ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការពារ​ប្រទេស​ចិន៖ «ពុំ​មាន​ករណី​ដែល​ប្រទេស​ចិន​នឹង​បង្កើត​វត្តមាន​យោធា​នៅ​កម្ពុជា​នោះ​ទេ»


រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​របស់​ប្រទេស​ចិន លោក Wei Fenghe ថ្លែងនៅក្នុងកិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​ ឬ​ហៅថា Shangri-La Dialogue នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Feline Lim)

ក្រុមហ៊ុន​ UDG​ បាន​ទទួល​ដី​សម្បទាន​ពីរ​ដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៤៥០០០ ​ហិកតា​ក្នុង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង​ គឺ​ស្រុកបុទុម​សាគរ​ និង​គីរីសាគរ តាំង​ពី​ឆ្នាំ​ ២០០៨ ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​នេះ​ទៅ​ជា​កន្លែង​ទេសចរ​ដ៏​ធំ​មួយ​ឈ្មោះ​ថា​ «តារា​សាគរ‍»។

រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​របស់​ប្រទេស​ចិន លោក Wei Fenghe បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ចិន​នឹង​កសាង​មូលដ្ឋាន​យោធា​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង​ដែល​ជា​តំបន់​សមុទ្រ។

លោក​បាន​ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​ចូលរួម​ម្នាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​ ឬ​ហៅថា Shangri-La Dialogue ដែល​ជា​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​នៃ​ថ្នាក់​ដឹកនាំការពារ​ជាតិ​ប្រទេស​អាស៊ី។ កិច្ច​ប្រជុំ​នេះបាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី ចាប់ពីថ្ងៃទី​៣១ ខែ​ឧសភា​ ដល់​ថ្ងៃទី​២ ខែមិថុនា។

លោក​រដ្ឋមន្រ្តី​ចិន​រូបនេះ​បាន​ថ្លែង​ថា៖ «ពុំ​មាន​ករណី​ដែល​ប្រទេស​ចិន​នឹង​បង្កើត​វត្តមាន​យោធា​នៅ​កម្ពុជា​នោះ​ទេ»។ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​ចំ​ទៅ​នឹង​សំណួរ​ថា​តើ​ប្រទេស​ចិន «កំពុង​ស្វះស្វែង​រក» ឲ្យ​មាន​វត្តមាន​យោធា​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ខណៈ​ខ្លួន​កំពុង​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ចុះ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៩

ដែល​និយាយ​អំពី​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​របាយ​ការណ៍​ដែល​ថា​ ប្រទេស​ចិន​ «កំពុង​ស្វះស្វែង​ក្នុង​ការ​បង្កើត​នូវ​មូលដ្ឋាន ឬ​ក៏​វត្តមាន​យោធា​នៅ​ប្រទេស​កម្ពុជា»។

របាយការណ៍​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​វត្តមាន​យោធា​នេះ នឹង​មាន​ការ​ប្រឈម​សន្តិសុខ​ក្នុង​តំបន់ និង​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ច្បាស់​មួយ​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​កម្ពុជា។

នា​ពេល​កន្លង​ទៅ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​កម្ពុជា លោក ទៀ បាញ់ បាន​ច្រាន​ចោលព័ត៌មាន​នេះ​ជា​បន្ត​បន្ទាប់ ដោយ​ថា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​របស់​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​ថា​ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុនចិន Union Development Group (UDG) គឺ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ទេសចរណ៍​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ UDG​ បាន​ទទួល​ដី​សម្បទាន​ពីរ​ដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៤៥០០០ ​ហិកតា​ក្នុង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង​ គឺ​ស្រុកបុទុម​សាគរ​ និង​គីរីសាគរ តាំង​ពី​ឆ្នាំ​ ២០០៨ ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​នេះ​ទៅ​ជា​កន្លែង​ទេសចរ​ដ៏​ធំ​មួយ​ឈ្មោះ​ថា​ «តារា​សាគរ‍»។ គម្រោង​ធំៗ​មាន​កាស៊ីណូ សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល តំបន់​កម្សាន្ត​តាម​ឆ្នេរ ព្រលាន​យន្ត​ហោះ​ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ជា​ដើម។ គម្រោង​ដ៏​ធំ​ដែល​មាន​តម្លៃ​ ៣៨០០ ​លាន​ដុល្លារ​អាមេរិក​នេះ ក៏​បញ្ចូល​ដែន​សមុទ្រ​ខ្មែរ​ចំនួន​ ២០ភាគរយ​ផង​ដែរ។

​តំណាង​ក្រុមហ៊ុន​ UDG ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក Wang Chao អនុប្រធាន​ក្រុមហ៊ុន​ UDG ដែល​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឈ្មោះ ​Khmer Times កាល​ចុង​ឆ្នាំ​២០១៨។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​កាល​នោះ​ថា៖ «វា​មិន​ពិត​ទេ វា​មិន​ពិត​ទេ។ ខ្ញុំ​គិត​ថា​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​អ្វី​ជា​ការ​ពិត​រួច​មក​ហើយ។ យើង​ធ្វើ​ពាណិជ្ជកម្ម។ យើង​មិន​ពាក់ព័ន្ធ​នឹង​រឿង​យោធា​ឡើយ»។តាម​គម្រោង ក្រុមហ៊ុន​ UDG នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ព្រលាន​យន្ត​ហោះ​មួយដែល​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​ ៣,២០០​ ម៉ែត្រ​ និង​ទទឹង​ប្រវែង​ ៦០​ម៉ែត្រ​ នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២០​ ខាង​មុខ​នេះ។ ហើយ​បន្ទាប់​មក ក៏​នឹង​មាន​ការ​ស្ថាបនា​ផែ​ពាណិជ្ជកម្ម​ចំនួន​ពីរ​ទៀត បន្ថែម​លើ​ផែ​ទេសចរណ៍​ដែល​មាន​នៅ​ទីនោះ នេះ​បើ​យោង​តាម​លោក Wang Chao។

លោក Paul Chambers អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Naresuan នៅ​ប្រទេស​ថៃ​ បាន​ថ្លែង​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ថា​ក្រុមហ៊ុន ​UDG គឺ​ជា​បណ្តាញ​របស់​រដ្ឋ​ចិន ហើយ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង គឺដើម្បី​ពង្រីក​អំណាច​យោធា នយោបាយ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ដើម្បី​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង«​អន្ទាក់​របស់​ចិន»។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ខ្លួន​ [ចិន] គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​នូវ​ផ្នែក​មួយ​នៃ​គោល​នយោបាយ​គម្រោង BRI [គម្រោង​ខ្សែក្រវាត់​ពាណិជ្ជកម្ម​] ដែល​មាន​លក្ខណៈ​វាតទី​និយម​របស់​ចិន។ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ចិន ​មុន​ពេល​ដែល​វា​ហួស​ពេល គឺ​មុន​ពេល​កម្ពុជា​ផុង​ខ្លួន​រើ​មិន​រួច​ពី​សំណាញ់​មហិច្ឆតា​អាណានិគម​បែប​ថ្មី​របស់​ចិន​នៅ​ទូទាំង​ពិភពលោក»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG