ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល


រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Ash Carter (ខាងឆ្វេង) ចាប់​ដៃ​ជាមួយនឹង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu នៅ​មុន​កិច្ចប្រជុំ​នៅ​ក្រុង​ហ្ស៊េរុយសាឡិម នា​ថ្ងៃអង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Ash Carter (ខាងឆ្វេង) ចាប់​ដៃ​ជាមួយនឹង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu នៅ​មុន​កិច្ចប្រជុំ​នៅ​ក្រុង​ហ្ស៊េរុយសាឡិម នា​ថ្ងៃអង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០១៥។

លោក Ash Carter រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា ​បានជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី Benjamin Netanyahu ​នៃ​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បីធ្វើ​ការ​ចរចា​ ដែល​ត្រូវ​បាន​ធ្វើ​ឡើងមួយ​សប្តាហ៍ ​បន្ទាប់​ពី​មាន​ការ​សម្រេចកិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែមួយ ដែល​លោក Netanyahu បានជំទាស់ប្រឆាំង​ទាំង​ស្រុង។

លោក​រដ្ឋ​មន្រ្តី Carterបាន​ស្វះស្វែង​ធ្វើ​ការ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​អ៊ី​ស្រាអែល​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ដោយ​បាន​ហៅ​ប្រទេស​នោះ​ថាជា​ «យុទ្ធ​សាស្រ្ត​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា»។

លោក Netanyahu ​បាន​និយាយ​ប្រឆាំង​ការ​ចរចា​នុយក្លេអ៊ែ​តាម​រយៈដំណើរ​ការ​នោះហើយ​បាន​និយាយកាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​ស.រ.អា ​អង់​គ្លេស ចិន ​បារាំង រុស្ស៊ី​ និង​អាល្លឺម៉ង់ ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​ពួកគេ​បាន​ស្វះ​ស្វែង​រក​ជា​យូរយា​ណាស់​មក​ហើយថា «វា​ជា​កំហុស​ប្រវត្តិសាស្រ្ត​មួយ»។​

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទដល់​កិច្ច​ព្រម​ព្រៀង​នោះ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់កាន់​តែ​ខ្លាំង​ឡើង​ពី​លោក Ron Prosor ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​អ.ស.ប។ លោក​បាន​ហៅ​សេចក្តី​សម្រេចចិត្ត​នោះ​ថា​ជា​ សោកនាដកម្ម​មួយ។

លោក Prosor ​បាន​និយាយថា​ «អ៊ីរ៉ង់ ឥឡូវនេះ ​នឹង​មាន​ប្រាក់​១៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម។ ​តើ​ប្រាក់​ប៉ុន្មាន​នឹង​ធ្លាក់​ទៅ​លើ​ក្រុម Hezbollah និង​ក្រុម Hamas ? ​តើ​ប្រាក់​ប៉ុន្មាន​ នឹងធ្លាក់​ទៅប្រធានា​ធិបតី Bashar al-Assadនៃ​ប្រទេស​ស៊ីរី ? តើ​ប្រាក់​ប៉ុន្មាន​ ​នឹង​ធ្លាក់​ទៅលើ​ពួក​សកម្ម​ជន​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក?»។

លោកស្រី Samantha Powers ឯក​អគ្គរដ្ឋ​ទូត​ស.រ.អា​ប្រចាំ​នៅ​អ.ស.ប ​បាន​សរសើរ​ក្រុម​ប្រឹក្សា​សន្តិសុខចំពោះ​ការ​សាក​ល្បងខាង​ការទូត ​ខណៈនោះ ​លោកស្រីឯក​អគ្គរដ្ឋទូត​ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​កិ​ច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​បំបាត់​ការ​បន្ត​ក្តី​កង្វល់​របស់ស.រ.អាអំពី​ប្រទេស​អ៊ីរ៉ង់​ទេ៕

XS
SM
MD
LG