ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​របស់​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា​ជា​ឧបករណ៍​គាប​សង្កត់


រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​រិះគន់​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​របស់​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​នេះ ដោយ​បាន​និយាយ​ថា វា​នឹង​ក្លាយជា​ឧបករណ៍​ថ្មី​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ការ​គាប​សង្កត់​លើ​ក្រុម​ប្រឆាំង។ ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​អ៊ិនធឺណិត​ទាំងអស់។

លោក Phil Robertson នាយក​រង​អង្គការ​សិទិ្ធ​មនុស្ស Human Rights Watch ប្រចាំ​ទ្វីប​អាស៊ី បាន​និយាយ​ថា៖ «លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​វាយ​ប្រហារ​ដ៏​គ្រោះថ្នាក់​ប្រឆាំង​នឹង​សេរីភាព​អ៊ីនធឺណិត​និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា តាម​រយៈ​ការ​ពង្រីក​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត»។

លោក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​របស់​កម្ពុជា​នេះ​គឺ​ជា​ឧបករណ៍​ដែល​មិន​ទាន់​មាន​កន្លង​មក​របស់​រដ្ឋាភិបាល​សម្រាប់​ការ​បង្ក្រាប​តាម​អ៊ីនធឺណិត»។

ចំណែក​ឯ​អ្នកស្រី Emerlynne Gil ដែលជា​អនុ​ប្រធាន​ប្រចាំ​តំបន់​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International វិញ បាន​ហៅ​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​ថា​ជា «គ្រោះ​មហន្តរាយ​សម្រាប់​សិទ្ធិ​មនុស្ស»។

អនុក្រឹត្យ​មួយ​កម្រាស់ ១១ ទំព័រ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ធ្វើការ​រៀបចំ​សេវា​របស់​ពួកគេ​ឡើង​វិញ​ តាម​រយៈ​ការ​បញ្ជូន​សេវា​របស់​ពួកគេ​តាម​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ក្នុង​រយៈពេល ១២ ខែ​ខាង​មុខ គឺ​មុន​ខែ​កុម្ភៈ ឆ្នាំ ២០២២។

ច្រក​ទ្វារ​អ៊ីនធឺណិត​នេះ​ស្រដៀង​ទៅ​នឹង​ច្រក​ទ្វារ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​ដែរ។

អនុក្រឹត្យ​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​បំពេញ​បែបបទ​តាម​អនឡាញ​ដោយ​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ។

អនុក្រឹត្យ​នេះ​បាន​បន្ថែម​ថា ប្រសិនបើ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​មិន​បាន​ភ្ជាប់​បណ្ដាញ​របស់​ខ្លួន​ជាមួយ​នឹង​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​ទេ នោះ​អាជ្ញាបណ្ណ​អាជីវកម្ម​របស់​ពួកគេ​នឹង​ត្រូវ​ផ្អាក ហើយ​គណនី​ធនាគារ​នឹង​ត្រូវ​បង្កក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា អនុក្រឹត្យ​នេះ​គឺជា​ការ​ចាំបាច់​ដោយ​ហេតុ​ថា​ នៅ​កម្ពុជា​មិន​ទាន់​មាន​បទ​បញ្ជា​អ៊ីនធឺណិត​នៅ​ឡើយ។ លោក​បាន​បន្ថែម​ថា វា​មិន​សូវ​តឹងតែង​ដូច​ទៅ​នឹង​បទប្បញ្ញត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​នោះ​ទេ៕

XS
SM
MD
LG