ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​រក្សា​នយោបាយ​នៅ​កណ្តាល​ គ្រា​មាន​ការ​ប៉ាន់​ស្មាន​នៃ​វត្តមាន​កងទ័ព​ចិន


រូបឯកសារ៖ កប៉ាល់​យោធាចិន​ចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពី​ការ​ហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ កប៉ាល់​យោធាចិន​ចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពី​ការ​ហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ថែទាំ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​ដែន​សមុទ្រ​រាម ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​ស្នើ​ឲ្យ​កម្ពុជា​ប្រកាន់​​យក​នយោបាយ​អព្យាក្រឹត​ដោយ​សង្ស័យ​ថា​ កម្ពុជា​បាន​ងាក​ទៅ​សហការ​ជាមួយ​កងទ័ព​ចិន​នៅ​ទីតាំង​ដដែល​នោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អង្គារនេះ​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការពារ​ជំហរ​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ ដោយ​សម្តែង​ពី​កង្វល់​ទាក់​ទង​ទៅ​នឹង​លទ្ធភាព​វត្តមាន​របស់​កង​យោធា​ចិន​នៅ​តំបន់​សមុទ្រ​កម្ពុជា។

ការ​ទទូច​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ធ្វើឡើង​ បន្ទាប់​ពី​លោក​ Joseph H. Felter ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដោយ​លើក​ពី​ចំណោទ​ដែល​អាច​មាន​វត្តមាន​ និង​ទីតាំង​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​កម្ពុជា​នៅ​ឆ្នេរ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។ ​ចំណោទ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កម្ពុជា​បដិសេធ​ជំនួយរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួស​ជុល​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះ។

លោក​ស្រី​ Emily Zeeberg អ្នក​នំា​ពាក្យ​ស្ថាន​បេសកកម្ម​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ លទ្ធភាព​នៃ​ការ​មាន​វត្តមាន​ទីតាំង​យោធា​ចិន​នៅ​កម្ពុជា​ គឺ​ជា​ «កង្វល់​ដ៏​ពិត​ប្រាកដ​មួយ»។

លោកស្រី​បាន​សរសេរ​តាម​សារអេឡិច​ត្រូនិក​ ឬ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា​៖ «បើ​មើល​ទៅ​លើ​កម្រិត​ខ្ពស់​នៃ​ឥទ្ធិពល​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ ការណ៍​នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​យ៉ាង​ពិត​ប្រាកដ»។

លោកស្រី​បានបន្ថែម​ថា៖ «ទង្វើ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ឯករាជ្យ​ភាព​កម្ពុជា​ចុះ​ខ្សោយ​ ឬ​ក៏​បើក​ឱកាស​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ នឹង​ក្លាយ​ជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ ហើយ​អាច​គំរាម​កំហែង​ដល់​ភាព​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ និង​ភាព​ជា​អ្នក​ឈរ​នៅ​កណ្តាល​របស់​សមាគម​អាស៊ាន។ យើង​ទទូច​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​រក្សា​ការ​តាំង​ចិត្ត​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ចំពោះ​នយោបាយ​ការបរទេស​ឯករាជ្យ​ ហើយ​ត្រូវ​ការ​ពារ​យ៉ាង​រស់​រវើក​នូវ​ឯករាជ្យភាព​របស់​កម្ពុជា​សម្រាប់​អ្នក​ជំនាន់​ក្រោយៗ»។

រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

កាល​ពីថ្ងៃ​ទី​២៤ ខែ​មិថុនាឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ លោក​ Joseph H. Felter​ ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ផ្ញើ​លិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ទៀ ​បាញ់។

ក្នុង​លិខិត​នោះលោក​ Joseph H. Felter​ បាន​ដាក់​ការ​សង្ស័យ​ថា​ ការ​ច្រានចោល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ទីកន្លែង​បណ្តុះ​បណ្តាល​ និង​ការថែ​ទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ពី​សំណាក់​ប្រទេស​កម្ពុជា​ទំនង​ជា​មាន​ការ​ទាក់​ទង​នឹង​កងទ័ព​ចិន។

លោក​ Joseph H. Felter​ បាន​រំឭក​ឡើង​វិញ​នៃដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​កាលពី​ខែ​មករា។ នៅ​ទីនោះ​ លោក​បាន​ទទួល​សំណើរ​ពី​មេ​បញ្ជាការ​រង​មួយ​រូប​ ដែល​ស្នើ​សុំ​ជំនួយ​សម្រាប់​ជួសជុល​ និង​ថែទាំ​ទីកន្លែង​បណ្តុះ​បណ្តាលខាងលើ។

ក្រោយ​ការ​ច្រាន​ចោល​នេះលោក​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ផ្តល់​នូវ​សេចក្តី​ពន្យល់​លម្អិត​នៅ​ពី​ក្រោយ​ការ​មិន​ទទួល​យក​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ និង​ការ​ផ្លាស់​ប្តូរ​ភ្លាម​មួយ​រំពេច​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​កម្ពុជា​នេះ។

VOA មិន​ទាន់អាច​សុំការ​អធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​នាយ​ឧត្តមសេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជាបាន​ទេ​ ដោយទូរស័ព្ទ​របស់​ពួក​លោក​រោទិ៍ តែ​គ្មាន​អ្នក​ទទួល។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ប្រាប់​ VOA ​តាម​សារ​ឆ្លើយឆ្លង​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ថា​ កម្ពុជា​គ្មាន​មហិច្ឆតា​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ណា​នោះ​ទេ​ ដូច្នេះ​គ្មាន​ហេតុផល​ណា​មក​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ការ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន។

«អត់​មាន​ចាំបាច់​ទេ​ ឥឡូវ​ឧទាហរណ៍​ថា​ យើង​យក​ទ័ព​ ដាក់​ទ័ព​ចិន​ដើម្បី​ទៅ​វាយ​ជាមួយ​ពីណា​ ទៅ​វ៉ៃ​ជាមួយ​វៀតណាម​ ឬ​មួយ​ក៏​ទៅ​វ៉ៃ​ជាមួយ​ថៃ? វ៉ៃ​អ៊ីចឹង​ នរណា​ចំណេញ​ នរណា​ខាត​ ហើយ​ទៅ​វ៉ៃ​ដើម្បី​អី?​ យើង​វា​មិនមែន​ទៅ​ ពង្រីក​ទឹក​ដី​អីណា​ ដើម្បី​យក​ដូច​ជា​អាណាចក្រ​ខ្មែរ​អី​ទៀត»។

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​កន្លង​ទៅ​ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ (C4ADS) របស់​សហរដ្ឋ​អាមេរិក។ មជ្ឈមណ្ឌល​នេះ​បាន​ភ្ជាប់​ក្រុម​ហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា​ ទៅ​នឹង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះម្តង​ហើយ​ម្តង​ទៀត​ដោយ​ផ្អែកលើ​រដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស​កម្ពុជា ដែល​ហាម​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស៕

XS
SM
MD
LG