ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្វីលីពីន​សម្លឹង​មើល​ជំនួយ​សន្ធឹកសន្ធាប់​​ទទួល​បាន​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ការទូត​របស់​ខ្លួន


ប្រធានាធិបតី​ហ្វីលីពីន President Rodrigo ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​ Davao ក្រោយ​ពេល​ពួក​ឧទ្ទាម​ឥស្លាម Abu Sayyaf បាន​ដោះ​លែងជន​ជាត​ន័រវែស​ម្នាក់ កាល​ពី​ខែ​កញ្ញា។​
ប្រធានាធិបតី​ហ្វីលីពីន President Rodrigo ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​ Davao ក្រោយ​ពេល​ពួក​ឧទ្ទាម​ឥស្លាម Abu Sayyaf បាន​ដោះ​លែងជន​ជាត​ន័រវែស​ម្នាក់ កាល​ពី​ខែ​កញ្ញា។​

​ប្រធានាធិបតី​ហ្វីលីពីនកំពុង​ធ្វើ​ឲ្យ​គោល​នយោបាយ​ការ​បរទស​របស់​លោក​មាន​តុល្យភាព​ឡើង​វិញ​ ដោយ​ផ្តាច់​ខ្លួន​ចេញ​ពី​​សហ​រដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាស់ ​ហើយ​ងាក​ទៅ​រក​គូ​សត្រូវ​សម័យ​សង្គ្រាម​ត្រជាក់​ គឺ​ចិន​និង​រុស្ស៊ី។

លោក​ប្រធានាធិបតី​ហ្វីលីពីន​ ​Rodrigo Duterte ​ កំពុង​ធ្វើ​ឲ្យ​គោល​នយោបាយ​ការ​បរទស​របស់​លោក​មាន​តុល្យភាព​ឡើង​វិញ​ ដោយ​ផ្តាច់​ខ្លួន​ចេញ​ពីសហ​រដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាស់ ​ហើយ​ងាក​ទៅ​រក​គូ​សត្រូវ​សម័យ​សង្គ្រាម​ត្រជាក់​ គឺ​ចិន​និង​រុស្ស៊ី ដែល​ការ​ផ្លាស់ប្តូរ​នេះ​អាច​បង្កើត​នូវ​ការ​ទទួល​បានជំនួយ​ដោយ​មិន​នឹក​ស្មាន​សម្រាប់​ប្រទេស​ដែល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

លោក Duterte បាន​និយាយ​កាល​ពី​ខែ​មុន​ថា​ ប្រទេស​លោក​នឹង​មិន​ទទួល​យក​ជំនួយ​ផ្នែក​យោធា​ពី​អាមេរិក​ ក្នុង​ការ​ល្បាត​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ និង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​មូស្លីម​ហិង្សា​នៅ​ក្នុង​ប្រជុំ​កោះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ឡើយ។ លោក​ប្រធានាធិបតី​ដែល​មាន​អាយុ​៧១​ឆ្នាំ ត្រូវ​បាន​គេ​ស្រង់​សម្តី​ដែល​លោក​ថ្លែង​ថា ប្រទេស​ហ្វីលីពីន​នឹង​ឆ្លង​ទៅ​កាន់​«ត្រើយ​ម្ខាង​ទៀត​នៃ​របាំង​មនោគមវិជ្ជា»​ ហើយ​និង​ធ្វើ​ការ​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ចិន ​និង​រុស្ស៊ី»។

ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​ចង់​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋា​ភិបាល​របស់​លោក ​Duterte​ ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បូរណភាព​ដែន​សមុទ្រ​ដ៏​សែន​ស្មុគ​ស្មាញ។ លោក​ Duterte ក៏​បាន​បញ្ជូន​បេសកជន​ការទូត​ទៅ​កាន់​ក្រុង​ហុងកុង​ កាល​ពី​ខែ​សីហា​ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​លើ​សំណង។ យោង​តាម​លោក​ Carl Baker នាយក​កម្មវិធី​នៃ​ក្រុម​អ្នក​វិភាគ​មួយ​ឈ្មោះ​ថា​ វេទិកា​ CSIS Pacific បាន​និយាយ​ថា​ ប្រទេស​ចិន​ទំនង​ជា​នឹង​ផ្តល់​ហិរញ្ញវត្ថុ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​គម្រោង​ដែល​ប្រទេស​ហ្វីលីពីន​«ត្រូវ​ការ​ជា​ចាំបាច់​បំផុត»។

ទីក្រុង​ប៉េកាំង​បាន​ជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​ក្រី​ក្រ​នានា​នៅ​អាស៊ី​អាគ្នេយ៍​រួច​ហើយ​ រាប់​ចាប់​តាំង​ពី​ការ​សន្យា​ផ្តល់​ប្រាក់​៦​ពាន់​លាន​ដុល្លារ​ សម្រាប់​កសាង​ផ្លូវ​រថភ្លើង​នៅ​ប្រទេស​ឡាវ​ រហូត​ដល់​ការ​ផ្តល់​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ទីមួយ​ដល់​ប្រទេស​កម្ពុជា​ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ប្រទេស​ហ្វីលីពីន​គឺ​ជា​ប្រទេស​បន្ទាប់​ដែល​ត្រូវ​ទទួល​ជំនួយ​បែប​នេះ។

លោក​ Song Seng Wun អ្នក​សេដ្ឋសាស្ត្រ​នៃ​ធនាគារ​ឯកជន​ CIMB នៅ​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា៖ «បើ​និយាយ​ពី​សេដ្ឋកិច្ច​ទាក់​ទង​នឹង​ប្រទេស​ហ្វីលីពីន​ វា​នៅ​តែ​មាន​ចម្ងល់​អំពី​ការ​រីកចម្រើន​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​អភិវឌ្ឍ​អស់​ជា​ច្រើន​ឆ្នាំ។ ប្រធានាធិបតី​ហ្វីលីពីន​ពិត​ជា​បាន​ឃើញ​ហើយ​អ្វី​ដែល​ថវិកា​របស់​ចិន​បាន​បន្សល់​ទុក​សម្រាប់​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ចិន​ ជាពិសេស​សម្រាប់​ប្រទស​មីយ៉ាន់ម៉ា​ ឡាវ​ និង​កម្ពុជា»។

បើ​ទោះ​ណា​ជា​លោក​ប្រធានាធិបតី​និង​ជា​អតីត​អភិបាល​ក្រុង​ធំ​ទីពីរ​របស់​ហ្វីលីពីន​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​តែ​លោក​មាន​មតិប្រតិកម្ម​រហ័ស បញ្ចេញ​មតិឥត​សំចៃ​មាត់ ហើយ​មនុស្ស​ខ្លះ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ព្យាយាម​ធ្វើ​ឲ្យ​ខឹង​សម្បារ​ក៏​ដោយ​ ក៏​យ៉ាង​ហោច​ណាស់​ មាន​ពលរដ្ឋ​ខ្លះ​កំពុង​ទទួល​យក​រូប​លោក​ដោយ​មិន​បាច់​គិត​ពិចារណា​អ្វី​ទាំង​អស់»។

គុណ​តម្លៃ​របស់​ចិន

លោក​ Valenice Balace អាយុ​ ២៧​ឆ្នាំ​ សហគ្រិន​ផ្នែក​បច្ចេក​វិទ្យា​កម្មវិធី​កុំព្យូទ័រ​នៅ​ទីក្រុង​ម៉ានីល​ និយាយ​ថា៖ «ចិន​ពិត​ជា​បាន​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អៗ​ ហើយ​ខ្ញុំ​នៅ​ចាំ​បាន​ថា​ ចិន​បាន​និយាយ​ថា​ខ្លួន​នឹង​ជួយ​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន។ សហរដ្ឋ​អា​មេរិក​ ក៏​បាន​សន្យា​ដូច្នេះ​ដែរ​ បុន្តែ​ ខ្ញុំ​មិន​ដែល​ឃើញ​វា​លេច​រួប​រាង​ឡើង​ទេ។ បើ​និយាយ​ពី​ទីតាំង​វិញ​ យើង​ស្ថិត​នៅ​ជិត​ចិន​និង​រុស្ស៊ី​ជាង។ វា​ហាក់​ដូច​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​ខ្ញុំ​នៅ​ពេល​យើង​ងាក​ចេញ​ពី​អាមេរិក ហើយ​ទៅ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ចិន​និង​រុស្ស៊ី។ តាម​ប្រវត្តិសាស្ត្រ​ ពួក​គេ​គឺ​ជា​ប្រភេទ​មនុស្ស​អាក្រក់»។

គម្រោង​ទាំង​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បេសកកម្ម​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ដឹក​មុខ​ដោយ​ក្រុង​ប៉េកាំង​ និង​យុទ្ធសាស្ត្រ​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»​ របស់​ជន​ជាតិ​ចិន​ ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​នៅ​អាស៊ី​ផ្សេង​ទៀត​ ដែល​ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​ផ្តល់​នូវ​កុងត្រា​សម្រាប់​ក្រុមហ៊ុន​ចិន​ប្រឈម​មុខ​នឹង​កំណើន​សេដ្ឋកិច្ច​យឺត​ នៅ​ក្នុង​ប្រទេស​ចិន​ទៅ​វិញ។ ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចំនួន​៤៩​នៃ​យុទ្ធសាស្ត្រ​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»​ បាន​កើន​ឡើង​ដល់​ទៅ​១៤,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

លោក Duterte និយាយ​ថា​ លោក​សម្លឹង​មើល​ឃើញ​សម្ព័ន្ធ​មិត្ត​សម្រាប់​ជំនួញ​ និង​កិច្ច​សន្យា​ជួល​ដី​រយៈ​ពេល​វែង​ សម្រាប់​ប្រទេស​ចិន​ និង​រុស្ស៊ី។ នៅ​មុន​ពេល​លោក​ចូល​កាន់​តំណែង​ លោក​ប្រធានាធិបតី​បាន​គូស​បញ្ជាក់​ថា​ លោក​អាច​នឹង​ទាក់​ទាញ​ប្រយោជន៍​ពី​ប្រទេស​ចិន​ដោយ​ការ​សាង​សង់​ប្រព័ន្ធ​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ក្នុង​អំឡុង​ពេល​ប្រាំមួយ​ឆ្នាំ​នៃ​អាណត្តិ​របស់​លោក។

ប្រទេស​ហ្វីលីពីន​មាន​ការ​លំបាក​ក្នុង​ការ​ពុះពារ​ដើម្បី​យក​ជ័យ​ជម្នះ​ផ្នែក​វិនិយោគ​ទុន​ក្រៅ​ប្រទេស​ មួយ​ផ្នែក​ដោយ​សារ​តែ​ការ​ខ្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ។ កំពង់​ផែ​សមុទ្រ​នៅ​ទីក្រុង​ម៉ានីល​ បាន​កក​ស្ទះ ការ​ខ្វះ​ភ្លើង​អគ្គិសនី​នៅ​តំបន់​ជនបទ​នានា​ ហើយ​សេវា​អ៊ីនធឺណិត​វិញ​គឺ​មាន​ដោយ​កន្លែង។ កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​រហូត​ដល់​ទៅ​៥​ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ដើម្បី​កសាង​គម្រោង​ដែល​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ហូរ​ចូល​នៃ​រោង​ចក្រ​ដែល​វិនិយោគ​ដោយ​បរទេស។

គុណ​តម្លៃ​របស់​រុស្ស៊ី

ក្រុម​អ្នក​វិភាគ​ជឿ​ថា​ ការ​គាំទ្រ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ហ្វីលីពីន​ អាច​នាំ​មក​ជាមួយ​នូវ​ជំនួយ​សម្រាប់​កិច្ច​ការ​ពារ​ប្រទេស​ ឬ​ក៏អាច​ជា​ជំហរ​រឹងមាំ​ ប្រសិន​បើ​លោក​ Duterte ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។ គេហទំព័រ​ដែល​ផ្ទុក​ទិន្នន័យ​មួយ​ឈ្មោះ​ថា​ globalfirepower.com ​បាន​ដាក់​ចំណាត់​ថ្នាក់​យោធា​របស់​រុស្ស៊ី​ថា​ជា​យោធា​ដែល​មាន​ឥទ្ធិពល​ទី​ពីរ​របស់​ពិភព​លោក​ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក។

លោក​ Duterte បាន​ថ្លែង​នៅ​ឯ​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ី​ខាង​កើត​ នៅ​ក្នុង​ប្រទេស​ឡាវ​ កាល​ពី​ខែ​មុន​ថា​ លោក​បាន​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក ​Dmitry Mevedev​ «ជួយ​សម្រាប់​រឿង​គ្រប់​យ៉ាង​ ដូច​ជា​ការ​ធ្វើ​ជំនួញ​និង​ពាណិជ្ជកម្ម»។

លោក​ Baker​ និយាយ​ថា​ លោក​ប្រធានាធិបតី​ហ្វីលីពីន​កំពុង​ស្វែង​រក​គោល​នយោបាយ​ការទូត​ដែល​កាន់​តែ​មាន​ឯករាជ្យភាព​ជាង​មុន​ ដោយ​ការ​ពង្រីក​កិច្ចការ​ទូត​ទៅ​កាន់​ប្រទេស​ចិន​ និង​រុស្ស៊ី។

ការ​ព្រួយ​បារម្ភ​របស់​អាមេរិក

លោក​ Duterte ក៏​បាន​និយាយ​ដែរ​ថា​ ប្រទេស​ហ្វីលីពីន​នឹង​ឈប់​ធ្វើការ​ជាមួយ​ទាហាន​ជើង​ទឹក​អា​មេរិក​ ក្នុង​ការ​ល្បាត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​សមយុទ្ធ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ កាល​ពី​ខែ​មុន​ លោក​ក៏​បាន​សុំ​ឲ្យ​ទីប្រឹក្សា​យោធា​អាមេរិក​ចាក​ចេញ​ពី​កោះ​ Mindanao ដែល​ជា​កោះ​នៅ​ភាគ​ខាង​ត្បូង​របស់​ហ្វីលីពីន​ និង​ជា​ទី​ដែល​កង​កម្លាំង​ហ្វីលីពីន​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​ក្រុម​បះបោរ​មូស្លីម​ចាប់​តាំង​ពី​ខែ​កក្កដា​មក។

ទីប្រឹក្សា​យោធា​របស់​អាមេរិក​ បាន​បោះ​មូលដ្ឋាន​នៅ​កោះ​ Mindanao អស់​រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប្រជា​ជន​ហ្វីលីពីន​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​ថា វត្តមាន​របស់​យោធា​អាមេរិក​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្រុម​បះបោរ​មូស្លីម​កាន់​តែ​មាន​កំហឹង​ និង​ធ្វើ​ឲ្យ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​មាន​ភាព​ស្មុគស្មាញ។ សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើ​ឲ្យ​លោក Duterte ធុញទ្រាន់​ដោយ​សារ​ការ​លើក​សំណួរ​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញ​គ្រឿង​ញៀន។

ក្រុម​មន្ត្រី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ហ្វីលីពីន​មិន​ទាន់​បាន​ប្រែប្រួល​ជា​ធរមាន​នៅ​ឡើយ​ទេ ប៉ុន្តែ​ ក្រុម​សមាជិក​សភា​ជាន់ខ្ពស់​ និង​ក្រុម​អ្នក​ការទូត​អាមេរិក​ បាន​លើក​ទង់​ក្រហម​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួន​កាល​ពី​សប្តាហ៍​មុន​ អំពី​អ្វី​នឹង​កើត​មាន​បន្ត​ទៀត។

លោក​ Jay Batongbacal នាយក​វិទ្យាស្ថាន​កិច្ចការ​សមុទ្រ​ និង​ច្បាប់​សមុទ្រ​ នៅ​សកល​វិទ្យាល័យ University of the Philippines​ និយាយ​ថា ប្រជាជន​ហ្វីលីពីន​ ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​តែ​គាំទ្រ​ជំនួយ​យោធា​របស់​អាមេរិក ជា​ពិសេស​ចំពោះ​ការ​ល្បាត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រធានាធិបតី​ដែល​កាន់​តំណែង​មុន​លោក​ Duterte គឺ​លោក​ Benigno Aquino បាន​ប្តឹង​ប្រឆាំង​នឹង​ប្រទេស​ចិន​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ ដែល​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ខែ​កក្កដា​ថា​ ទីក្រុង​ប៉េកាំង​មិន​មាន​សិទ្ធិ​ផ្លូវ​ច្បាប់​ក្នុង​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​រហូត​ដល់​ទៅ៩៥​ភាគ​រយ បូក​រួម​ទាំង​ផ្ទៃ​ទឹក​ដែល​នៅ​មិន​ឆ្ងាយ​ពី​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន​ផង​ដែរ។

លោក ​Batongbacal ​និយាយ​ថា៖ «កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ ដើរ​តួនាទី​យ៉ាង​សំខាន់​នា​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ ចាប់​តាំង​ពី​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​ចាប់​ផ្ដើម។ នៅ​ពេល​និយាយ​ដល់​ប្រតិបត្តិការ​សន្តិសុខ​នៅ​ក្រៅ​ប្រទេស​ ខ្ញុំគិត​ថា​ ប្រជាជន​ហ្វីលីពីន​ភាគ​ច្រើន​ ចង់​បាន​អាមេរិក​ធ្វើ​ជា​ដៃគូ​ដែល​ស្មើ​ភាព​គ្នា»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG