ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស៖ ​រដ្ឋាភិបាល​​កាន់​តែ​មាន​អំណាច​ច្រើន​​គ្រប់គ្រង​អ៊ីនធឺណិត ក្រោយ​បង្កើត​អនុក្រឹត្យ​ចម្រូង​ចម្រាស​មួយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

អង្គការ​សមាគម​និង​បណ្តាញ​សហគមន៍​ជាង ​៤០ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​អនុក្រឹត្យមួយ​ស្តី​ពី«​ការ​បង្កើត​ច្រក​ទ្វា​អ៊ីនធឺណិត​ថ្នាក់​ជាតិ» ដោយ​ពួកគេមើល​ឃើញ​ថា​ ជា​ការ​ផ្តល់​អំណាច​កាន់​តែ​ច្រើន​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​អ៊ីនធឺណិត និង​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ។

ក្រុម​សិទ្ធិ​មនុស្ស​ទាំង​នោះ​ រួមមាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​អាក់​សិន​អេត​កម្ពុជា វិទ្យា​ស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ជាដើម។

អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍ ហើយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១។ អនុក្រឹត្យ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​រដ្ឋាភិបាល និង​ផ្តល់​ការ​សហការ​ ក្នុង​ការ​ចូល​រួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​សិទ្ធិ​មនុស្ស​ ចុះ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ បញ្ជាក់​ថា៖ «អនុក្រឹត្យ​នេះ​បាន​បំពាន​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ដោយ​បំពាន​មក​លើ​សិទ្ធិ​តាម​បណ្តាញ​អ៊ីនធឺណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន​និង​សិទ្ធិ​ឯកជន​ភាព»។

ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​រិះគន់​អនុក្រឹត្យ​នេះ​ថា​នឹង​ «​សម្រប​សម្រួល​ឲ្យ​មាន​ការ​ឃ្លាំ​មើល​និង​តាម​ដាន​សកម្មភាព​តាម​អ៊ីនធឺណិត ផ្តល់​សិទ្ធិ​អំណាច​ដល់​ការ​តាម​ដាន និង​ការ​ត្រួត​ពិនិត្យ​ការ​ប្រាស្រ័យទាក់​ទង​តាម​ប្រព័ន្ធ​ឌីជីថល និង​ជួយ​ដល់​ការ​ប្រមូល រក្សា​ទុកនិង​ចែក​រំលែក​ទិន្នន័យផ្ទាល់​ខ្លួន ដែល​ជា​មូល​ដ្ឋាន ​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​ឯក​ជន​ភាព សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន»។

ពួកគេ​បញ្ជាក់​ថា ​អនុក្រឹត្យ​នេះ បូក​រួម​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​ផ្សេង​ទៀត ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ឯកសារ​គតិយុត្តិ​ផ្សេងៗ​ទៀត នឹង​ផ្តល់​អំណាច​កាន់​តែ​ច្រើនឡើងៗ​ដល់​រដ្ឋាភិបាល ដើម្បី​ប្រើ​ប្រាស់​អ៊ីន​ធឺណិត «ជា​ឧបករណ៍​បង្រ្កាប​និង​រារាំង​ដល់​សក្តានុ​ពល​របស់​អ៊ីនធឺណិត ដែល​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន»។

ពួកគេ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​តម្រូវ​ឲ្យ​ផ្តល់​ព័ត៌​មាន​ដល់​រដ្ឋាភិបាល តាម​អនុក្រឹត្យ​ដែល​ពួកគេ​ថា​ជា​ការ​ចែង​មិន​ច្បាស់ ដោយ​អាចនាំ​ឲ្យ​រដ្ឋាភិបាល​អាច​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ការ​ចូល​មើល​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​ណា​មួយ ​តាម​ការ​ចង់​បាន។

រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទស្មាតហ្វូន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

លោកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ​ការ​បង្កើត​អនុក្រឹត្យ​ចម្រូង​ចម្រាស​ថ្មី​នេះ ជា​ «របត់​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​បន្ថែម​ទៀត» ហើយ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​មិន​ច្បាស់ ដូច​ជា​ប៉ះពាល់​សន្តិសុខ​សង្គម ប្រពៃណី​វប្បធម៌​ជា​ដើម «ត្រូវ​បាន​ប្រើប្រាស់​ជាញឹក​ញាប់» នៅ​ក្នុង​ការ​បង្កើត​ច្បាប់ និង​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ។

លោកស្រី​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោកស្រី​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះថា​៖ «រដ្ឋា​ភិបាល​ជា​ច្រើ​ន​មាន​ការ​ខ្វាយ​ខ្វល់ មាន​ការ​យល់​ថា​នោះ គឺ​ជា​ឧបសគ្គ​នូវ​ការ​រក្សា​អំណាច​របស់​ខ្លួន ជា​ជាង​ការ​យល់​ថា នៅ​ពេល​ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ វា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​អភិបាល​កិច្ច ហើយ​និង​គណ​នេយ្យ​ភាព​នៅ​ក្នុង​សង្គម»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១​ នេះ ក្រសួង​ប្រៃសណីយ៍​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស ដោយ​ថា ​«គ្មាន​មូលដ្ឋាន មាន​ចរិត​នយោ​បាយ ផ្ទុយ​នឹង​ការ​ពិត ហើយ​ខុស​ពី​គោល​បំណង​ ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ»។

ក្រសួង​បន្ត​ថា ​មុន​នឹង​ការ​សម្រេច​អនុក្រឹត្យ​នេះ ក្រសួង​បាន​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ ប្រតិបត្តិ​ករ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ «ជា​ច្រើន​លើក»។

ក្រសួង​បាន​ពន្យល់​បន្ថែម​ថា​ ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិនេះ ក៏​នឹង​ជួយទប់​ស្កាត់​ការ​លួច​ត​ភ្ជាប់​បណ្តាញ​ឆ្លង​ដែន​ខុស​ច្បាប់ ល្បែង​ស៊ី​សង​អន​ឡាញខុស​ច្បាប់ ការគំរាម​កំហែង​តាម​អ៊ីនធឺណិត រូប​ភាព​អាសអាភាស និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ដើម។

កាល​ពីខែ​កក្កដា ឆ្នាំ​២០១៨ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក​មាន​មធ្យោ​បាយ​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​នានា ដើម្បី​ចាប់​ទី​តាំង​ស្នាក់​នៅ​របស់​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល។

លោក​ថ្លែង​កាល​នោះ​ថា៖ «ហើយ​អាយុទ្ធនាការ​ហ្វេស​ប៊ុក ដំឡើង​ម៉ាស៊ីន​ទាំង​អ​ស់ ដើម្បី​ចាប់​Location​(ទីតាំង) អ្ហែង​បង្ហោះ​ចេញ​ពី​កន្លែង​ណា។ ចាប់​ទាំង​អស់ ព្រោះ​យើង​មាន​មធ្យោបាយ ដើម្បី​នឹង​ធ្វើ​ទៅ»។

ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ឯកជន​រក​ស៊ី​ខាង​អ៊ីនធឺណិត​ផង​ដែរ។

លោកស្រី​ សុខ ចាន់ដា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​មេគង្គ​ណេត (Mekong Net)​ ប្រាប់​ VOA ​ថា ​ក្រុមហ៊ុន​របស់​លោកស្រី និង​ក្រុម​ហ៊ុនផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ផ្សេង​ទៀត បាន​ជួប​ជាមួយ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍​កាល​ពី​ឆ្នាំ​មុន ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ ហើយ​ពួកគេ​ក៏​បាន​លើក​ឡើង​អំពីក្តី​បារម្ភ​ទាក់ទង​នឹង​ការ​តភ្ជាប់ទៅ​បណ្តាញ​របស់​រដ្ឋ ដែល​អាច​នាំ​ឲ្យ​ពួកគេ​ត្រូវ​បោះ​បង់​ចោល​បណ្តាញ​ ដែល​មាន​ស្រាប់​ដែល​ត​ភ្ជាប់​ពី​ប្រទេស​នានា ដូច​ជា​វៀតណាម និង​ថៃ។

លោកស្រី​ក៏​មាន​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​ ទាក់ទង​នឹង​ហានិភ័យ​ដាច់​អ៊ីនធឺណិត ​ដោយ​សារ​តែ​មាន​តែ​មួយ​ច្រក គឺ​ចេញ​ពី​រដ្ឋ។

លោកស្រី​ប្រាប់​ VOA ​ថា៖ «ដូច​ជា​យើង​ផ្តល់​យោ​បល់ យើង raise concerns​ [លើកការព្រួយ​បារម្ភ] របស់​យើង ក៏​ប៉ុន្តែខាង​ក្រសួង​ក៏​អត់​ទាន់​បក​មក​ខាង​ខ្ញុំ ​ឬ ​ISP [អ្នក​ផ្គត់ផ្គង់សេវា​អ៊ីនធឺណិត]​ផ្សេង​ថា​ concerns ហ្នឹង ដោះស្រាយ​របៀបម៉េច? ទីពីរ​ខ្ញុំ​ concern មួយ​ទៀត ខ្លាច​ចូល​មក​កន្លែង​តែ​មួយ ដូច​របៀប​ដូច​ថា​ដាច់ៗ​ទាំង​អស់​ហ្មង។ ឥឡូវ​ដាច់ ​ISP ​មួយ ដាច់​មួយ​ link [បណ្តាញ] នៅ​សល់មួយ ​link»។

ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​សិទ្ធិ​មនុស្ស​អំពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​និង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព លោកស្រី​សុំ​មិន​អត្ថាធិប្បាយ ប៉ុន្តែ​លោកស្រី​ថា​ លោកស្រី​គោរព​តាម​ច្បាប់​របស់​ប្រទេស។

លោកស្រី​បញ្ជាក់​ថា៖ «ជួនណា យើង​គិត​ថា​អាហ្នឹង​ប៉ះ​ពាល់​យើង ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​បង​អញ្ចឹង យើង​មិន​អាច​អត់​ follow [អនុវត្ត] ​ច្បាប់»។

លោកស្រី​បង្ហាញ​ក្តីសង្ឃឹម​ថា​រ ដ្ឋ​នឹង​មាន​វិធី​ «សម្រួល​»​ សម្រាប់​ការ​តភ្ជាប់ ហើយលោកស្រី​មិន​ទាន់​ដឹង​ថា​ ក្រសួង​មាន​គម្រោង​បែប​ម៉េច​ទៀត ក្រោយ​បង្កើត​អនុក្រឹត្យ​មួយ​នេះ៕

XS
SM
MD
LG