ពួកអ្នកការទូតអាមេរិកាំងនឹងចាប់ផ្តើមវិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញនៅសប្តាហ៍នេះដែលមុនដំបូងត្រឡប់ទៅកាន់ទីក្រុង Lviv ភាគខាងលិចហើយនៅទីបញ្ចប់ត្រឡប់ទៅ កាន់រដ្ឋធានីកៀវ។
សហរដ្ឋអាមេរិកក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុយោធាបរទេសបន្ថែមទៀតដល់អ៊ុយក្រែនដើម្បីជួយប្រទេសនេះឲ្យបានទទួលអាវុធទំនើបៗបន្ថែមទៀតនិងប្រព័ន្ធការពារដែនអាកាសផង ដែរដើម្បីការពារការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមពួកមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងតែងតាំងលោក Bridget Brinkជាផ្លូវការដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋស្លូវ៉ាគីដើម្បីឲ្យក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «ការណ៍នេះបញ្ជាក់ពីការតាំងចិត្តរបស់យើងដល់អ៊ុយក្រែន។ យើងនឹងព្យាយាមឲ្យអ្នកការទូតរបស់យើង វិលត្រឡប់ទៅកាន់ស្ថានទូតរបស់យើងនៅក្នុងរដ្ឋធានីកៀវវិញទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបនិងអង្គការអូតង់ជាច្រើនកំពុងបញ្ជូនអ្នកការទូតរបស់ខ្លួនត្រឡប់ទៅកាន់រដ្ឋធានីកៀវវិញ ដែលក្នុងនោះរួមមានប្រទេសអូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆែក បារាំង អ៊ីតាលី ស្លូវ៉ាគីនិងប្រទេសស្លូវេនី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបើកស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកៀវឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ការវិលត្រឡប់របស់អ្នកការទូតបរទេសទៅកាន់ប្រទេសអ៊ុយក្រែនវិញ ត្រូវបានគេមើល ឃើញថាជាសញ្ញានៃការមានសុវត្ថិភាពខ្លះនៅក្នុងប្រទេសនេះ បន្ទាប់ពីការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកអស់រយៈពេល២ខែរបស់រុស្ស៊ីកន្លងមក។
មន្ត្រីម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា៖ «យើងមានកាតព្វកិច្ចផ្តល់ជំនួយហិរញ្ញវត្ថុយោធាបរទេសជាង៧១៣លានដុល្លារ។ ជំនួយហិរញ្ញវត្ថុយោធាបរទេសនេះរួមទាំងការផ្តល់ថវិការសម្រាប់អ៊ុយក្រែននិងប្រទេសសម្ព័ន្ធមិត្តនិងដៃគូ១៥ផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបកណ្តាលនិងខាងកើតនៅក្នុងតំបន់បាល់កង់។ ហើយការផ្តល់នេះក៏នឹងជួយគាំទ្រដល់សមត្ថភាពរបស់អ៊ុយក្រែន ជាពិសេសសម្រាប់ការប្រយុទ្ធនៅក្នុងតំបន់ Donbas។
ដោយមានជំនួយថ្មីក្នុងការផ្តល់ថវិកាយោធាបរទេស សហរដ្ឋអាមេរិកបានតាំងចិត្តផ្តល់ជំនួយសន្តិសុខប្រហែល៣,៤ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមឡើង និងប្រាក់ជាង៤,៣ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលរបស់លោក Biden មក។
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy រដ្ឋមន្ត្រីការបរទេសលោក Dmytro Kuleba និងរដ្ឋមន្ត្រីការពារជាតិលោក Oleksii Reznikov នៅក្នុងរដ្ឋធានីកៀវ។
ដំណើរទស្សនកិច្ចរបស់លោក Blinken និងលោកAustinទៅកាន់ប្រទេសអ៊ុយក្រែនជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតដោយគណៈប្រតិភូអាមេរិកាំងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។