ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយ​ប្រហារ​ដោយ​ Drone ​របស់​អាមេរិក​នៅ​ប៉ាគីស្ថាន​នាំ​ឲ្យ​មាន​ការ​ទាមទាររក​តម្លាភាពជា​ថ្មី


អ្នក​ស្រុក​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នាំ​​គ្នា​មើល​ឡាន​កំពុង​ឆេះ​​មួយដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone​ របស់​អាមេរិក​ កាល​ពី​ថ្ងៃ​ទី២១ ខែឧសភា ដែល​ការ​វាយ​ប្រហារ​នោះ​​បាន​យក​គោល​ដៅ​លើ​ Mullah Akhtar Mansoor ដែល​ជា​មេដឹក​នាំ​តាលីបាន។

ការ​វាយប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​ឬ​ Drone​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នាំ​ឲ្យ​មាន​ការ​ទាមទារ​ជា​ថ្មី​ឲ្យ​មាន​តម្លាភាព។ ការ​វាយប្រហារដោយ ​Drone ​នោះ​ មិន​មាន​ការ​ជូន​ដំណឹង​ឲ្យ​ដឹង​ជាមុន​ទេ។

វា​ជា​លើក​ដំបូង​ហើយ ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ​បាន​វាយប្រហារ​តំបន់​ព្រំដែន​ដែលនៅ​ខាង​ក្រៅ​ដែល​គ្មាន​ច្បាប់​ទម្លាប់​របស់​ប្រទេស​នោះ​ ជាប់​នឹង​ព្រំដែន​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​សម្លាប់​មេដឹកនាំ​ក្រុម​តាលីបាន​របស់​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​ខេត្ត Baluchistan ​ភាគនិរតី ​នៃ​ប្រទេស​ប៉ាគីស្ថាន។

មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន ​លោក ​Umair Khan ​បាន​ថ្លែង​ប្រាប់​ VOA ថា​ «វា​ល្អ​ជាង​ប្រសិន​បើ​ប្រទេស​ប៉ាគីស្ថាន ​ជា​អ្នក​តម្រង់​គោលដៅ​ទៅលើ​ជន​នោះ​ នៅ​ក្នុង​ដែនដី​ផ្ទាល់​របស់​ខ្លួន ពីព្រោះ​វា​ខុស​ច្បាប់​ ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច្នេះ​នៅក្នុង​ប្រទេស​របស់​យើង»។

សហរដ្ឋ​អាមេរិក​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​គោលដៅ​ភេរវជន​នានា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ សូម៉ាលី ​និង​យេមែន​ នោះ​ទេ ​នៅ​ពេល​ណា​និងកន្លែង​ណា​ដែល​ខ្លួន​យល់​ថា សម​នឹង​ធ្វើ​ដូច្នេះ​នោះ។

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​តែមួយ​ សហរដ្ឋ​អាមេរិក ​បាន​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ចំនួន​៣៩១​ដង​ហើយ​តាំង​ពី​ឆ្នាំ​២០០៨​មក។​ នេះ​បើ​យោង​តាម​ទិនានុប្បវត្តិ​ឬ​កំណត់​ត្រា​របស់​ The Long War Journal។

នៅ​ក្នុង​ប្រទេស​យេមែន ការ​វាយប្រហារ​របស់​អាមេរិក ​សំដៅ​លើ​មេបញ្ជាការ​ក្រុម​តាលីបាន​និង​ក្រុម​អាល់កៃដា​ សរុប​មាន​ចំនួន​១៤៥​ដង ​ចាប់តាំង​ពី​ឆ្នាំ២០០២​មក។ នេះ​បើ​យោង​តាម​តួលេខ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​នានា៕

ក្រុម​អង្គការ​សិទ្ធិមនុស្ស ​បាន​អំពាវនាវ​ជា​យូរយារ​ណាស់​មក​ហើយ​ ឲ្យ​សហរដ្ឋ​អាមេរិក​ បង្ហាញ​តួលេខ​ជាក់លាក់​ ទាក់ទង​នឹងការវាយ​ប្រហារ​របស់​ខ្លួន​ប្រឆាំង​ភេរវកម្ម​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សូម្បី​តែ​បញ្ជាក់​តួលេខ​ដែល​មាន​ស្រាប់ ក៏​សហរដ្ឋ​អាមេរិក មិន​បាន​បញ្ជាក់​ផង៕

XS
SM
MD
LG