នៅក្នុងសុន្ទរកថាដំបូងបង្អស់កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិកដែលតែងតាំងដោយគណបក្សសាធារណរដ្ឋជាផ្លូវការ លោក Donald Trump បាននិយាយពីភាពបន្ទាន់លើការងារជាច្រើន ពាក់ព័ន្ធនឹងហេតុការណ៍អំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានហៅខ្លួនឯងថាជាអ្នកនិយាយការពិត ដោយនិយាយថា ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump ប្រទេសនេះនឹងស្ថិតក្រោមច្បាប់និងមានសណ្តាប់ធ្នាប់។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «សន្និបាតរបស់យើងធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសយើងមានវិបត្តិ។ ការវាយប្រហារទៅលើប៉ូលិសរបស់យើង និងអំពើភេរវកម្មដែលបានកើតឡើងក្នុងទីក្រុងនានា គំរាមកំហែងដល់ជីវិតរស់នៅរបស់យើង។ អ្នកនយោបាយណាដែលមិនអាចកម្ចាត់គ្រោះថ្នាក់នេះបាន មិនសមនឹងដឹកនាំប្រទេសរបស់យើងនោះឡើយ»។
នៅក្នុងសុន្ទរកថាទូលំទូលាយនោះ លោក Trumpក៏បាននិយាយពីផែនការរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនិងក្រុមភេរវកម្មដទៃទៀត នៅក្នុងព្រំប្រទល់សហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោកផងដែរ។ លោក Trump បាននិយាយប្រឆាំងនឹងផលចំណេញរបស់គណបក្សសាធារណរដ្ឋនៅក្នុងការស្នើឲ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី តស៊ូមតិសម្រាប់សហគមន៍មនុស្សភេទទី៣ ឬហៅថា LGBTនិងប្រកាន់យកគោលនយោបាយមិនជ្រៀតជ្រែកនៅពេលដោះស្រាយវិបត្តិអន្តរជាតិ។
លោក Trump បានមានប្រសាសន៍ថា «ដើម្បីការពារខ្លួនយើងពីអំពើភេរវកម្ម យើងត្រូវផ្តោតទៅលើរឿង៣យ៉ាង»។
រឿង៣យ៉ាងដែលលោក Trump សំដៅដល់នោះរួមមានទាំង ប្រតិបត្តិការស៊ើបការសម្ងាត់ដ៏ល្អបំផុតនៅក្នុងពិភពលោក ដោយបញ្ឈប់នូវអ្វីដែលលោកបានហៅថា ជាគោលនយោបាយកសាងប្រទេសជាតិនិងការផ្លាស់ប្ដូររបបដែលបរាជ័យ ដែលលោកស្រី Hillary Clinton បានពង្រឹងនៅក្នុងប្រទេសអ៊ីរ៉ាក់ លីប៊ី អេហ្ស៊ីប និងស៊ីរី និងការផ្អាកអន្តោប្រវេសន៍ដែលមកពីប្រទេសណាដែលមានអំពើភេរវកម្ម រហូតទាល់តែយន្តការដោះស្រាយច្បាស់លាស់មួយត្រូវបានបង្កើតឡើង៕