ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការងារ​ពិសេស​អាមេរិក​គាំទ្រ​​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​នៅ​កូរ៉េ​ខាង​ជើង​ប៉ុន្តែ​មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​របប​ដឹកនាំទេ


(រូបភាព​ឯកសារ) រូបថត​ដែល​គ្មាន​បញ្ជាក់​កាល​បរិច្ឆេទ​ផ្តល់ដោយ​ទីភ្នាក់​ងារព័ត៌មាន​មជ្ឈិម​ប្រជាជន​កូរ៉េរ​បស់កូរ៉េខាង​ជើង​នៃ​មេដឹកនាំ​កូរ៉េខាងជើង​ លោក​ Kim Jong Un ជួប​សំណេះ​សំណាល​ក្រុមអ្នក​វិទ្យា​សាស្រ្ត​ និង​អ្នក​បច្ចេក​ទេស​ស្តី​ពីកិច្ចការ​ស្រាវជ្រាវ​ផលិត​អាវុធនុយ​ក្លែអ៊ែរ (KCNA) រដ្ឋធានី​ Pyongyang​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០១៦។
(រូបភាព​ឯកសារ) រូបថត​ដែល​គ្មាន​បញ្ជាក់​កាល​បរិច្ឆេទ​ផ្តល់ដោយ​ទីភ្នាក់​ងារព័ត៌មាន​មជ្ឈិម​ប្រជាជន​កូរ៉េរ​បស់កូរ៉េខាង​ជើង​នៃ​មេដឹកនាំ​កូរ៉េខាងជើង​ លោក​ Kim Jong Un ជួប​សំណេះ​សំណាល​ក្រុមអ្នក​វិទ្យា​សាស្រ្ត​ និង​អ្នក​បច្ចេក​ទេស​ស្តី​ពីកិច្ចការ​ស្រាវជ្រាវ​ផលិត​អាវុធនុយ​ក្លែអ៊ែរ (KCNA) រដ្ឋធានី​ Pyongyang​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០១៦។

សមាជិក​នៃ​ក្រុម​ការងារ​ពិសេស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​វ៉ាស៊ីនតោន និង​ប្រទេស​សម្ព័ន្ធមិត្ត​​​ខ្លួន​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​របស់​ពួក​គេ​ក្នុង​កិច្ច​ដោះស្រាយ​ការគំរាម​កំហែង​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ​និងបាន​និយាយ​ថា វា​ដល់​ពេល​ដែល​យើង​ត្រូវ​​គិតរក​វិធីផ្សេង​លើ​បញ្ហា​នេះ​ហើយ។

លោក​ Mike Mullen ឧត្តម​នាវីឯក​សហរដ្ឋ​អាមេរិក​ចូល​និវត្តន៍ និង​អតីត​ប្រធាន​នាយ​អគ្គ​សេនាធិការ​ ចម្រុះ​នៃ​កង​យុទ្ធពល​សហរដ្ឋ​អាមេរិក​ រួមជាមួយ​នឹង​លោក​ Sam Nunn ​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​ជា​សហ​ប្រធាន​នៃ​អង្គការ​គំនិត​ផ្តួច​ផ្តើម​អំពី​ការគំរាម​កំហែង​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ ​(The Nuclear Threat Initiative organization) បាន​ដឹក​នាំ​ក្រុម​ការងារ​ពិសេស​ដែល​មាន​អ្នក​ជំនាញ​សន្តិសុខ​ថ្នាក់​តំបន់​ ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​ថ្មី​មួយ​ដែល​អាច​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ជា​ថ្មី​ដល់ដំណើរ​ការសន្តិភាព​នៅ​ឧប​ទ្វីបកូរ៉េ។

ក្រុម​ការងារ​ពិសេស​ដែល​រៀប​ចំឡើង​ដោយ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​បរទេស​នេះ​ បានផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យយល់​ព្រម​ផ្អាក​បណ្តោះ​អាសន្ន​លើ​ការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ ហើយ​ងាក​មក​រក​តុ​ចរចា​អន្តរជាតិ​ និង​ធ្វើ​ការ​អះអាង​ជា​ថ្មី​ថា​ខ្លួន​នឹង​គោរព​តាម​គោល​ដៅ​នៃ​ការ​បំផ្លាញ​ចោល​ការ​បង្កើត​អាវុធនុយ​ក្លេអ៊ែរ​ដែល​បាន​ឯកភាពក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ឆ្នាំ​២០០៥​ ក្នុង​អំឡុង​ពេល​នៃ​កិច្ចចរចា​៦ភាគី​ធ្វើ​ឡើង​ដោយ​ប្រទេសកូរ៉េ​ខាងជើង​ ចិន​ សហរដ្ឋ​អាមេរិក​ កូរ៉េខាង​ត្បូង​ រុស្ស៊ី​ និង​ជប៉ុន។

ជំនួយ​ឧបត្ថម្ភ​លើកទឹក​ចិត្ត​ទាំង​នោះ​ រួម​មាន​ជំនួយ​ស្បៀង​អាហារ​បឋម និងលទ្ធភាព​ក្នុងការ​កាត់​បន្ថយចំនួន​សមយុទ្ធ​យោធា​រួមគ្នា​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាង​ត្បូង​ ខណៈ​ពេល​ដែល​កិច្ច​ចរចា​កំពុង​តែ​ធ្វើ​ឡើង។

ប្រទេស​កូរ៉េ​ខាងជើង​ បាន​ទាមទារ​ជា​យូរ​ណាស់​មក​ហើយ​ឲ្យ​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​នេះ ដែល​កូរ៉េខាង​ជើង​បាន​ហៅ​វា​ថា​ជា​ការ​ហាត់​សម​សម្រាប់​ការឈ្លាន​ពាន។

ជា​ការ​ដោះ​ដូរ​ដើម្បី​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​អាច​ឈាន​ទៅ​រក​ការ​ឯកភាព​យល់​ព្រម​រុះរើ​ផែនការ​ផលិតអាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ ក្រុម​ការងារ​ពិសេស​បាន​បញ្ចេញ​របាយការណ៍​មួយ​ដោយ​ផ្តល់​អនុសាសន៍​ដល់​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​សម្ព័ន្ធ​មិត្ត​ខ្លួន ឲ្យ​ផ្តល់​នូវ​សន្ធិ​សញ្ញា​សន្តិភាព​ទូលំទូលាយ​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ​ (ហើយ​អាច​នឹង​បញ្ចប់​វត្តមាន​យោធា​សហរដ្ឋ​អាមេរិក​នៅប្រទេស​កូរ៉េ)​ ក៏ដូច​ជាការ​ធ្វើឲ្យ​ទំនាក់​ទំនង​មាន​ប្រក្រតីភាព​ឡើង​វិញ​ ការ​ដក​ទណ្ឌកម្ម​នានា​ និង​ការធ្វើ​សមាហរណកម្ម​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដល់​ប្រទេសកូរ៉េ​ខាងជើង។

ការ​គិត​បែប​ស្រមើ​ស្រមៃ

ទោះ​យ៉ាង​ណា​ ក៏​មាន​គំនិត​ផ្ទុយ​គ្នា​នៅ​ក្នុង​ក្រុម​ការងារ​ពិសេស​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​អ្នកដែលជឿ​ថា ​ភាព​ជោគ​ជ័យ​នៃ​ការចរចា​ដោយ​សន្តិវិធី​មិន​អាច​នឹង​កើត​ឡើង​បាន​ទេ​ជាមួយរដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ធ្លាប់​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​អាវុធ​នុយ​ក្លេអ៊ែរ​រួច​មក​ហើយ​កាល​ពី​ពេល​កន្លង​ទៅ។

លោក​ Nicolas Eberstadt​ បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​សហគ្រិន​អាមេរិក​ (The American Enterprise Institute) បាន​និយាយ​ថា​ គំនិត​ផ្តួចផ្តើម​នេះ​វា​ដូចគ្នា​ទៅ​នឹង «ការគិត​បែប​ស្រមើ​ស្រមៃ​ ដោយ​ហេតុថាសហរដ្ឋ​អាមេរិកបរាជ័យ​ស្ទើរ​តែ​ទាំងស្រុង​លើ​កិច្ចការ​ការទូតជាមួយ​ប្រទេស​កូរ៉េខាង​ជើង​អំពី​បញ្ហានុយ​ក្លេអ៊ែរ​ក្នុង​រយៈ​ពេល​កន្លងមក​ ហើយ​ការ​បរាជ័យ​នេះពិបាក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ណាស់​ បើសិន​ជា​គ្មាន​វត្តមាន​ដៃ​គូ​ចរចា​នៅប្រទេស​កូរ៉េ​ខាងជើង​ទេ​នោះ»។

សមាជិក​ព្រឹទ្ធសភា​ លោក​ Nunn ​បាន​និយាយ​ថា ការផ្លាស់​ប្តូរ​របប​ដឹកនាំ​អាច​កើត​ឡើង​បាន​អាស្រ័យ​លើការ​ផ្លាស់​ប្តូរ​ផ្ទៃ​ក្នុង​ ក្នុង​ជួរ​រដ្ឋាភិបាល​លោក​ Kim Jong Un ​ ឬ​ដោយ​សារ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់កូរ៉េ​ខាងជើង​ ប៉ុន្តែ​ការផ្លាស់​ប្តូររបប​ដឹក​នាំ​នេះ​ មិន​មែន​ជា​គោលដៅ​កំណត់​របស់​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​សម្ព័ន្ធ​មិត្ត​ខ្លួន​ឡើយ។

លោក​ Nunn បាន​និយាយ​ថា៖ «ការផ្លាស់​ប្តូរ​បែប​នេះ ​គឺជា​ជម្រើស​ចុង​ក្រោយ ប៉ុន្តែ​ប្រសិន​បើ​ការ​ផ្លាស់​ប្តូរ​នេះ​កើត​ឡើង​មែន​ ហើយ​យើងឈាន​ដល់​ដំណាក់​កាល​នោះ​មែន​ នេះ​មាន​ន័យ​ថា ​យុទ្ធសាស្រ្ត​របស់​យើង​មិន​ជោគ​ជ័យ​ឡើយ»។

សហ​រដ្ឋអាមេរិក​ និង​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​ឦសាន​ កំពុង​តែ​បង្កើន​សមត្ថភាព​កម្លាំង​យោធា​របស់​គេ​រៀងៗ​ខ្លួន​ដើម្បី​ការពារ ​និង​ប្រឆាំង​ទប់ទល់​ទៅ​នឹង​ការកើន​ឡើង​នៃ​ការគំរាម​កំហែង​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាង​ជើង។

ប្រទេស​ទាំង​នោះ ​ក៏​កំពុង​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ និង​ថ្កោលទោស​រដ្ឋាភិបាល​លោក​ Kim Jong Un ​ដែល​បាន​បន្តការ​កៀប​សង្កត់​ប្រជាជន​កូរ៉េខាង​ជើង​របស់​ខ្លួន​ ដែល​ប្រជាជន​ភាគ​ច្រើន​រស់​នៅ​ក្នុង​ជីវភាព​ក្រីក្រ។

ប៉ុន្តែ​ប្រទេស​ទាំងនេះ​ បាន​បញ្ឈប់​ការ​ព្យាយាមរបស់​ពួក​គេ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​របប​ដឹកនាំ​ហើយ។

លោក​ឧត្តម​នាវីឯកចូល​និវត្តន៍ ​Mullen ​បាន​និយាយ​ថា៖ «តាមប្រវត្តិសាស្រ្ត​ របប​ដឹកនាំ​ជា​ច្រើន​ប្រាកដ​ណាស់​តែង​តែ​ផ្លាស់​ប្តូរ​ ប៉ុន្តែការផ្លាស់​ប្តូរ​របប​ដឹកនាំ​បច្ចុប្បន្ន​នេះ​មិន​បាន​កើត​មាន​ដូច​តាម​ប្រវត្តិសាស្រ្ត​ឡើយ»។

ស្ថាន​ការណ៍​បច្ចុប្បន្ន​

ប្រទេស​កូរ៉េ​ខាងជើង​បាន​ឆ្លើយតប​យ៉ាង​គឃ្លើន​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ខែ​មីនា​ ដោយ​បាន​បង្កើន​ការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រាប់​មីស៊ីល​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ។

ក្រុមអ្នក​វិភាគ​កិច្ចការ​យោធា​បាន​និយាយ​ថា ​ក្នុង​ឆ្នាំនេះ​ប្រទេស​កូរ៉េ​ខាងជើង​អាច​ផលិត​បន្ទះ​វត្ថុធាតុ​នុយ​ក្លេអ៊ែរ​គ្រប់​គ្រាន់​នៅ​តាម​កន្លែង​ចម្រាញ់​សារជាតិ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ដែល​អាច​ផលិត​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ប្រមាណ​២០​គ្រាប់​ ហើយ​នៅ​ត្រឹម​ឆ្នាំ​២០២០​ ប្រទេស​នេះ​ ​ទំនង​ជា​អាច​កសាង​សមត្ថភាព​ដែល​អាច​ទុក​ចិត្ត​បាន​ក្នុងការ​បំពាក់​គ្រាប់​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ដោយ​មាន​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ទំហំ​តូច​ជាង​មុន។

រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​កូរ៉េ​ខាងត្បូង​ កំពុងតែ​បន្តការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ហៅ​កាត់​ថា​ THAAD ​នៅ​ក្នុង​ឧប​ទ្វីបកូរ៉េ ​និង​បាន​ធ្វើ​សមយុទ្ធ​យោធា​ច្រើន​លើក​ច្រើនសា​ ដែល​មាន​គោល​ដៅ​បំផ្លាញ​ទីតាំង​យោធា​សំខាន់ៗ​នៅ​ប្រទេស​កូរ៉េ​ខាងជើង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ដែល​ប្រទេស​សមាជិក រួម​មាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​សំខាន់​របស់កូរ៉េ​ខាង​ជើង​ គឺ​ចិន​ និងរុស្ស៊ី​ បាន​ធ្វើការ​ថ្កោល​ទោស​លើការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ហាម​ឃាត់​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​កុម្មុនីស្ត​មួយ​នេះ និង​កំពុង​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​ទៀត។

ប៉ុន្តែ​ប្រទេសចិន​ មាន​ភាព​អល់​អែកក្នុង​ការ​ចូលរួម​អនុវត្ត​វិធានការ​នានា​ដែល​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ​Kim Jong Un ​ដួល​រលំ​ និង​អាច​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ​និង​ប្រទេសកូរ៉េ​ខាងត្បូង​ដែលជា​សម្ព័ន្ធ​មិត្តខ្លួន​គ្រប់​គ្រង​ឧបទ្វីបកូរ៉េ​ទាំង​ស្រុង៕

រាយ​ការណ៍​បន្ថែម​ដោយ​ ​Youmi Kim ​ពីរដ្ឋធានី​សេអ៊ូល

ប្រែ​សម្រួល​ដោយ​ កោះ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG