ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​បោះចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត


រូបឯកសារ៖ បុរសម្នាក់កំពុងប្រើប្រព័ន្ធអ៊ីនធឺណិតដើម្បីចូលក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១១។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក នៅថ្ងៃ​សុក្រ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ «បោះ​ចោល​ជា​បន្ទាន់» ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស​មួយ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ នឹង​ក្លាយ​ជា​ឧបករណ៍​គំរាមកំហែង​សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ​និង​ការ​សម្តែង​មតិ​តាម​បណ្តាញ​សង្គម​ដោយ​សេរី។

ក្នុង​សេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ព្រម​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​សារគមនាគមន៍​នានា ​ដែល​កំពុង​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ទាមទារឲ្យ​មាន​ការ​បោះបង់​ចោល​សេចក្តីព្រាង​ច្បាប់​នេះ​ផងដែរ។

លោក Brad Adams​ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អ៊ួត​តាំង​ពី​យូរ​ណាស់​មក​ហើយ​អំពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​ និង​ការ​ឆ្លងឆ្លើយ​អ៊ីមែល​របស់​អ្នក​ដទៃ ហើយ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​តាក់តែង​ឡើង​នេះ នឹង​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​បន្ថែម​ទៀត»។

សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ បាន​រង​ការ​រិះ​គន់​ជាច្រើន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ ដោយ​សារ​តែ​បញ្ញត្តិ​នៃ​ច្បាប់​នេះ មាន​ភាព​ស្រពិចស្រពិល​និង​ទូលំទូលាយ​ពេក និងទុក​លទ្ធភាព​និង​ផ្តល់​អំណាច​កាន់​តែ​ច្រើន​ឡើងដល់​រដ្ឋាភិបាល​ ក្នុង​ការ​កាត់ទោស​អ្នក​តិះទៀន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

កន្លង​មក ​មន្ត្រី​រដ្ឋាភិបាល​បានអះអាងប្រាប់​វីអូអេ​ថា​ សេចក្តីព្រាង​ច្បាប់​នេះមិន​ប៉ះពាល់​ដល់​សិទ្ធិ​ស៊ីវិល​នោះ​ទេ ប្រសិន​បើ​ជន​នោះ​មិន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ។​

អង្គការ Human Rights Watch ដែល​អះអាង​ថា ​ខ្លួន​បាន​ទទួលសេចក្តីព្រាងច្បាប់​នេះជា​កំណែ​ទី​៣​ ចុះ​ថ្ងៃ​ទី​៤ ​ខែ​សីហា ​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ការ​ផ្តល់​យោបល់​ឯកជន​ពី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​បាន​ចែក​រំលែក​សេចក្តីព្រាងច្បាប់​នេះ​ដល់​សាធារណជន ​ឬ​បាន​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គមស៊ីវិល​ឡើយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG