លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីដែលគេសន្មតថាទទួលបានការ តែងតាំងពីគណបក្សប្រជាធិបតេយ្យបានជ្រើសរើសយកសមាជិកសភាម្នាក់ឲ្យធ្វើជាដៃគូឈរឈ្មោះជាមួយគ្នាជាអនុប្រធានាធិបតី។ នោះគឺលោក Tim Kaine អតីតអភិបាលរដ្ឋ Virginia។
លោក Tim Kaine បានពិពណ៌នាខ្លួនឯងជាមនុស្សម្នាក់ដែលគួរឲ្យធុញទ្រាន់ ហើយលោកស្រី Clinton និយាយថា លោកស្រីមិនមានបញ្ហាជាមួយនឹងចំណុចនេះនោះទេ។
សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានសង្ឃឹមថា លោកស្រីនឹងជ្រើសរើសយកនរណាដែលគាំទ្រនយោបាយកែទម្រង់ជាងនេះ ដែលនឹងអាចអំពាវនាវឲ្យដល់អ្នកគាំទ្រលោក Bernie Sanders បាន។
លោក Kaine ដែលចេះនិយាយភាសាអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ បានឈប់សិក្សារយៈពេលមួយឆ្នាំពីសាកលវិទ្យាល័យ Harvard ដើម្បីទៅបំពេញបេសកកម្មការងាររបស់លោកនៅក្នុងប្រទេស ហុងឌូរ៉ាស។
លោក Ben Monterroso នាយកប្រតិបត្តិនៃ Mi Familia Vota បានមានប្រសាសន៍យ៉ាងដូច្នេះថា «លោកស្រី Clinton បានជ្រើសរើសដៃគូឈរឈ្មោះម្នាក់ដែលមានប្រវត្តិតស៊ូមតិនិងព្យាយាមដោះស្រាយបញ្ហាដែលផ្តល់ផលប៉ះពាល់ដល់សហគមន៍ពួកឡាទីននិងប្រទេសរបស់យើង ដូចជា បញ្ហាអន្តោប្រវេសន៍ សុខាភិបាល សិទ្ធិស្រ្តី និងបរិស្ថានជាដើម។
លោក Tom Wolf ដែលជាមិត្តភក្តិរយៈពេលយូរនិងជាអតីតដៃគូផ្នែកច្បាប់បាននិយាយថា «ចំណុចដ៏អស្ចារ្យមួយរបស់លោក Tim គឺថា លោកមិនត្រូវការតួនាទីរបស់នរណាម្នាក់នោះទេ។ អ្នកអាចអង្គុយនៅជិតគាត់ពេលជិះលើយន្តហោះធ្វើដំណើរ ហើយគាត់នឹងមិនប្រាប់អ្នកថា គាត់ជាអភិបាលរដ្ឋ Virginia ឬជាសមាជិកព្រឹទ្ធសភាអាមេរិកនោះឡើយ។
ក៏ប៉ុន្តែមិនមែនគ្រប់គ្នាពេញចិត្តនឹងជម្រើសរបស់លោកស្រី Clinton នោះទេ។
លោកស្រី Angie Morelli ប្រតិភូរបស់លោក Sanders មកពីរដ្ឋ Nevada បានមានប្រសាសន៍ថា ការជ្រើសយកលោក Kaine គឺជាជម្រើសដ៏អាក្រក់មួយ។ លោកស្រី Morelli បានលើកឡើងថា ការជ្រើសរើសយកលោក Kaineរបស់លោកស្រី Clinton គឺដើម្បីបំពេញបំណងរបស់អ្នកបោះឆ្នោតជាអ្នកអភិរក្សនិយម ជាជាងពួកអ្នកគាំទ្រការធ្វើកំណែទម្រង់នយោបាយដែលគាំទ្រលោក Sanders។
សកម្មជនមួយចំនួននិយាយថា ជម្រើសរបស់លោកស្រី Clinton អាចធ្វើឲ្យបាត់បង់អ្នកគាំទ្រជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ដោយសារតែការប្រកាន់ខ្ជាប់គម្រោងនិរទេសខ្លួនរបស់លោក Kaine ខណៈពេលដែលលោកធ្វើជាអភិបាលទីក្រុង Richmond នោះ៕