ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​បែក​ធ្លាយ​អ៊ីម៉ែល​​គណបក្ស


លោក​ស្រី Hillary Clinton ថ្លែង​នៅ​ក្នុង​សន្និបាត​អន្តរជាតិ​លើក​ទី​៤២​​នៅ​ក្រុង​ Las Vegas កាល​ពី​ថ្ងៃទី​១៩ ខែ​កក្កដា។

ក្រុម​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ស.រ.អា.​បើក​ប្រជុំ​មហា​សន្និបាត​ជាតិ​របស់​ពួក​គេ​នៅ​ថ្ងៃ​ចន្ទ ដែលកំណត់​ថា​នឹង​តែង​តាំង​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ Hillary Clinton ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​នេះ។ ​

ក៏ប៉ុន្តែ​លោក​ស្រី​មាន​ភាព​ច្របូក​ច្របល់​ដោយសារ​មាន​រឿង​ចម្រូង​ចម្រាស់​មួយ​អំពី​ការ​លេច​អ៊ីម៉ែលដែល​បង្ហាញពី​របៀប​ដែល​ពួក​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ដើម្បីសម្រួល​ដល់​លោក​ស្រី​ទៅ​កាន់​ការ​តែង​តាំង​ ដោយ​អ៊ីម៉ែល​ទាំង​នោះ​បាន​ចំអក​អ្នក​ប្រកួត​ប្រជែង​នឹង​លោកស្រី​គឺ​លោក​ Bernie Sanders ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Vermont។​

អ្នកស្រី​ Debbie Wasserman Schultz​ ប្រធាន​នៃ​គណៈ​កម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ត្រូវ​រុញ​ច្រាន​ចេញ​ពី​តំណែង​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រោយ​ការ​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​អ៊ីម៉ែល​ជិត​២ម៉ឺន​ដោយ​បណ្តាញ​ WikiLeaks។ ពួក​អ្នកគាំទ្រ​លោក​ Sanders ​បាន​ស្រែក​ចំអក​ឱ្យ​អ្នកស្រី​ Schultz ​នៅ​ពេល​អ្នក​ស្រី​បាន​និយាយ​ទៅ​កាន់​ពួក​ប្រតិភូ​មួយ​ក្រុម​មក​ពី​រដ្ឋ​ Florida​ ដែល​ជា​រដ្ឋ​ដែល​អ្នកស្រី​តំណាង​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ ក៏​ប៉ុន្តែ​អ្នកស្រី​មិន​បាន​និយាយ​អំពី​បញ្ហា​អ៊ីម៉ែល​ទាំង​នេះ​ទេ។

អ្នកស្រី​ Wasserman Schultz ​បាន​និយាយ​ប្រាប់​ពួក​ប្រតិភូ​ទាំង​នេះ​ថា​ អ្នកស្រី​បាន​ទទួល​សំណើ​របស់​លោកស្រី​ Clinton ​ដែល​បាន​សុំ​ឱ្យ​អ្នក​ស្រី​ធ្វើជា​អ្នក​តំណាង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ​នៅ​ក្រោយ​អ្នក​ស្រី​ចាក​ចេញ​ពី​តំណែង​ប្រធាន​គណក្ស​នៅ​ទី​បញ្ចប់​នៃ​មហា​សន្និបាត​បួន​ថ្ងៃ​របស់​គណបក្ស។

លោក​ Sanders ​ដែល​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​ម្នាក់​ដែល​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ច្រើន​ខែ​ប្រឆាំង​នឹង​លោក​ស្រី​ Clinton ​នៅ​មុន​លោក​ស្រី​បាន​ទទួល​ការ​តែង​តាំង​ បាន​មាន​ប្រសាសន៍​ថា​ លោក​ខឹង​សម្បារ​នឹង​ការ​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​អ៊ីម៉ែល​ទាំង​នេះ​ដែល​បាន​បង្អាប់​លោក​ ក៏​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ អ៊ីម៉ែល​ទាំង​នេះ​បង្ហាញ​ថា​វា​ជា​ការ​ត្រឹមត្រូវ​ដែល​លោក​បាន​និយាយ​អះអាង​យូរ​មក​ហើយ​ថា ​ពួក​មន្ត្រី​គណបក្ស​លម្អៀង​ទៅ​ខាង​លោកស្រី​ Clinton ​នៅ​ក្នុង​ការខិត​ខំប្រឹង​ប្រែង​របស់​លោក​ស្រី​ដើម្បី​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​របស់​ប្រទេស​អាមេរិក។

ទោះ​យ៉ាង​ណា​ នៅ​ពេល​នេះ​ លោក ​Sanders ​គាំទ្រ​លោក​ស្រី ​Clinton ហើយ​លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​ដែល​បង្ហាញ​ពី​គោល​នយោបាយ​ជំនួស​លោកស្រី​នៅ​ពេល​មហា​សន្និបាត​គណបក្សបើក​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​តាម​ពេល​វេលា​ផ្នែក​ខាង​កើត​ស.រ.អា.​នៅ​ក្នុង​ក្រុង ​Philadelphia ​រដ្ឋ​ Pennsylvania ​ក្នុង​ភាគ​ខាង​កើត​ស.រ.អា.។

លោក​ស្រី ​Michelle Obama ស្ត្រី​ទីមួយ​ស.រ.អា.​និង​លោកស្រី​ Elizabeth Warren សមាជិកា​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Massachusetts​ ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ពួក​ប្រជាធិបតេយ្យ​ជឿន​លឿន ក៏​មាន​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​គាំទ្រ​លោកស្រី ​Clinton ​ដែរ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​លោក​ស្រី​ប្រឆាំង​នឹង​លោក ​Donald Trump​ ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កាលពី​សប្តាហ៍​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG