ុយក្រែន​ក៏​បាន​កើន​ឡើង​រហូត​ដល់​៧២​ភាគ​រយផង​ដែរ​ចាប់តាំង​ពី​រុស្ស៊ី​ចាត់ទុក​តំបន់ Crimea ជាផ្នែក​មួយនៃ​ទឹកដី​របស់​រុស្ស៊ី​នោះ។

ខណៈដែល​ភាពតានតឹង​កំពុង​កើនមាន​ឡើង​នៅ​ទ្វីប​អឺរ៉ុប​នោះ ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ក៏​បានបង្កើន​ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​ដែរ។

លោក Lopes da Silva និយាយ​ថា​ លោក​រំពឹង​ថា​ ការចំណាយ​ផ្នែក​យោធា​របស់ប្រទេស​ក្នុង​ទ្វីបអឺរ៉ុបនឹង​បន្ត​កើន​ឡើង។

ដោយ​ឡែក​សហរដ្ឋ​អាមេរិក​ដែលមាន​ការចំណាយលើ​ផ្នែក​យោធា​ច្រើន​ជាង​ប្រទេស​ណាៗទាំង​អស់​នោះ​ដោយ​មាន​ទឹកប្រាក់​ប្រមាណ៨០១ពាន់​លាន​ដុល្លារ​នោះ​ មាន​ការ​ថយ​ចុះ​ការចំណាយយោធា​របស់​ខ្លួនក្នុង​ឆ្នាំ២០២១ក្នុង​ចំនួន១,៤ភាគរយ។

ដោយ​ឡែក​ប្រទេស​ចិន​ដែលជា​ប្រទេស​ចំណាយ​ដ៏ធំ​បំផុត​ទី២លើ​វិស័យ​យោធា​ក្នុង​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ប៉ាន់ស្មាន​ប្រមាណ២៩៣ពាន់​លាន​ដុល្លារ​បាន​បង្កើន​ការចំណាយ​របស់​ខ្លួនក្នុង​កម្រិត៤.៧ ភាគរយ​ ដែលជា​ការបង្កើន​ការចំណាយ​ខាង​យោធា​ក្នុង​រយៈពេល២៧ឆ្នាំ​ជាប់ៗគ្នា។

ប្រទេស​ជប៉ុន​បាន​បង្កើន​ការចំណាយ​ខាង​យោធា​ប្រមាណ៧ពាន់លានដុលា្លរ​ដោយ​កើន​ឡើង៧,៣​ភាគរយ ដែលជាការកើន​ឡើង​ការចំណាយ​ខាង​យោធាដ៏​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៧២​មក។

ប្រទេស​អូស្ត្រាលី​បាន​ចំណាយ​ប្រមាណ៤ភាគរយលើ​ផ្នែក​យោធា​របស់​ខ្លួន​ក្នុង​ទឹក​ប្រាក់ប្រមាណ​៣១.៨ពាន់​លានដុល្លារក្នុង​ឆ្នាំ២០២១ ហើយប្រទេស​ឥណ្ឌា​ដែលជា​ប្រទេស​ចំណាយធំ​បំផុត​ទី​៣នៅ​ក្នុង​ពិភពលើ​វិស័យ​យោធា​នេះ បាន​ចំណាយ​ប្រាក់​ប្រមាណ៧៦,៦ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១៕

XS
SM
MD
LG