ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ស្វាគមន៍​ការ​បដិសេធ​របស់​កម្ពុជា​រឿង​មូលដ្ឋាន​យោធាចិន


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (ស្តាំ) ជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុង បាងកក ប្រទេស ថៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (Jonathan Ernst/AP)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (ស្តាំ) ជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុង បាងកក ប្រទេស ថៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (Jonathan Ernst/AP)

លោក អៀ សុផល ថ្លែង​ថា៖ «ខ្ញុំគិត​ថា​លោក​រដ្ឋមន្ត្រី​ការបរទេស​ជឿថា​ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា ​គឺជា រឿង​ច្បាស់​លាស់​ តែបាន​ចាប់​ឲ្យ​អាជ្ញាធរ​កម្ពុជា​ប្តូរផ្តាច់​ចំពោះ​ការ​បដិសេធ​របស់​គេ ដោយ​ត្រង់ៗ»។

សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​បដិសេធ​របស់​កម្ពុជា​រឿង​មូលដ្ឋាន​យោធា​ចិន​ក្រោយ ពេល​ដែល​កម្ពុជា​ច្រាន​ចោល​របាយការណ៍​អំពី​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ក្នុង​ឈូង សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក Michael Pompeo​ ស្វាគមន៍​ចំពោះ​ការ​បដិសេធ​របស់​កម្ពុជា​ចំពោះ​ព័ត៌មាន​ស្តី​អំពី​មូលដ្ឋាន​យោធា​កងទ័ព​ចិន​ដាក់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​កម្ពុជា ​ដោយ​បាន​កោត​សរសើរ​ចំពោះ​ការ​ប្តេជ្ញា​ការពារ​បូរណភាព​ដែនដី។ ​លោក Michael Pompeo ​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុងទីក្រុ​ង បាង​កក​ ប្រទេស​ថៃ ថា៖

«ខ្ញុំ​ចង់​ថ្លែង​បញ្ជាក់​រឿង​រ៉ាវ​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាមេរិក អាស៊ាន។ ​ប្រទេស​កម្ពុជា​បាន​បដិសេធ​របាយ​ការណ៍​ដែល​ថា​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន មូលដ្ឋាន​យោធា​ចិន​បង្កើត​ឡើង​នៅ​លើ​ទឹកដី​របស់​ខ្លួន។​ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ការពារ​ អធិបតេយ្យ​ភាព(បូរណភាព​ដែនដី​)ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​ ហើយ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀតក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា‍»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា ​បាន​បដិសេធ​ភ្លាមៗ​ក្រោយ​ពេល ដែល​កាសែត ​The Wall Street Journal ​បាន​ដកស្រង់​មន្ត្រី​អាមេរិក​ម្នាក់​និង​មន្ត្រី​ដែល​ធ្វើ​កិច្ចការ​នេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ ​មក​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​សម្ងាត់​មួយ​កាល​ពី​និទាឃរដូវ ​ដើម្បី​អនុញ្ញាត​ឲ្យ​កង​ទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹកកម្ពុជា​រយៈពេល​៣០ឆ្នាំ ​ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរការ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​ក្នុង​ការ​ពិនិត្យ មើល​ពី​ឥទ្ធិពល​យោធា​នៅ​ជុំវិញ​ពិភពលោក។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​អង្គភាព​ព័ត៌មាន​ Fresh News ​មក​បញ្ជាក់​ថា ​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា។ ​លោក​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖‍‍ ‍​«គ្មាន​រឿង​បែបនេះ​កើតឡើង​នោះ​ទេ​ ព្រោះ​មូលដ្ឋាន​យោធា​បរទេស ​វា​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា‍»។​ លោក​បាន​ចោទ​ជា​សំណួរ​ដែរ​ថា តើ​កម្ពុជា​ត្រូវ​ការ​វត្តមាន​យោធា​ចិន​លើ​ទឹកដីរបស់​ខ្លួន​ដើម្បីអ្វី? ​ហើយ​បាន​ទទូច​ថា ៖‍«ល្មម​ឈប់​ប្រើ​ព័ត៌មាន​ ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​យើង​ហើយ»។

ក្រុម​មន្ត្រី​កម្ពុជា​បាន​បន្ទរ​តាម​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រីហើយ​ថា​កម្ពុជា ជា​ប្រទេស​ឯករាជ្យ ​អធិបតេយ្យ ​អព្យាក្រឹត​ មិនអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។ ​

កាលពី​ថ្ងៃ​សុក្រ​ ក្រុម​មន្ត្រី​កម្ពុជា​បាន​បើក​បង្ហាញ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ក្នុង​ឆក​សមុទ្រ​រាម​នៃ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​បញ្ចប់​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​បាន​ធ្វើ​កិច្ច​សន្យា​បើក​ដៃ​ឱ្យ​ចិន​បោះ​ទីតាំង​យោធា​ក្នុង​តំបន់​សមុទ្រ​នេះ។​

អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ជិត​៦០រូប​បាន​ចូលរួម​ក្នុង​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ដើម្បី​ទស្សនកិច្ច​ក្នុង​មូល​ដ្ឋាន​កងទ័ព​ជើងទឹក​ ​ជាអ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ជា​ ​«ការ​បង្ហាញ​ការពិត»​ដើម្បី​បញ្ចប់​ព័ត៌មាន​ក្លែងក្លាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ខ្លួន។​ មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​និង​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដែល​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ បាន​បង្ហាញ​អគារ​និង​សម្ភារៈ​សឹក​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ទ័ព​ អម​ដោយការ​ឃ្លាំមើល​ពី​មន្ត្រី​យោធា​យ៉ាង​ម៉ត់ចត់។​

នាយ​ឧត្តម​សេនីយ៍​ ​ឈុំ សុជាត​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​ដឹក​នាំក្រុម​អ្នកសារ​ព័ត៌មាន​ទស្សនកិច្ច​នៅថ្ងៃ​សុក្រ​នេះ​ ​បញ្ជាក់​ថា៖​

«ឥឡូវ​កាល​មក​ឃើញ​នេះ​វា​ច្បាស់​ជាង​និយាយ​ ​យើង​និយាយ​១០០​ដង​មិន​ស្មើ​យើង​មើល​ឃើញ​មួយ​ដង​ទេ។​ ​អ្វី​ដែល​យើង​ចង់​ឃើញ​ចង់​បាន​ ​[លោក]​ អ៊ុក សីហា​ ​គាត់​នឹង​នាំ​ទៅ។​ ​អត់មាន​អី​លាក់លៀម​ទេព្រោះ​ថ្វីត្បិត​ ទីនេះ​គឺ​ជា​តំបន់​យោធា​ការពារ​ដោយ​យោធា​មែន​ ប៉ុន្តែ​យើង​អត់មាន​អី​លាក់លៀម​ដែរ​ ទោះ​យើង​ចង់​លាក់​ក៏​មិន​ជិត​ដែរ​ ​ព្រោះ​សម័យ​ឥឡូវ​មាន ​Satellite​ [ផ្កាយរណប]​មាន​ស្អីៗ​ច្រើន​ណាស់! ​តែ​ឥឡូវ​មក មើល​ជាក់​ស្តែង»។​

លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ដំណើរ​ទស្សន​កិច្ច​ថា​កម្ពុជា​គឺ​ព្យាយាម​រក្សា​សុខ​សន្តិភាព​ ហើយ​លោក​សង្ឃឹម​ថា​ការ​បើក​បង្ហាញ​នៅ​ថ្ងៃ​នេះ​នឹង​អាច​បំបាត់​ព័ត៌មាន​ ដែល​លោក​ហៅ​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​បាន។​

«កម្ពុជា​ពេល​នេះ​ ឆ្លៀត​ឱកាស​បង្ហាញ​នូវអ្វី​ទៅ​ដែល​ហៅថាជា​តម្លាភាព​ ​ហើយ​កម្ពុជា​ទទួល​ខុស​ត្រូវ​ទាំងស្រុង​នូវ​គណនីយភាព​យើង​មិន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម​របស់​អាស៊ាន​នោះ​ទេ!​ហ្អេ​នេះ​ ខ្ញុំ​សូម​ជំរាប​ជូន​។ ​ខ្ញុំ​ជឿ​ជាក់​ថា​ ឱកាស​ដែល​យើង​មក​នេះ​គឺ​យើង​បាន​សម្លាប់​នូវ​ Fake News​ ​នឹង​ជាក់ស្តែង​នៅ​នឹង​កន្លែង។​ ហើយ​ខ្ញុំសូម​ជំរាប​ជូន​បង​ប្អូន​អ្នក​សារព័ត៌មាន​យើង​ទាំងអស់​ សុំ​បន្ត​បញ្ចប់​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​បណ្ឌិត​ អៀ សុផល ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា​ល័យ​ Occidental ​College ​ក្នុង​ក្រុង ​Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​កត់​សម្គាល់​ពីការ​ស្វាគមន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​Mike Pompeo ​ថា៖

«ខ្ញុំគិត​ថា​លោក​រដ្ឋមន្ត្រី​ការបរទេស​ជឿថា​ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា ​គឺជា រឿង​ច្បាស់​លាស់​ តែបាន​ចាប់​ឲ្យ​អាជ្ញាធរ​កម្ពុជា​ប្តូរផ្តាច់​ចំពោះ​ការ​បដិសេធ​របស់​គេ ដោយ​ត្រង់ៗ។ ​ប្រសិន​បើមាន​ភស្តុតាង​នៃ​សកម្មភាព​នោះ​លេច​ឡើង​បន្តជា​ការ​ពិត ពេល​នោះ​កម្ពុជា​នឹង​មិន​គ្រាន់តែ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទេ ​តែបាត់​បង់​កេរ្តិ៍ ឈ្មោះ​ទាំងអស់។​ រដ្ឋាភិបាល​កម្ពុជា​ចង់​បាន​មធ្យោបាយ​ទាំងពីរ​គឺអ្វី​ដែល​ចិន​ចង់​បាន ហើយ​បន្ត​បដិសេធ​ចំពោះ​ពិភពលោក ​នូវអ្វី​ដែល​កំពុង​កើត​មាន។ ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួល​បាន​ទាំង​ពីរ​ទេ‍»។

នៅពេល​សួរថា​តើ​ប្រទេស​អាស៊ាន​អាចនឹង​ស្តាប់ការ​អំពាវ​នាវ​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ទេ ​ដែលថា​ឲ្យប្រទេស​ទាំងនោះ​ធ្វើតាម​លំនាំ​កម្ពុជា​ក្នុង​ការ​ការពារ អធិបតេយ្យ​ភាព​ បូរណភាព​ដែនដី​របស់​ខ្លួន​ ដែលថា​គ្មាន​កងទ័ព​ចិន​នោះ​ លោក​ អៀ សុផល ​បាន​បញ្ជាក់​ថា៖

«ខ្ញុំគិត​ថា​ប្រជាជាតិ​ទាំងឡាយ​ នឹង​គិត​ពិចារណា​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ ព្យាយាម​ទាំង​ឡាយណា ​ដែល​អនុញាត​ឲ្យមាន​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី របស់​ខ្លួន។​ គេឃើញ​ប្រទេស​ឡាវ​ដែល​ជាមិត្ត​ជិតដិត​របស់​ចិន​តែវា​ជា​ប្រទេស​ដែល គ្មាន​ជាប់​សមុទ្រ ​ដូច្នេះ​នឹង​គ្មាន​តម្លៃ​ចំពោះ​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យមាន​កងទ័ព​ជើង ទឹក​ចិន​ក្នុង​ប្រទេស​ឡាវ​ដូច​ជា​កម្ពុជា​ទេ‍»។

មន្ត្រី​យោធា​ប្រទេស​ចិន​បាន​បដិសេធ​ថា​ ចិន​មិនបាន​កសាង​មូលដ្ឋាន​យោធា​ជើង​ទឹក​ចិន​ក្នុង​ប្រទេស​កម្ពុជា​ទេ ​នៅពេល​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​ពង្វាង សំណួរ​អ្នក​សារព័ត៌មាន ​ហើយ​មិនបាន​បដិសធ​នោះ៕

XS
SM
MD
LG