ប្រទេសថៃបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ១.៣០០ លានដុល្លារ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា កន្លងទៅនេះ។ ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានធ្វើឡើង រយៈពេល៦ខែបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានថា ខ្លួននឹងដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសថៃ ប្រសិនបើប្រទេសនេះមិនព្រមប្ដេជ្ញាធ្វើកំណែទម្រង់សិទ្ធិពលកម្មឲ្យកាន់តែខ្លាំងក្លាជាងមុនទេនោះ។
ក៏ប៉ុន្តែក្រុមអ្នកវិភាគយល់ថា កាតព្វកិច្ចបង់ពន្ធថ្មីនេះនឹងមិនប៉ះពាល់ដោយផ្ទាល់ខ្លាំងក្លាណាស់ណាទេ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃទី២៥ ខែតុលា ថា ប្រទេសថៃ«នៅមិនទាន់បានចាត់វិធានការនានាដើម្បីផ្ដល់សិទ្ធិដល់កម្មករដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទៅលើផ្នែកសំខាន់ៗមួយចំនួននៅឡើយទេ»។ ការលើកឡើងដូច្នេះត្រូវបានធ្វើឡើងរយៈពេល៦ឆ្នាំ បន្ទាប់ពីសហជីពកម្មករសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហានេះ។
ការិយាល័យនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងយកពន្ធត្រឹមតែមួយភាគបីនៃទំនិញនាំចូលដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ៤.៤០០ លានដុល្លារ ប៉ុណ្ណោះ ដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែក្រោយ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកកបានប្រាប់ VOA កាលពីសប្ដាហ៍មុនថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធរបស់ថៃនឹងដំណើរការតាមការគ្រោងទុក។
អង្គការសិទ្ធិមនុស្សបានចោទប្រកាន់ប្រទេសថៃជាយូរមកហើយថាបានប្រយោជន៍ពីការជួញដូរមនុស្ស និងប្រាក់បំណុលទាសករទ្រង់ទ្រាយធំ ក្នុងចំណោមកម្មករចំណាកស្រុករាប់លាននាក់ ដែលជួយដល់សេដ្ឋកិច្ចប្រទេសថៃឲ្យដំណើរការទៅមុខ ជាពិសេសកម្មករដែលធ្វើការក្នុងឧស្សាហកម្មគ្រឿងសមុទ្រ ដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
នៅក្នុងរបាយការណ៍មួយស្ដីពីឧស្សាហកម្មគ្រឿងសមុទ្រដែលបានចេញផ្សាយកាលពីខែមុន អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានឲ្យដឹងថា ស្ថានភាពការងារ នៅក្នុងប្រទេសថៃមានភាពប្រសើរឡើង ប៉ុន្តែមិនច្រើនទេ។
របាយការណ៍នោះបានសរសេរយ៉ាងដូច្នេះថា៖ «ការបំពានធ្ងន់ធ្ងរនៅតែបន្ដកើតឡើងចំពោះកម្មករជាច្រើននាក់ដែលត្រូវបានស្ទង់មតិ»។ របាយការណ៍នោះបានគូសបញ្ជាក់ថា ការរងរបួសនៅតែកើតឡើងជាធម្មតា ហើយនិយោជកនៅតែប្រើប្រាស់បំណុលដើម្បីគ្រប់គ្រងកម្មករ ចំណែកឯពលករចំណាកស្រុកនៅតែត្រូវបានច្បាប់ហាមឃាត់មិនឲ្យបង្កើតសហជីពសម្រាប់ខ្លួនឯង។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី បានថ្លែងថា រដ្ឋាភិបាលថៃមិនបានធ្វើអ្វីទាល់តែសោះដើម្បីដោះស្រាយក្ដីបារម្ភខ្លាំងរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពី៦ខែមុន ហើយលោកក៏បានស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការកាត់ប្រព័ន្ធអនុគ្រោះពន្ធខ្លះៗពីប្រទេសថៃនេះដែរ។
លោក Robertson បានថ្លែងក្នុងសម្ដីដើមយ៉ាងដូច្នេះថា៖ «ទាំងនេះគឺជាអត្ថប្រយោជន៍ខាងពាណិជ្ជកម្មដែលត្រូវបានផ្ដល់ដល់ប្រទេសថៃ ដោយផ្អែកលើលក្ខខណ្ឌជាក់លាក់មួយចំនួន។ លក្ខខណ្ឌទាំងនោះគឺថា ប្រទេសថៃត្រូវគោរពសិទ្ធិពលករ ដោយរួមមានទាំងសេរីភាពនៃការប្រមូលផ្ដុំ និងសិទ្ធិក្នុងការតវ៉ាជាប្រព័ន្ធផងដែរ។ មានភស្តុតាងគ្រប់គ្រាន់បង្ហាញថា រដ្ឋាភិបាលក្រុងបាងកកមិនបានធ្វើកំណែទម្រង់ច្បាប់ពលកម្មដែលមានលក្ខណៈខ្វះចន្លោះខ្លាំង ឬពង្រឹងការអនុវត្តច្បាប់មួយចំនួនដើម្បីការពារសិទ្ធិពលករនោះទេ»។
លោកបានលើកឡើងទៀតថា៖ «ដូច្នេះប្រទេសថៃបាត់បង់អត្ថប្រយោជន៍អនុគ្រោះពន្ធដែលខ្លួនទទួលបានកាលពីមុននេះ ដោយសារតែប្រទេសថៃមិនបានធ្វើតាមលក្ខខណ្ឌដែលតម្រូវ»។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី Ratchada Thanadirek បានមានប្រសាសន៍ថា កំណែទម្រង់ច្បាប់ពលកម្មកំពុងតែដំណើរការ ប៉ុន្តែទទួលស្គាល់ថា លទ្ធផលប្រហែលជាមិនធ្វើឲ្យការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកពេញចិត្តនោះទេ។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «មិនមែនថាយើងមិនអាចធ្វើវាបាននោះទេ ប៉ុន្តែមានរឿងខ្លះដែលយើងមិនអាចធ្វើបាននៅពេលនេះ។ ហើយនៅពេលដែលយើងនឹងធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយ យើងត្រូវស្ដាប់ភាគីពាក់ព័ន្ធទាំងអស់»។
អង្គការការពារសិទ្ធិកម្មករថៃមួយចំនួនប្រឆាំងមិនឲ្យកម្មករចំណាកស្រុកបង្កើតសហជីពរបស់ខ្លួននោះទេ ដោយអះអាងថា ពួកគេអាចនឹងទទួលបានផលប្រយោជន៍ជាងកម្មករក្នុងស្រុក។
អ្នកស្រី Ratchada បានថ្លែងថា ការផ្ដល់សហជីពឲ្យដល់កម្មករអន្ដោប្រវេសន៍មិនមែនជាដំណោះស្រាយនោះទេ ហើយវាក៏មិនមែនជាមធ្យោបាយតែមួយក្នុងការជួយដល់ពួកគេនោះដែរ។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ការបង្កើតសហជីពកម្មករអន្តោប្រវេសន៍ មិនមែនមានន័យថា អ្នកអាចធានាបាននូវសិទ្ធិកម្មករនោះទេ។ ប៉ុន្តែយើងកំពុងតែធានានិងការពារសិទ្ធិកម្មករអន្ដោប្រវេសន៍ ដូច្នេះខ្ញុំគិតថា វាសំខាន់ជាងការដែលមានសហជីពខ្លួនឯងទៅទៀត»។
ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធវិញ អ្នកស្រី Ratchada បាននិយាយថា ទំហំនៃការនាំចេញទំនិញរបស់ថៃដែលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធមិនរងផលប៉ះពាល់ខ្លាំងនោះទេ ហើយក៏នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងក្លានោះដែរ។
ក្រុមអ្នកវិភាគនិងសេដ្ឋវិទូយល់ស្រប។
លោក Wisarn Pupphavesa ជាសេដ្ឋវិទូនិងជាទីប្រឹក្សានៃវិទ្យាស្ថានស្រាវជ្រាវការអភិឌ្ឍថៃដែលមានទីស្នាក់ការនៅទីក្រុងបាងកក បានឲ្យដឹងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះមិនមែនជារឿងធំដុំនោះទេសម្រាប់ប្រទេសថៃ។
យោងតាមទិន្នន័យនៃការិយាល័យជំរឿនសហរដ្ឋអាមេរិក ទំនិញដែលមានតម្លៃជាទឹកប្រាក់ចំនួន ១.៣០០លានដុល្លារដែលបាត់បង់ឋានៈអនុគ្រោះពន្ធនេះគឺតិចជាង៤%នៃទំនិញសរុបដែលសហរដ្ឋអាមេរិកនាំចូលពីប្រទេសថៃកាលពីឆ្នាំមុន និងមានតម្លៃតិចជាងមួយភាគរយនៃការនាំចេញទំនិញសរុបរបស់ថៃទៅកាន់ប្រទេសនានាទូទាំងពិភពលោកកាលពីឆ្នាំមុននេះ។
លោក Harrison Cheng នាយកក្រុមហ៊ុនប្រឹក្សាយោបល់ Control Risks ដែលតាមដានអំពីកិច្ចការប្រទេសថៃ បាននិយាយថា លោកក៏យល់ថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធនេះមានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះសេដ្ឋកិច្ចថៃ។
ប៉ុន្តែលោកបាននិយាយថា ផលប៉ះពាល់នោះនឹងមានទំហំធំជាងនេះ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលកំពុងតែបំផ្លាញសេដ្ឋកិច្ចទៅវិញទេ ហើយវានឹងធ្វើឲ្យប្រទេសថៃមិនសូវទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននានា ដែលរួមមានទាំងបណ្ដារោងចក្រផលិតដែលកំពុងតែព្យាយាមរើចេញពីប្រទេសចិនផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wilbur Ross បាននិយាយបន្ធូរបន្ថយការកាត់ឋានៈអនុគ្រោះពន្ធនេះ ថា«មិនសំខាន់»នោះទេ បន្ទាប់ពីលោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha នៅក្នុងទីក្រុងបាងកកកាលពីខែវិច្ឆិកា កន្លងទៅនេះ។
លោក Ross បានថ្លែងយ៉ាងដូច្នេះថា៖ «ការកាត់ឋានៈអនុគ្រោះពន្ធនេះត្រូវគេបំប៉ោងឱ្យដូចជាធំណាស់។ តាមពិត វាមិនមែនជារឿងធំដុំនោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា