ដោយមិនបញ្ចេញឈ្មោះប្រទេសផ្ទាល់ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បានចោទប្រកាន់ប្រទេសប៉ាគីស្ថាន ថាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសម្ភារៈដល់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅប្រទេសអាហ្វហ្គានីស្ថាន។
លោក Hanif Atmar បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានី Jalalabad នៃខេត្ត Nangarhar ថា កងកម្លាំងសន្តិសុខនៃប្រទេសរបស់លោក ក្នុងសប្តាហ៍នេះបានចាប់ខ្លួនសមាជិកក្រុមរដ្ឋឥស្លាម៣នាក់ ដែលដឹកនាំដោយជនសកម្មប្រយុទ្ធម្នាក់ដែលមកពីប្រទេសនៅអាស៊ីកណ្តាល តាហ្ស៊ីគីស្ថាន (Tajikistan) ហើយតាមរយៈការសួរចម្លើយបុរសទាំងនោះបានបង្ហាញថា ពួកគេបានទទួលការគាំទ្រពីបរទេស។
លោក Atmar បានមានប្រសាសន៍ថា «យើងដឹងពីកន្លែងដែលពួកគេបានទទួលការហ្វឹកហ្វឺន នរណាដែលផ្តល់អាវុធដល់ពួកគេ នរណាផ្តល់ថវិកាឧបត្ថម្ភដល់ពួកគេ និងនរណាដែលគាំទ្រពួកគេ»។ លោកបានបន្ថែមថា ភាគច្រើននៃជនសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមកពីប្រទេសប៉ាគីស្ថាន និងមានឯកសារអត្តសញ្ញាណដែលបញ្ជាក់ពីសញ្ជាតិរបស់ពួកគេ។ ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានមានការចូលរួមពីក្រុមសកម្មប្រយុទ្ធមកពីបណ្តាប្រទេសនៅអាស៊ីកណ្តាលនិងមជ្ឈិមបូព៌ា៕