ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ Clinton និង​លោក​ Kaine ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រួម​គ្នា​ដំបូង


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតី លោក​ស្រី Hillary Clinton និង​បេក្ខជន​អនុ​ប្រធានាធិបតី​លោក Tim Kaine នៅ​ឯ​ការជួបជុំ​មួយ​ជាមួយ​អ្នក​គាំទ្រ​ក្នុង​រដ្ឋ Florida ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា។

លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក ​Tim Kaine ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Virginia ​បាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ជា​មួយ​គ្នា​ជា​លើក​ដំបូង​ក្នុង​ឋានៈ​ជា​ដៃ​គូ​ឈរ​ឈ្មោះ​ជា​មួយ​គ្នា​ជា​បេក្ខជន​ប្រធានាធិបតី​និង​ជា​បេក្ខជន​អនុ​ប្រធានា​ធិបតី​ដោយ​លោក​ទាំង​ពីរ​បាន​ឧបត្ថម្ភ​ផ្ចុងផ្តើម​សារ​មួយ​ប្រកប​ដោយ​ភាពសុទិដ្ឋិនិយម។

លោក​ស្រី​ Clinton ​បាន​បង្ហាញ​លោក ​Kaine​ ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​អបអរ​សាទរ​នៅក្នុង​រដ្ឋ​ Florida ​ដោយ​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​ស្រី​និង​ឥស្សរជន​ដែល​លោក​ស្រី​បាន​ជ្រើស​រើស​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​នឹង​ «ផ្តល់​ទស្សនវិស័យ​មួយ​ប្លែក​ខ្លាំង»​សម្រាប់​ប្រទេស​អាមេរិក​គឺ​ជា​ទស្សន​វិស័យ​មួយ​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​កសាង​ស្ពាន​មិន​មែន​ឱ្យ​កសាង​កំផែង​ទេ​ ដែល​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​លោក ​Trump​ ដែល​ជា​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ។

លោកស្រី​អតីត​រដ្ឋ​មន្ត្រីការ​បរទេស​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ មហា​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​នៅ​ក្នុង​ក្រុង ​Philadelphia ​នឹង​គូស​បញ្ជាក់​សារ​ដែល​ឱប​បញ្ចូល​ភាព​ផ្សេងៗ​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​អាមេរិក​ជា​ប្រទេស​ឆ្នើម​អស្ចារ្យ។​

លោកស្រី​ Clinton​ បាន​ពណ៌នា​លោក ​Kaine ​ថា​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដើម្បី​ពួក​ជន​អំបូរ​ភាគតិច​និង​ពួកជន​ក្រីក្រ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​បាន​ទះ​ដៃ​អបអរសាទរ​នៅ​ក្នុង​ក្រុង ​Miami ​ថា​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Virginia​ រូប​នេះ មិន​មែន​ដូ​ច​ជា​លោក ​Donald Trump និង​លោក​ Mike Pence​ ទេ។

លោកស្រី​ Clinton​ បាន​មាន​ប្រសាសន៍​ថា​ លោក ​Kaine​ គាំទ្រ​ការ​រឹតត្បិត​តឹង​រ៉ឹង​លើ​កាំភ្លើង ​សិទ្ធិ​ស្មើគ្នា​សម្រាប់​ក្រុម​ស្ត្រី​ដោយ​មានរួម​បញ្ចូល​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ដោយ​ខ្លួនឯង​អំពី​ការ​រំលូត​កូន​ហើយ​លោក​ស្រី​បាន​សរសើរ​ដល់​ប្រវត្តិ​របស់​លោក​ក្នុង​ការ​គាំទ្រ​សិទ្ធិ​ស្មើគ្នា​សម្រាប់​ពួក​មនុស្ស​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា​ និង​ពួក​មនុស្ស​ប្តូរភេទ​ ព្រម​ទាំង​ការ​គាំទ្រ​ដល់​ការ​កែ​ទម្រង់​នៃ​ច្បាប់​អន្តោប្រវេសន៍​ផង​ដែរ។

លោក​ Kaine ​បាន​រិះ​គន់​លោក​ Trump ​ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ថា​ ជា​អ្នក​ជំនួញ​ម្នាក់​គ្មាន​ចិត្ត​មេត្តា​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាម​ដាន​មួយ​នៃ​ជីវភាព​ខ្ទិចខ្ទាំ​នៅ​គ្រប់​កន្លែង​ដែល​គាត់​បាន​ទៅ។

សមា​ជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​មាន​ប្រសាសន៍​ក្នុង​ផ្នែក​ខ្លះ​នៃ​សុន្ទរ​កថា​របស់​លោក​ជា​ភាសា​អេស្បាញ​ យ៉ាង​ស្ទាត់​ជំនាញ​ដោយ​លោក​បាន​បង្ហាញ​ខ្លួន​លោក​ដល់​ក្រុម​អ្នក​បោះ​ឆ្នោត ហើយ​លោក​បាន​និយាយ​អំពី​គ្រួសារ​លោក សេចក្តី​ថ្លៃ​ថ្នូរ​របស់​លោក​ដែល​បាន​ធំធាត់​និង​អំពី​អាជីព​របស់​លោក​ជា​អភិបាល​ក្រុង អភិបាល​រដ្ឋ​ និង​ជា​សមាជិក​សភា​ស.រ.អ.។ លោក​បាន​មាន​ប្រសាសន៍​ថា ​គ្រួសារ​លោក​មាន​ជំនឿ​លើ​ជំនឿសាសនា​ គ្រួសារ​និង​ការងារ ​ជា​សេចក្តី​ថ្លៃ​ថ្នូរ​ធំៗ​របស់​ពួក​គេ៕

XS
SM
MD
LG