ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​រុស្ស៊ី៖ យើង​កំពុង​ធ្វើ​ការ​បើក​មូលដ្ឋាន​ឡើង​វិញ​នៅ​ប្រទេស​គុយបា​និង​វៀតណាម


រូបឯកសារ៖ អ្នក​បើក​យន្តហោះចម្បាំង​​រុស្ស៊ី​ម្នាក់​កំពុង​ដើរ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ Vladivostok។
រូបឯកសារ៖ អ្នក​បើក​យន្តហោះចម្បាំង​​រុស្ស៊ី​ម្នាក់​កំពុង​ដើរ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ Vladivostok។

ខណៈ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​ភាព​តានតឹង​ជាង​មុន ទី​ភ្នាក់ងារ​ព័​ត៌មាន​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្តី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​ដែល​បាននិយាយ​ថា​ លទ្ធភាព​នៃ​ការ​បើក​ទីតាំង​យោធា​រុស្ស៊ី​ជា​ថ្មីឡើង​វិញ​នៅ​ក្នុង​ប្រទេសគុយបា ​និង​ប្រទេស​វៀតណាម​កំពុង​ឋិត​នៅ​ក្រោម​ការ​ពិចារណា។​

នៅ​ពេល​សួរថាតើ​កង​យោធា​រុស្ស៊ី​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​នានា​ដូចជា​ប្រទេស​គុយបា​ និង​ប្រទេស​វៀតណាម​ជា​ដើមឬ​ទេ​នោះ​ លោក​ Nikolai Pankov​ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​រុស្សី​បាន​ឆ្លើយ​តប​ថា៖ «យើង​កំពុង​ធ្វើការ​នេះ»។ តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​

សហភាព​សូវៀត​បាន​បង្កើត​មូលដ្ឋាន​ខាង​សញ្ញា​នៃ​ការ​ស៊ើបការ​សម្ងាត់​មួយ​នៅ​ Lourdes​ ប្រទេស​គុយបា​ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​មួយ​នៅ​ឆក ​Cam Ranh​ ប្រទេស​វៀតណាម​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។​ ទោះបី​ប្រទេស​រុស្ស៊ី​បាន​បន្ត​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​កន្លែង​យោធា​ទាំង​នោះ​នៅ​ក្រោយ​ការ​បាក់​បែក​សហភាព​សូវៀត​កាល​ពីឆ្នាំ​១៩៩១ ​ក៏​ដោយ​ ក៏​មូលដ្ឋាន​ទាំង​នោះ​ទើប​តែ​ត្រូវ​បាន​បិទ​ទ្វារ​កាល​ពី​ឆ្នាំ២០០១​និង​ឆ្នាំ២០០២។

នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ប្រទេស​រុស្ស៊ី​កំពុង​ធ្វើ​កិច្ចប្រតិបត្តិការ​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​អាកាស​មួយ​និង​មូលដ្ឋាន​កងទ័ព​ជើង​ទឹកមួយ​ក្នុង​ប្រទេស​ស៊ីរី។

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​រាយការណ៍​ថា​ លោក ​Dmitri Peskov ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ក៏​បាន​ត្រូវ​សួរ​ដែរ​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​មូលដ្ឋានសឹក​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​គុយបា​ និង​ប្រទេស​វៀតណាម។ ​លោក​បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​អំពី​សំណួរ​នេះ​ទេ ​ដោយ​លោក​គ្រាន់​តែ​បាននិយាយ​ថា​សំណួរ​នេះ​គួរ​ត្រូវ​សួរ​ក្រសួង​ការ​ពារ​ប្រទេស៕

XS
SM
MD
LG