ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បដិសេធ​ការ​លើក​ឡើង​ថា ​ច្បាប់​ថ្មី​បង្កើត​ការ​គ្រប់គ្រង​អ៊ីនធឺណិត​តាម​បែបចិន


រូបឯកសារ៖ ស្ត្រីវ័យក្មេងពីរនាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​កម្ពុជាបាន​បដិសេធកាលពី​ថ្ងៃសុក្រ​នូវ​ការចោទ​ប្រកាន់​ដែល​ថា ​ច្បាប់ថ្មី​គ្រប់គ្រង​ច្រក​អ៊ីនធឺណិត​ជាតិ​ នឹង​នាំឱ្យ​មាន​ការឃ្លាំមើល​និង​ត្រួត​ពិនិត្យ​តាមបែប​ចិន​ ដោយ​បន្ថែម​ថា ​ឆាប់ៗ​នេះ​ ខ្លួន​នឹង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​បន្ទាប់​ពី​មាន​ការប្រឆាំង​ជំទាស់​អនុក្រឹត្យចេញ​នៅ​សប្តាហ៍​នេះ​ ដែល​តម្រូវឱ្យ​ចរាចរណ៍​អ៊ីនធឺណិត​ទាំងអស់ ​ត្រូវឆ្លង​កាត់​ច្រក​ជាតិ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​

សេចក្តី​ថ្លែងការណ៍និយាយ​ថា៖​ «ការចោទ​ប្រកាន់​ទាក់ទង​នឹង​ការបង្កើត​ច្រក​អ៊ីនធឺណិត​ជាតិ​ គឺ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ​និងបម្រើ​នយោបាយ​មិនពិត​ និង​ផ្ទុយ​ទៅនឹង​គោល​បំណង ​ដែលមាន​ចែងនៅ​ក្នុង​អនុក្រឹត្យ។​ ក្រសួងសូម​បញ្ជាក់ជា​ថ្មី​ថា ​ក្នុង​អនុក្រឹត្យ​គ្មាន​បទ​ប្បញ្ញត្តិ​ផ្តល់​សិទ្ធិ​ដល់​ការប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ និង​ការរឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​ទេ»។​

ក្រុម​អ្នករិះគន់​បាន​និយាយ​ថា ​លោក ​ហ៊ុន សែន​ មេដឹកនាំ​កម្ពុជា​ដ៏យូរ​ អាច​ប្រើច្បាប់​ដូច​ច្បាប់​អ៊ីនធឺណិត​តឹងតែង​របស់​ប្រទេស​ចិន​ ដើម្បី​រារាំង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ខាងលិច ​រួមមាន​Twitter​ Facebook ​និង YouTube ​និង​ត្រួតពិនិត្យខ្លឹមសារ​ដែល​អាច​ប៉ះពាល់គណបក្ស​កុម្មុយនីស្ត​ដែល​កំពុង​កាន់អំណាច។​

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ប្រទេស​ភាគច្រើន​មាន​ច្រក​អ៊ីនធឺណិត​ ហើយ​ច្បាប់​ថ្មី​ត្រូវ​បាន​អនុម័ត ​បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ និង​ប្រតិបត្តិករ​ទូរគមនាគមន៍​ឯកជន។​

ច្រក​អ៊ីនធឺណិត​ថ្មី​កើតឡើង​ នៅពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ប្រឈម​នឹង​ការរិះគន់​ពី​អន្តរជាតិ​ ទាក់ទង​នឹង​ការបង្ក្រាប​ដែលបាន​ធ្វើលើសង្គម​ស៊ីវិល ​និង​ក្រុម​នយោបាយ​ប្រឆាំង ហើយ​ផ្តល់​អំណាច​ផ្តាច់មុខ​សម្រាប់​គណបក្ស​របស់​លោក ​និង​ព្រមទាំង​មាន​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ និង​ការចាប់​គូប្រជែង​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG