ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក សម្តែង​នូវ​ក្តីបារម្ភ​ចំពោះ​ការត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា


រូបឯកសារ៖ ប្រជាពលរដ្ឋ​ប្រើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ នៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ប្រជាពលរដ្ឋ​ប្រើ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ នៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក ​បាន​សម្តែង​នូវ​ក្តី​បារម្ភ​អំពី​ចំណាត់ការ​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​ច្រក​អ៊ីនធឺណិត​ជាតិ​មួយ ​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា នឹង​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​អំណាច​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​ឈ្លប​មើល​និង​ចាប់​ពិរុទ្ធ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​នេះ។

អ្នក​ស្រី Jalina Porter អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​លើក​តម្កើង​សេរីភាព​នៃ​ការបញ្ចេញ​មតិ​តាម​អ៊ីនធឺណិត ជា​ផ្នែក​នៃ​គោល​នយោបាយ​ដ៏​សំខាន់​របស់​ខ្លួន ហើយ​អ្នកស្រី​បាន​សម្តែង​នូវ​ក្តី​កង្វល់​អំពី​ផល​ប៉ះពាល់​នៃ​វិធានការ​របស់​កម្ពុជានេះ​ ទៅ​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។

អ្នកស្រី​បាន​និយាយ​ទៀត​ថា៖ «យើង​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យ៉ាង​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ហើយ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួក​គេ​អាច​និយាយ​ការ​ពិត​ទៅ​កាន់​ក្រុម​គ្រួសារនិង​មិត្តភក្តិ​ ​ហើយ​នឹង​សាច់​ញាតិ​របស់ពួក​គេ ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ទាំងអស់ប្តូរចរាចរណ៍សេវាកម្ម​របស់​ខ្លួន​ឱ្យ​មក​ឆ្លង​កាត់តាមច្រក​អ៊ីនធឺណិត​ជាតិ (NIG) វិញ នៅ​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ។

រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន បាន​បញ្ជាក់​ថា បទ​បញ្ជា​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា​ និង​ការ​ត្រួតត្រា​ខ្លឹមសារ​ដែល​អាច​ប៉ះពាល់​ដល់ «សន្តិសុខ​ជាតិ​និង​សណ្តាប់​ធ្នាប់​សង្គម»។

ក៏ប៉ុន្តែ អ្នក​រិះគន់​និយាយ​ថា ចំណាត់ការ​នេះ​ នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​អំណាច​ត្រួតត្រា​កាន់តែ​ខ្លាំងលើ​លំហូរ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សមត្ថភាព​ដើម្បី​បិទ​ខ្ទប់​ខ្លឹមសារព័ត៌មាន​និង​គេហទំព័រ​នានា

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​ពេល​ឆាប់ៗ​នេះ ​នឹង​បញ្ចេញ​របាយការណ៍​ស្តីពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ២០២០។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​កាល​ពីឆ្នាំ​២០១៩​របស់​ខ្លួន ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​លើក​ឡើងពី​អង្គភាព​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​ពិភាក្សា​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ជាក់​ថា៖ «៣​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​រាំង​ខ្ទប់​គេហទំព័រ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន»។

ក្រុម​អ្នក​រិះគន់ ​បាន​ចោទប្រកាន់​កម្ពុជា​ពី​ការ​យក​លំនាំ​ការ​គ្រប់គ្រង​ប្រព័ន្ធអ៊ីនធឺណិត​របស់​ខ្លួន​តាមប្រទេស​ចិន។ អាជ្ញាធរ​ចិន ​បាន​រក្សាប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ស្រុក​ឱ្យ​ស្ថិត​នៅ​ពី​ក្រោយ​ជញ្ជាំង​ការពារ​អ៊ីនធឺណិត (firewall) ដ៏​ធំ​មួយរបស់​រដ្ឋាភិបាល។​

លោក Phil Robertson ដែល​ជា​អនុប្រធាន​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា៖ «លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សេរីភាព​អ៊ីនធឺណិត​និង​ពាណិជ្ជកម្ម​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​ពង្រីក​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​កម្ពុជា»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា បទបញ្ជា​ច្រក​អ៊ីនធឺណិត​ជាតិ (NIG) នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់ប្រព័ន្ធ​ចាប់ពិរុទ្ធខ្លឹមសារ​តាម​លំនាំ​ចិន ដោយ​បាន​បញ្ជាក់​ថា ការ​ចោទប្រកាន់​បែប​នេះ​ជា​«ការ​គ្មាន​មូលដ្ឋាន​និង​មានហេតុផល​ខាង​នយោបាយ»។ ក្រសួង​នោះ​បាន​បញ្ជាក់​ទៀត​ថា ច្បាប់​ថ្មី​នោះ នឹង​ត្រូវ​ព្រាង​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ការពារ​ទិន្នន័យ​ឯកជនភាព៕

ប្រែសម្រួល​ដោយលោក​ ជឹង ប៉ូជីន

XS
SM
MD
LG