ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ព្រំ​ដែន​រវាង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​នៅ​តែ​មាន​ភាព​តាន​តឹង


ទាហាន​ប៉ាគីស្ថាន​យាម​នៅ​ច្រក​ព្រំ​ដែន Torkham កាល​ពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០១៦។ ភាគី​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​បាន​ទម្លាក់​កំហុសដាក់គ្នា​​លើ​ភាព​តាន​តឹង​ថ្មីៗ​​នៅ​តំបន់​ព្រំដែន​នេះ។

ពួក​មន្ត្រី​ប៉ាគីស្ថាន​ បាន​និយាយ​ថា​ នាយ​ទាហាន​ប៉ាគីស្ថាន​ម្នាក់​និង​ទាហាន​ អាហ្វហ្គានីស្ថាន​ពីរ​នាក់​បាន​ស្លាប់ ​ហើយ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ ៣០ នាក់ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុងការ​ប៉ះ​ទង្គិច​គ្នា​ឆ្លងព្រំដែន​នៅ​ក្នុង​សប្តាហ៍​នេះ។​

ស្ថានការណ៍​នៅ​ឯ​ច្រក​ព្រំ​ដែន​ Torkham ​ដែល​មាន​មនុស្ស​ឆ្លង​កាត់​ច្រើន​នៅ​តែ​មាន​ភាព​តាន​តឹង​ដដែល​ ហើយ​ខ្លោង​ទ្វារ​ធំ​នៅ​ទី​នោះ​នៅ​តែ​បិទ​ដដែល​ក្នុង​ថ្ងៃ​ទីបី​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​នាំ​ឱ្យ​អ្នក​ដំណើរ​រាប់​ពាន់​នាក់​ជាប់​គាំង​នៅ​ក្នុង​ផ្នែក​ទាំង​សងខាង​នៃ​ព្រំ​ដែន​នោះ។​

នៅ​ក្នុង​សកម្មភាព​មួយ​កាល​ពី​ពេល​យប់​ គេ​បាន​និយាយ​ថា​កងយោធា​ប៉ាគីស្ថានបាន​បំពាក់​អាវុធ​ធុន​ធ្ងន់មាន​រួម​បញ្ចូល​ទាំង​កង​រថក្រោះ​និង​បាន​ដាក់​ពង្រាយ​ក្រុម​ទាហា​ន​ថែម​ទៀត​ទៅ​កាន់​ព្រំដែន​ ដែល​ការណ៍​នេះ​បាន​បង្កើន​ការព្រួយ​បារម្ភ​ថា ​អាច​មាន​ការប្រយុទ្ធ​គ្នា​ថែម​ទៀត។

ពួក​មេ​បញ្ជាការ​អាហ្វហ្គានីស្ថាន​ បាន​បញ្ជាក់​ថា​ប្រាកដ​ជា​មាន​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​នៅ​ខាង​ព្រំដែន​របស់​ខ្លួន​មែន​ដោយ​បាន​បញ្ជូន​ទាហាន​បន្ថែម​ទៅ​កាន់​ទីនោះ។

ពួកមន្ត្រី​ប៉ាគីស្ថាន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក ​Ali Jawad Khan ​ដែល​ជា​វរសេនីយ៍​ត្រីម្នាក់​នៃ​កងទ័ព​ជើងគោក​ដែល​បាន​ត្រូវ​របួស​នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ទទួល​មរណភាព​ហើយ។

លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Nawaz Sharif ​បាន​សម្តែង​ការ​គោរព​ដល់​លោក Khan ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​មា្នក់​នៃ​ការ​ឈ្លានពាន​នៅ​លើ​ព្រំ​ដែន​ ហើយ​បាន​បូជា​ជីវិត​លោក​ក្នុង​ការ​ការពារ​ប្រទេស​លោក៕

XS
SM
MD
LG