ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​​យោធា​​អាមេរិក​​ថា​ ច្បាប់​​កម្ពុជា​ហាម​​​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​ ដូច្នេះ​កម្ពុជា​ត្រូវ​ពន្យល់


លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិចកាំង ថ្លែងទៅកាន់អង្គពិធីមួយនៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីដើមខែសីហាឆ្នាំ២០១៨។ (រូបថត៖ សហការី)
លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិចកាំង ថ្លែងទៅកាន់អង្គពិធីមួយនៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីដើមខែសីហាឆ្នាំ២០១៨។ (រូបថត៖ សហការី)

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ពុំ​បាន​បោះបង់​ចោល​ការ​ស្នើសុំ​ឲ្យកម្ពុជា​បក​ស្រាយ​ប្រាប់​ពលរដ្ឋ​កម្ពុជា​អំពី​ព័ត៌មាន​ដែល​និយាយ​អំពី​កងទ័ព​ជើងទឹក​ចិននៅ​លើ​ទឹកដី​កម្ពុជា​ ទោះ​កម្ពុជា​បដិសេធ​ ដោយ​សំអាង​លើ​ច្បាប់​កំពូល​របស់​កម្ពុជា​ថា មានការ​ហាម​ប្រាម​​ក្តី។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ថា គ្មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅលើ​ដែនដីកម្ពុជា​ដូចការ​ផ្សព្វផ្សាយ​របស់​កាសែត​អាមេរិក ​The Wall ​Street​ Journal​ ទេ ​ដោយសំអាង​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ​តែក្រុម​មន្ត្រី​អាមេរិក​វិញ​បាន​បញ្ជាក់​ថា ​ប្រសិន​បើច្បាប់​កម្ពុជា​ហាម​មិន​ឲ្យមាន​វត្តមាន​កងទ័ព​បរទេស​ ដូច្នេះ​កម្ពុជា​ត្រូវ​ពន្យល់​ជាសាធារណៈ ​និង​តម្លាភាព​ផង​ដែរ។​

​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ពុំ​បាន​បោះបង់​ចោល​ការ​ស្នើសុំ​ឲ្យកម្ពុជា​បក​ស្រាយ​ប្រាប់​ពលរដ្ឋ​កម្ពុជា​អំពី​ព័ត៌មាន​ដែល​និយាយ​អំពី​កងទ័ព​ជើងទឹក​ចិននៅ​លើ​ទឹកដី​កម្ពុជា​ ទោះ​កម្ពុជា​បដិសេធ​ ដោយ​សំអាង​លើ​ច្បាប់​កំពូល​របស់​កម្ពុជា​ថា មានការ​ហាម​ប្រាមក្តី។​

ថ្លែង​ប្រាប់​ VOA ​ក្រោយ​ពេល​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ការទូត​នៃ​ប្រទេស​តំបន់​ទន្លេមេគង្គ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល ​Meridian ​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ខែ​មុន​ លោក​ឧបការី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ រ៉ានដល ឆ្រៃវឺ (Randall Schriver) បានថ្លែង​នៅមុន​ពេល​កាសែត​អាមេរិក​ដ៏ល្បី​ល្បាញ​ The Wall​ Street Journal ​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យពីការ​ចុះ​ហត្ថលខា​សម្ងាត់​រវាង​ចិន​និង​កម្ពុជា​អំពី​មូលដ្ឋាន​កងទ័ព​ចិន​លើដែន​សមុទ្រ​កម្ពុជា​ថា៖

«ខ្ញុំ​សូម​បញ្ជាក់​ថា ​ជាដំបូង​រដ្ឋធម្មនុញ្ញ​កម្ពុជាហាម​ឃាត់​មូលដ្ឋាន​យោធា​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​រឿងនេះ​ជា​រឿង​ដែល​មេដឹក​នាំ​នៅ​កម្ពុជា​គឺ​លោក ​ហ៊ុន សែន​ និងមេដឹក​នាំ​ដទៃ​ទៀត​ត្រូវ​ពន្យល់​ពលរដ្ឋ​កម្ពុជា‍»។

លោក​បន្តថា ​ស.រ.អានិយាយ​នេះ​មិនមែន​មានន័យថា​ រិះគន់​ចិន​ចំពោះ​ការ​ពង្រឹង​ទំនាក់​ទំនង​ក្នុង​តំបន់​ទេ។

«ខ្ញុំគិត​ថា​ ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​គឺថា​ ចិន​អាច​ក្លាយ​ជាអ្នក​ជញ្ជក់​យក​ផល​ប្រយោជន៍​ពីការ​អភិវឌ្ឍ​គម្រោង​នេះក្នុង​ទំនាក់​ទំនង​ជា​ឯកជន ​ហើយ​ខ្ញុំ​គិតថា ​កម្ពុជា​នឹង​មាន​ភាពឆ្លាតវៃ​ក្នុង​ការ​បន្ត​ដំណើរការ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​នេះ‍»។

លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ដែរ​ទាក់​ទង​នឹង​ការជញ្ជក់​យក​ផល​ប្រយោជន៍​នេះ​ តែ​បើតាម​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ធ្លាប់​បាន​អះ​អាង​ពី​អន្ទាក់​បំណុល​របស់​ចិន​នៅក្នុង​ប្រទេស​ខ្លះ ទាំង​នៅ​អាស៊ី ​និង​អាហ្វ្រិក​ផង​ដែរ ​ដែល​បាន​ជំពាក់​បំណុល​ចិន​យ៉ាង​ច្រើន​ហើយ​ត្រូវ​ផ្ទេរ​ការ​គ្រប់គ្រង​តំបន់​សំខាន់​ខ្លះ​ដែល​មាន​ធនធាន​នានា​ដូចជា​ សេដ្ឋកិច្ច ​ឬរ៉ែ​ព្រៃឈើ​ក្នុង​ប្រទេសឲ្យ​ចិន​កាន់​កាប់​ឬ​វិនិយោគ​ពេល​គ្មាន​លុយ​សង​បំណុល​ចិន។

ប្រទេស​ចិន​ដែល​ជាម្ចាស់​ជំនួយ​ធំបង្អស់​និង​ជាអ្នក​វិនិយោគ​ធំជាង​គេបង្អស់​នៅ​កម្ពុជានៅឆ្នាំថ្មីៗ​នេះ​ បាន​រឹតចំណង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឈាន​ដល់​ទំនាក់ទំនង​ខ្ពស់​បំផុត​ហើយ​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ ​ដោយ​មាន​កិច្ចសហ​ប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ ​ឬ​គ្រប់វិស័យ​ ដែល​ហាក់​ដូចជា​ប្រជែង​ឈ្នះ​សហរដ្ឋ​អាមេរិក​ហើយ ឥទ្ធិពល​ចិន​នេះ​ធ្វើឲ្យ​មាន​ក្តី​បារម្ភ​សម្រាប់​សហរដ្ឋអាមេ​រិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​លើ​បញ្ហា​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ សន្តិសុខ​ និង​ឥទ្ធិពល​ផ្សេង​ទៀត។

​តាម​របាយ​ការណ៍​មួយ​របស់​កាសែត​ The Wall​ Street​ Journal ​បាន​រាយ​ការណ៍​មក​ថា​ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ដើម្បី​អនុញាត​ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា​នៅ​ជិត​ចិន​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរ​ការ​បង្កើន​សមត្ថភាព​យោធា​ខ្លួន​ក្នុងការ​ពិនិត្យ​មើល​ពី​ឥទ្ធិពល​យោធា​នៅជុំវិញ​ពិភព​លោក។ ​នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​អាមេរិកាំងម្នាក់​និងអ្នក​ពាក់​ព័ន្ធ​ខ្លះ​ទៀត​ដែល​ធ្វើ​កិច្ចការ​រឿងនេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ។

រូបឯកសារ៖ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងចិនចូលរួមក្នុងពិធីរំឭកខួបយោធាចិននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ នៅខេត្ត Shandong ប្រទេសចិន។
រូបឯកសារ៖ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងចិនចូលរួមក្នុងពិធីរំឭកខួបយោធាចិននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ នៅខេត្ត Shandong ប្រទេសចិន។

កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ​បាន​រាយការណ៍​បន្ថែម​ថា ​កិច្ច​ព្រមព្រៀង​សម្ងាត់​នោះបាន​ចុះហត្ថ​លេខា​កាលពី​និទាឃរដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ កិច្ច​ព្រមព្រៀង​នោះ​គឺ​ កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹកចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរគឺ រាម ​និងនៅជិត​ព្រលាន​យន្ត​ហោះ​ធំមួយដែល​កសាង​ដោយ​ចិន។​ គេ​គ្មាន​ឃើញ​ការ​បញ្ជាក់​ពីព័ត៌មាន​លម្អិត​ទេ​ តែ​បើ​តាម​កាសែត​ The Wall Street​ Journal​ បាន​បញ្ជាក់ថា​ កិច្ច​ព្រមព្រៀង​ជា​សេចក្តី​ព្រាង​ដែល​មន្ត្រី​អាមេរិក​ដដែល​នោះ​បាន​ឃើញ​គឺ​ នឹង​អនុញាត​ឲ្យចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ ​ដាក់​ទ័ព ​ដាក់​គ្រឿង​សព្វាវុធ ​កន្លែង​ចតនាវា​ជាដើម។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​កម្ពុជា​បាន​ផ្លាស់ប្តូរ​លិខិត​ជាផ្លូវការ​អំពី​រឿងនេះ​ ដោយភាគី​កម្ពុជា​ និង​មន្ត្រី​របស់ខ្លួន​បដិសេធ​ព័ត៌មាន​អំពី​មូលដ្ឋាន​យោធា​ជើងទឹក​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ​ក្រោយពី​សហរដ្ឋ​អាមេរិក ​បាន​ចោទ​ជា​សំណួរ ​និង​បង្ហាញ​ពីក្តី​បារម្ភ។ ​មេដឹកនាំ​កំពូលៗ​ និង​មន្ត្រី​យោធា​កំពូលៗ​កម្ពុជា​បដិសេធ​ជា​សាធារណៈ​អំពីក្តី​បារម្ភ​របស់​អាមេរិក ​ដោយ​បញ្ជាក់​ថា​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ​អធិបតេយ្យ​ ហើយ​ច្បាប់ កំពូល​របស់​ប្រទេស​គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​មិន​អនុញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួនឡើយ។

កាសែត ​The Wall ​Street ​Journal ​បាន​រាយការណ៍​ដែរថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា ​នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។

កាលពី​ថ្ងៃ​ចន្ទ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ អ្នក​ស្រី Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ​ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ «អំពី​វត្តមាន​យោធា​បរទេសនៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ថា ​វា​អាច ​«គំរាម​កំហែង​ដល់​ទំនាក់ទំនង​ និង​ភាព​ជា​កណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»។

ស្ថានទូត​អាមេរិក​កំពុង​តាម​ដាន​ព័ត៌មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដែល​ថា​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់អំពី​សម្ព័ន្ធភាព​យោធា​រវា​ង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​នេះ​ដោយ​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​មាន​តម្លាភាព​ពេញ​លេញ​អំពីកិច្ច​ព្រម​ព្រៀ​ង​យោធា​ណាមួយ​ជាមួយ​ប្រទេស​ចិន។

អ្នក​ស្រី Emily V Zeeberg​ បាន​សរសេរ​សារក្នុងន័យ​ដើម​ដូច្នេះ​ថា៖ ​«យើង​សូម​អំពាវ​នាវ​ដល់​អ្នក​ដឹក​នាំកម្ពុជាឲ្យគោរព​ការ​ប្តេជ្ញា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ចំពោះ​មុខ​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​គោរព​នយោ​បាយការ​បរទេស​ឯករាជ្យ​ ការពារ​ឯករាជ្យភាព​និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត​ ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បដិសេធ ដាច់ខាត​ចំពោះ​ព័ត៌មាន​អំពី​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​ដោយ​អះអាង​ថា៖

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​នៅថ្ងៃ​ចន្ទ​នេះបាន​អះអាង​ថា​ «គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ទេ»។​

លោក ​ហ៊ុន​ សែន ​ត្រូវ​ស្រង់​សម្តីដោយ​សារ​ព័ត៌មាន​ Fresh News ថា «នេះ​ជា​ព័ត៌មាន​ប្រឌិតដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា»។​ លោក​នាយក​រដ្ឋ​មន្ត្រីខ្មែរបាន​រំឭក​ឡើង​វិញ​ថា​ វត្តមាន​នៃ​មូល​ដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​នឹង​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​។

លោក​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​មិន​ដែល​បាន​ធ្វើការពិភាក្សា​ណា​មួយ​ជាមួយ​ប្រទេស​ចិន អំពី​ការ​ដាក់​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នោះ​ទេ។ ​ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ទទូច​ឲ្យ​ឈប់​មាន​ការ​ប្រើ​ប្រាស់ ​«ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា» ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រសួង​ការបរទេស​ចិន​វិញ​មិនបាន​បដិសេធ​ថា​ មាន ​ឬ​មិនមាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ស្តីពី​មូលដ្ឋាន​យោធា​ជើងទឹក​ចិន​នៅ​ប្រទេស​កម្ពុជា​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ​ចិន​មាន​កិច្ច​សហ​ប្រតិបត្តិការ​ទូលំ​ទូលាយ​ជាមួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា ​ហើយ​អ្វីៗ​ធ្វើ​ឡើង​ដោយ​បើក​ចំហ។

លោក ​Geng Shuang​ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ឆ្លើយ​ពង្វាង​សំណួរ អ្នក​សារព័ត៌មាន​កាល​ពីថ្ងៃ​ចន្ទ​ អំពី​វត្តមាន​យោធា​ជើងទឹក​ចិន ​និង​កិច្ចព្រម​ព្រៀងសម្ងាត់​នៃ​ប្រទេស​ទាំងពីរ​ថា៖

«តាម​ខ្ញុំដឹង​ គឺ​ភាគី​កម្ពុជា​បាន​បដិសេធ​រឿងនេះ។​ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ល្អជា ប្រពៃណី ​ប្រទេស​ចិន​និង​កម្ពុជា​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​វិស័យ។​ កិច្ចសហ ប្រតិបត្តិការ​របស់​យើង​គឺ​បើក​ចំហរ ​មានតម្លាភាព​ ស្មើភាព​និង​ផ្តល់​ផល​ប្រយោជន៍ ទៅវិញ​ទៅមក។​ យើង​សង្ឃឹម​ថា ​រឿងនេះ​មិន​ត្រូវ​បាន​គេ​បកស្រាយ​ហួស​ហេតុ​ពេកទេ‍»។

នៅពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​បន្ថែម​ចំៗថា​ តើចិន​ក៏​បដិសេធ​ដូច​កម្ពុជា​ដែរ​ទេ លោក ​Geng Shuang​ ឆ្លើយ​ដដែល​ថា​ «យើង​សង្ឃឹម​ថា​ ភាគី​ពាក់ព័ន្ធ​នឹង​មិន​បកស្រាយ​ហួស​ហេតុ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ធម្មតា​រវាង​ចិន​និង​កម្ពុជា​ទេ‍»។

ថ្លែង​ប្រាប់​ VOA ​នៅក្រោយ​ពីលោក​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​កិច្ចការ​អាស៊ានចំពោះ​អាមេរិក​ និង​កិច្ចការ​អាមេរិក​ចំពោះ​អាស៊ាន​នៅ​ឯ​រដ្ឋសភា​កាលពី​ថ្ងៃអង្គារ លោក ​ថេត យូហូ ​(Ted Yoho) ​សមាជិករដ្ឋ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida ​ដែល​បាន​ស្នើច្បាប់​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​ ហៅថា​ H.R 526 ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​ប្រជាធិប​តេយ្យ ​និងសិទ្ធិមនុស្សនោះ​ បាន​បញ្ជាក់​ពីការ​មិនពេញ​ចិត្ត​របស់​លោក​ចំពោះ​ព័ត៌មាន​អំពី​វត្តមាន​យោធា​ចិន នៅ​កម្ពុជា។

«ខ្ញុំគិត​ថា​ ប្លុក​អាស៊ាន​ទាំងមូល​និង​ប្រទេស​នានា​ត្រូវតែ​ព្រួយ​បារម្ភ​អំពី​បញ្ហា​មូលដ្ឋាន យោធា​ជើងទឹក​ចិន​នៅ​កម្ពុជា។​ ម្តងទៀត​រឿងនេះ​គឺជា​ រឿង​ដូចជា​កលល្បិច​បោកប្រាស់​ដែល​ចិន​កំពុង​ធ្វើ ​ហើយ​ជារឿង​នាំ​ភាព​អាប់​ឱន​ដល់​ប្រជាជន​ចិន‍»។

លោក ​ថេត យូហូ​ បាន​បញ្ជាក់​ថា ចិន​តែង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​សកម្មភាពរករឿង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​បង្កឲ្យ​បញ្ហា​នេះ​កើត​ឡើង។ ​តែ​លោក ពន្យល់​ថា​សហរដ្ឋ​អាមេរិក​មិនបាន​រករឿង​ចិន​ទេ ​ហើយ​វត្តមាន​កងទ័ព​អាមេរិក​នៅក្នុងតំបន់​គឺ មាន​ជាយូរ​មក​ហើយ។

«យើង​បាន​ធ្វើកិច្ចការ​នេះ​យ៉ាង​ច្បាស់​លាស់​តាំង​ពីសង្គ្រាម​លោក​លើកទី​២មក​ម្ល៉េះ។​ អ្វី​ដែល​ផ្លាស់ប្តូរ​គឺ​អាកប្ប​កិរិយា​រំលោភ​បំពាន​របស់​ចិន។ ​លោក​អ្នកដឹង​ទេ​នៅពេល​ចិនប្រជែង​រឿង​ដែន​អធិបតេយ្យ​នៃ​ប្រទេស​នានា​ដូចជា​ ព្រុយណេ ​ហ្វីលីពីន ​ឬ​ប្រទេស​ឯ​ទៀត​ដូច​ជា ​វៀតណាម ​គឺថា ​ចិន​មិន​គោរព​ច្បាប់​អន្តរជាតិ ​ឬសវនាការ​តុលាការ​ ឬការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទេ។ ​ចិន​បាន​នាំមក​នូវភាព​អាម៉ាស​ដល់​ប្រទេស​ខ្លួន ហើយ​ធ្វើឲ្យ​គេមាន​ទំនុក​ចិត្ត​តិច​ជាង​មុន​ទៅ​លើចិន»។

លោកក៏​បាន​បញ្ជាក់​បន្ថែម​ថា៖

«ម្តងទៀត​ គោល​បំណង​របស់​យើង​គឺ មិនមែន​មិន​ទទួល​ស្គាល់​ជោគជ័យ​របស់​ចិន​ទេ​ តែនោះ​គឺជាអ្វី​ដែល​ពិភព​លោក​ត្រូវ​អបអរសាទរ ​តែក៏​មិនត្រូវ​ធ្វើឲ្យ​អន្តរាយ​ដល់ប្រទេស​ដទៃ​ដែរ‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​ដ្ឋាភិបាល​កម្ពុជា​និងអ្នក​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួនបាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំៗ​ថា ​បាន​ប្រឌិត​រឿង​មូលដ្ឋាន​កងទ័ព​ជើង ទឹក​ចិន​នៅ​សមុទ្រ​រាម​ដែល​នៅជិត​កោះត្រល់​របស់​កម្ពុជា​ ហើយ​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​វៀតណាម​ពេលនេះ៕

XS
SM
MD
LG