ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ត្រៀម​សាទរ​លោក​ស្រី​គ្លីនតុន​ជា​បេក្ខជន​ប្រធានាធិបតី


រូបឯកសារ៖ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ត្រៀម​សាទរ​លោក​ស្រី​​ជា​បេក្ខជន​ប្រធានាធិបតី។

ក្រុមសមាជិក​គណបក្សប្រជាធិបតេយ្យស.រ.អា​ បាន​ប្រមូលផ្តុំ​គ្នា ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បីចូល​រួម​ក្នុង​មហា​សន្និបាត​ជាតិ​របស់​ពួកគេ​ ក្នុង​គោលដៅអបអរសាទរ​លោកស្រី​អតី​ត​រដ្ឋមន្ត្រី​ការ​បរទេស Hillary Clinton (ហ៊ីលឡារី គ្លីនតុន) ជា​ឥស្សរជន​ដែល​ទទួលការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៦។ នេះ​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​នយោបាយ​ធំ​មួយ​ក្នុង​ស.រ.អា​ជ្រើសរើស​ស្ត្រី​ម្នាក់​ឲ្យ​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​របស់ខ្លួន។​

មហា​សន្និបាត​នេះ​នឹង​បើក​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ តាម​ពេល​វេលា​ភាគ​ខាង​កើត​នៃ​ស.រ.អា​នៅ​ក្នុង​ក្រុង Philadelphia ដែល​គេ​ស្គាល់​ថា​ ជា​ក្រុង​នៃសេចក្តី​ស្រឡាញ់​រវាង​បងប្អូន​ ក៏​ប៉ុន្តែ​មហា​សន្និបាត​នេះ​ចាប់ផ្តើម​ជាមួយ​កំណត់សម្គាល់​មួយ​ដែល​បង្ហាញ​អំពី​ការ​មិន​ស្រុះស្រួលគ្នា។ ​បណ្តាញ​ WikiLeaks បានលាត​ត្រដាង​ឲ្យដឹង​ថា​មាន​ សារអេឡិចត្រូនិច ឬ​អ៊ីម៉ែល​ជិត២ម៉ឺន​ពី​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​មួយ​ឆ្នាំ​កន្លះមុននេះ ដែល​បានបង្ហាញ​ថា​តើ​ពួក​គេ​ចំអក​និង​រិះគន់បែប​ណា​ដល់យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ប្រចាំ​រដ្ឋ​ Vermont នៅ​ពេល​ដែល​លោក​ប្រកួត​ប្រជែង​យ៉ាង​ម៉ឺង​ម៉ាត់ ​ដែល​គេ​មិនបាន​គិត​ទុក​ជាមុន ក្នុង​ការ​តទល់ជាមួយ​លោកស្រី​ Clinton ជា​ច្រើន​ខែ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តាម​រដ្ឋ​នីមួយៗ ដើម្បីទទួល​ការ​តែងតាំង​ពី​គណបក្ស។

អ៊ីម៉ែល​មួយ​ក្នុង​បណ្តា​អ៊ីម៉ែល​ទាំង​នេះចែង​ថា​ លោក​ Sanders ប្រហែលជា​មនុស្ស​មិន​ជឿសាសនា ទោះ​បី​ជា​លោក​ប្រកាន់ខ្ជាប់មរតកជ្វីព​របស់​លោកក៏​ដោយ។​

នៅក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ CNN កាលពី​ថ្ងៃអាទិត្យ​ លោក​ Sanders បានហៅ​អត្ថាធិប្បាយ​ទាំង​នេះ​ថា​ «ទ្រគោះ​យង់ឃ្នង​ជាខ្លាំង»។ ​ក៏​ប៉ុន្តែ​លោកបាន​មានប្រសាសន៍​ថា ការណ៍​នេះ «មិន​មែន​ជា​ការ​ទង្គុក​ចិត្តដល់ខ្ញុំទេ»។ លោក​បានមានប្រសាសន៍​បន្ថែម​ថា​ «នេះ​ជា​អ្វី​ដែលយើង​បាននិយាយ​ប្រមាណ​៦ខែ​មុន​នេះ​ថា គណៈកម្មាធិការជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បានគាំទ្រ​លោកស្រី​ Hillary Clintonហើយ​បានជំទាស់នឹងយុទ្ធនាការ​បោះឆ្នោត​របស់ខ្ញុំ»។

មេដឹកនាំខ្លះ​នៃ​គណបក្សប្រជាធិបតេយ្យ​បានសុំ​ឲ្យ​មានការ​លាលែង​ចេញ​ពី​តំណែង​នៃ​ក្រុម​មន្ត្រី​ខ្លះ​របស់​គណបក្ស ដោយមាន​រួមបញ្ចូល​ទាំង​លោកស្រី​ Debbie Wasserman Schultz ប្រធាន​គណបក្សប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ការ​អត្ថាធិប្បាយ ​ដែល​គួរ​ឲ្យ​ជំទាស់​អំពី​លោក Sanders ដែល​ពួក​គេ​យល់ឃើញ​ថា​ការ​អត្ថាធិប្បាយ​នោះ​ស្ថិត​នៅ​ក្នុង​អ៊ីម៉ែល​ឯកជន។

ចាប់តាំង​ពី​ពេលនោះ​មក​លោក​ Sanders បានគាំ​ទ្រ​លោកស្រី​ Clinton ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ចន្ទ​នៅ​ក្នុងមហាសន្និបាត​គណបក្សក្នុង​នាម​លោកស្រី ហើយ​លោកស្រី​ Michelle Obama ស្ត្រីទី​មួយ​នៃ​ស.រ.អា​ក៏នឹង​ថ្លែង​សុន្ទរកថា​ក្នុងមហាសន្និបាតនេះដែរ។ លោក​ Sanders បាន​មាន​ប្រសាសន៍​ថា​លោក​នឹង «ធ្វើ​អ្វីៗ​ទាំង​អស់ដែល​លោក​អាច​ធ្វើបាន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា» ​ថា លោក«Donald Trump» ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ មិនឈ្នះនៅ​ក្នុង​ការ​បោះឆ្នោតជាតិ​ក្នុង​ខែ​វិច្ឆិកា ដើម្បី​ជ្រើសរើស​អ្នក​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា នៅ​ពេលលោក​ចាកចេញ​ពី​តំណែង​នៅ​ខែ​មករា​ខាង​មុខ​នេះ​ឡើយ៕

XS
SM
MD
LG