នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុនសែននៅព្រឹកថ្ងៃចន្ទនេះបានទាមទារឲ្យសហរដ្ឋអាមេរិកបញ្ជាក់ពីគោលបំណងរបស់ខ្លួន ក្រោយពីមានសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលថា កម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកចិនតាំងមូលដ្ឋាននៅដែនសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កាសែតអាមេរិក The Wall Street Journal បានផ្សាយថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយប្រទេសចិនដើម្បីអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅទីតាំងសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ជាផ្នែកមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងមានផែនការពង្រីកមូលដ្ឋានយោធារបស់ខ្លួនក្នុងពិភពលោក។
ថ្លែងនៅក្នុងការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ«មរតកតេជោ»ដែលជាជំនួយឥតសំណងពីចិន លោកនាយករដ្ឋមន្ត្រីកម្ពុជាបានចោទជាសំណួរអំពីចេតនារបស់សហរដ្ឋអាមេរិកទាក់ទិននឹងរបាយការណ៍ដែលចេញផ្សាយដោយកាសែត The Wall Street Journal នោះ។
«តើជាវត្ថុបំណងចង់ធ្វើដូចឆ្នាំ១៩៧០ទេ?នៅក្នុងការមួលបង្កាច់បែបនេះ។ កម្ពុជានិងចិនមានហេតុមានបញ្ហាអ្វីដែលចាំបាច់ចុះហត្ថលេខាជាមួយគ្នា»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងរំឭកកាលពីឆ្នាំ១៩៧០ដែលសេនាប្រមុខលន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកបានដឹកនាំធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ។
កាលពីសប្តាហ៍មុនលោក ហ៊ុន សែន បានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដោយបានហៅសេចក្តីរាយការណ៍នោះថាគឺជា«ព័ត៌មានប្រឌិតដ៏អាក្រក់បំផុត»ប្រឆាំងកម្ពុជា។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជាយល់ឃើញថាការចោទសួរពីចេតនារបស់សហរដ្ឋអាមេរិកទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់កាសែតល្បីឈ្មោះ The Wall Street Journal មិនទទួលបានផលអ្វីនោះទេ។
«បាទ អត់បានអីទេគ្រាន់តែបដិសេធ ហើយអះអាងថា វាអត់មានអាទ័ពឬក៏មូលដ្ឋានកងទ័ពចិននៅតំបន់ឆ្នេរសមុទ្រទេបាទ»។
លោក Bradley Jensen Mury អ្នកជំនាញផ្នែកសេដ្ឋកិច្ចនយោបាយនៅសកលវិទ្យាល័យ Seattle Pacific យល់ឃើញថាការចោទជាសំណួររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទាក់ទងនឹងចេតនារបស់សហរដ្ឋអាមេរិកគឺជាការលើកឡើងពីប្រវត្តិនៃវប្បធម៌អន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងបណ្តារដ្ឋដទៃទៀតនិងក្តីបារម្ភពីការចូលអន្តរាគមន៍របស់អាមេរិកនៅកម្ពុជា។ ប៉ុន្តែក្នុងពេលនេះសហរដ្ឋអាមេរិកកំពុងស្វែងរកការពូនផ្តុំទំនាក់ទំនងជាមួយប្រទេសកម្ពុជា ជាជាងការបង្កើនជម្លោះនិងភាពតានតឹង។
លោកស្រី Emily V Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមិនធ្វើសេចក្តីអត្ថាធិប្បាយលើការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះទេ៕