រដ្ឋមន្រ្តីក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក លោក Ash Carter កំពុងជួបជាមួយមេដឹកនាំ Kurds ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅរដ្ឋធានីនៃតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ ដែលទស្សនកិច្ចនេះលោកមិនបានប្រកាសឲ្យដឹងមុនទេ។
លោក Carter បានជិះយន្តហោះទៅដល់ទីក្រុង Irbil នៅព្រឹកថ្ងៃសុក្រនេះដែលជាកន្លែងដែលលោករំពឹងថានឹងជួបពិភាក្សាជាមួយប្រធានាធិបតី Kurdistan គឺលោក Masoud Barzani ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក្រុមអ្នកប្រយុទ្ធ Kurds គឺជាកងកម្លាំងដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅភាគខាងជើងតំបន់ស្វយ័ត Kurds នៃប្រទេសអ៊ីរ៉ាក់និងនៅប្រទេសស៊ីរីដែលជាប្រទេសជិតខាង។
សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយសន្តិសុខដល់ក្រុមនេះ ប៉ុន្តែលោកប្រធានាធិបតី Barzani បានត្អូញថា ជំនួយនេះគឺមិនគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៃក្រុមរដ្ឋឥស្លាមឲ្យបានជោគជ័យនោះទេ៕