ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់គ្រឿងសព្វាវុធនិងគ្រឿងឧបករណ៍ធុនធ្ងន់នៅក្នុងប្រទេសមួយចំនួន ក្នុងតំបន់សមុទ្របាល់ទិកនិងផ្នែកខាងកើតនៃទ្វីបអឺរ៉ុប។
គេបាននិយាយថា សំណើនេះជាការបញ្ចូនសញ្ញាខ្លាំងមួយទៅកាន់ប្រធានាធិបតីរុស្សី Vladimir Putin ថាស.រ.អ.នឹងទៅការពារក្រុមសម្ព័ន្ធមិត្តអូតង់របស់ខ្លួនក្នុងភាគខាងកើតនៃទ្វីបអឺរ៉ុប។
វិធានការនេះត្រូវបានរាយការណ៍ជាដំបូងនៅក្នុងកាសែត The New York Timesកាលថ្ងៃសៅរ៍។
ភាពតានតឹងមានសភាពធ្ងន់ធ្ងររួចស្រេចហើយនៅភាគខាងកើតនៃទ្វីបអឺរ៉ុប ក្រោយពេលរុស្សីបានចូលកាន់កាប់ឧបទ្វីបគ្រីម៉េនៃប្រទេសអ៊ុយក្រែន និងនៅពេលមានជម្លោះដែលកំពុងមានតទៅទៀតក្នុងអ៊ុយក្រែន។
សារព័ត៌មាន The New York Times បានផ្សាយថា លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អ. Ash Carter និងសេតវិមានត្រូវយល់ព្រមដល់សំណើនេះ ដែលនឹងបញ្ជូនគ្រឿងសព្វាវុធនិងអាវុធទៅកាន់ប្រទេស ប៊ុលហ្គារី អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី និងប្រហែលជាប្រទេសហុងគ្រីផងដែរ។
លោក Raimonds Vejonis រដ្ឋមន្ត្រីការពារប្រទេសនៃប្រទេសឡេតូនីបាននិយាយប្រាប់កាសែត The New York Times ថា «ប្រសិនបើមានអ្វីកើតឡើង យើងមិនអាចរង់ចាំច្រើនថ្ងៃឬច្រើនអាទិត្យ ដើម្បីទទួលគ្រឿងសព្វាវុធថែមទៀតទេ។ យើងត្រូវការធ្វើប្រតិកម្មជាបន្ទាន់»៕