ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រតិភូ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បាគីស្ថាន​ដើម្បី​ពិភាក្សា​បញ្ហា​សន្តិសុខ


ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដឹកនាំ​ដោយ​លោក​ John McCain សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​សាធារណ​រដ្ឋ ថត​រូប​ជា​មួយ​ក្រុម​អ្នក​បើក​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​ខេត្ត​ Waziristan ខាង​កើត​ របស់​ប្រទេស​បាគីស្ថាន កាល​ពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ២០១៦។

សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​មួយ​ក្រុម​ដែល​មាន​ឥទ្ធិពល​និង​ពួក​មន្ត្រី​អាមេរិកាំង​ជាន់​ខ្ពស់​ឯទៀតៗ​បាន​ចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​ទៅ​កាន់​ប្រទេស​បាគីស្ថាន​ កាលពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ជួប​ជាមួយ​អគ្គ​មេបញ្ជាការ​នៃ​ក្រុម​យោធា​បាគីស្ថាន​ដើម្បី​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេសអាហ្វហ្កានីស្ថាន​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​នៃប្រទេស​បាគីស្ថាន។​

គណៈ​ប្រតិភូ​សភា​ស.រ.អា.​នេះ​មាន​រួម​បញ្ចូល​លោក ​John McCain​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សេវាកម្ម​កង​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិកាំង​ លោក​សមាជិក​ព្រឹទ្ធសភា​ Lindsey Graham ​និង​លោក​សមាជិក​ព្រឹទ្ធសភា​ Joe Donnelly។

នៅ​ក្រោយ​ពួក​មន្ត្រី​អាមេរិកាំង​ទាំង​នេះ​បាន​ជួប​ជាមួយ​លោកឧត្តមសេនីយ៍​ Raheel Sharif ​កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​ លោក​អគ្គ​មេបញ្ជាការនៃ​កងទ័ព​បាគីស្ថាន​រូប​នេះ​ បាន​និយាយ​ជា​ថ្មី​ទៀត​ថា​«ប្រទេស​បាគីស្ថាន​មួយ​ដែល​មាន​ស្ថិរភាព​ គឺ​ជា​អត្ថ​ប្រយោជន៍​របស់ប្រទេស​បាគីស្ថាន​ ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ជា​គន្លឹះសម្រាប់​សន្តិភាព​ក្នុង​តំបន់»។

ប្រទេស​បាគីស្ថាន​ និង​ស.រ.អា.​មាន​ការ​ទាក់ទង​គ្នា​មិន​ស្រួល​យូរយា​មក​ហើយ។ចំណង​ទាក់ទង​គ្នា​មាន​ភាព​រអាក់រអួល​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា​ កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​បាគីស្ថាន​ ផ្តោត​តែ​ទៅ​លើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​តាលីបាន​ក្នុង​ប្រទេស​នេះ​ ដែល​ប្រឆាំង​នឹង​រដ្ឋ​ ហើយ​ថា ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំផ្លាញ​កន្លែង​ជ្រក​កោន​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​បណ្តាញ​ភេរវជន Haqqani ផង​ទេ។​

ការ​ធ្វើ​មិន​បាន​សម្រេច​ក្នុង​ការ​រារាំង​ពួក​បះបោរ​អាហ្វហ្គានីស្ថាន​ មិន​ឱ្យ​ប្រើ​ប្រាស់​ដែនដី​បាគីស្ថាន​ ក៏​បាន​បណ្តាល​ឱ្យ​សភា​ស.រ.អា.​បញ្ឈប់​រដ្ឋបាល​លោក​ អូបាម៉ា ​មិន​ឱ្យ​ផ្តល់​ការ​ឧបត្ថម្ភធន​សម្រាប់​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​អាមេរិកាំង​ធុន​ F-16 ​ដែល​ស.រ.អា.​បាន​សន្យា​ដល់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ។

ថ្លែង​នៅ​មុន​ការ​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​កាលពី​ថ្ងៃ​សៅរ៍​ លោក​ឧត្តមសេនីយ៍​ឯក Asim Bajwa ​អ្នកនាំ​ពាក្យ​កងទ័ព​បាគីស្ថាន​ បាន​និយាយ​ទទូច​ថា​ រដ្ឋាភិបាល​ក្រុង អ៊ីស្លាម៉ាបាដ​ ប្តេជ្ញា​បង្ក្រាប​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​មានការ​ទាក់​ទិន​នឹង​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG