ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​និយាយ​ថា ភាព​ក្រីក្រ និង​វិសមភាព​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​កើន​ឡើង


បុរស​ម្នាក់​សុំទាន​នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។

របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​បាន​សរសេរ​ថា អត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទោះ​ជា​មាន​កំណើន​សេដ្ឋកិច្ច​ថេរ​ក្តី។

កំណើន​អត្រា​ភាពក្រីក្រ​នេះបាន​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ធំនៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី២​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មីនា​ដែល​មាន​ចំណងជើង​ថា «ការ​វាស់ស្ទង់​លើ​ភាព​ក្រីក្រ និង​វិសមភាព​នៅ​ក្នុង​ប្រទេស​ថៃ ឬ​ជា​ភាសា​អង់គ្លេស​ថា Taking the Pulse of Poverty and Inequality in Thailand» សរសេរ​ថា អត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​កើន​ឡើង​ពី​៧,២% ទៅ​ដល់​៩,៨% នៅ​ចន្លោះ​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៨ ដោយ​មាន​មនុស្ស​ជិត​២លាន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ក្រ។

វិសមភាព​ ដែល​ត្រូវ​វាស់ស្ទង់​តាមរយៈការ​ចំណាយ​ក្នុង​គ្រួសារ ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដែរ​នៅ​ក្នុង​ឆ្នាំ២០១៦ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤ឆ្នាំ ហើយ​ក៏​ធ្លាក់​ចុះ​វិញ​បន្តិច​ម្តងៗ​ចាប់តាំងពី​ពេល​នោះ​មក។

អ្នក​វិភាគ​មើល​ឃើញ​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​តួលេខ​ទាំង​នេះ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​សកល​កាលពី​ឆ្នាំ​មុន ដែល​ជា​ការ​បោះឆ្នោត​ជា​លើក​ដំបូង​ ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ Prayut Chan-ocha ដែល​ឥឡូវ​នេះ​គឺ​ជា​នាយករដ្ឋមន្ត្រី​នៃប្រទេសថៃ។

គណបក្ស Pheu Thai ដែល​ជា​គណបក្ស​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra បាន​ឈ្នះ​សំឡេង​ឆ្នោត​ច្រើន​បំផុត​ទី២ និង​មាន​ចំនួន​កៅអី​ច្រើន​បំផុត​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ការ​គាំទ្រ​ពី​ខេត្ត​ក្រីក្រ​បំផុត​មួយ​ចំនួន​របស់​ថៃ​នៅ​ភាគ​ខាង​ជើង និង​ឦសានប្រទេស។​

ព្រឹទ្ធសភា និង​គណកម្មការ​បោះឆ្នោត​ដែល​តែងតាំង​ដោយ​យោធា​ចុងក្រោយ​បញ្ចប់​ការ​ប្រកួតប្រជែង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​គាំទ្រ​លោក Prayut ប៉ុន្តែ​ចំនួន​នេះ​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ជា​យូរ​មក​ហើយ​ក្នុងចំណោម​អ្នកក្រ​នៅ​ក្នុង​ប្រទេស​នេះ។

លោក Paul Chambers ដែល​ជា​អ្នក​វិភាគ​នយោបាយ និង​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា «ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​គឺ​ជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​ការ​បង្ហាញ​ភាព​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ២០១៩។ នេះ​ជា​មូលហេតុ​ដែល​គណបក្ស Pheu Thai ទទួល​បាន​លទ្ធផល​ល្អ ជាពិសេស​ដោយសារ​តែ​កសិករ​នៅ​ជនបទ និង​អ្នក​នៅ​ទីក្រុង​បន្ត​គាំទ្រ​ភាព​ល្បីល្បាញ​របស់​លោក Thaksin»។​

លោក Thaksin បាន​ជាប់​ឈ្នះ​ជា​នាយករដ្ឋមន្ត្រី​ដំបូង​នៅ​ក្នុង​ឆ្នាំ២០០១ បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នៅ​ចុង​ទសវត្សរ៍​១៩៩០ និង​បាន​ជាប់​ឆ្នោត​សម្រាប់អណាត្តិ​រយៈពេល​៤ឆ្នាំ​ទៀត ប៉ុន្តែ​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ឆ្នាំ២០០៦។ មហាសេដ្ឋី​ផ្នែក​ទូរមនាគមន៍​រូប​នេះ​កំពុង​រស់នៅ​បរទេស​នៅ​ពេល​នេះ ដើម្បី​គេច​ពី​ការ​កាត់ទោស​ពី​បទ​អំពើ​ពុករលួយ​ក្នុង​ឆ្នាំ២០០៨ ដែល​លោក​បដិសេធ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ការ​ផ្ទេរ​សាច់ប្រាក់ និង​គោលនយោបាយ​ល្បីៗ​ផ្សេង​ទៀត​ដែល​លោក​បាន​ជំរុញ​បង្កើត​ឡើង បាន​ធ្វើ​ឱ្យ​លោក និង​បក្សពួក​របស់​លោក​ទទួល​បាន​អ្នក​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ក្នុង​ចំណោម​កសិករ​នៅ​ភាគ​ខាង​ជើង និង​ឦសាន​នៃ​ប្រទេស​ថៃ។ ពួកគេ​យល់​ថា ពួកគេ​ត្រូវ​បាន​ក្រុម​អភិជន​នៅ​ទីក្រុង​ ដែល​ភាគច្រើន​គឺ​អ្នក​មាន​នៅ​ក្នុង​ក្រុង​បាងកក បោះបង់​ចោល។

លោក Harrison Cheng នាយក​រង​នៃ​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ឈ្មោះ​ថា Control Risks ដែល​តាមដាន​ស្ថានការណ៍​ក្នុង​ប្រទេស​ថៃ​និយាយ​ថា «នេះ​ជា​មូលហេតុ​មួយ​ផ្នែក​ដែល​លោក Thaksin អាច​ងើប​ឡើង​វិញ​នៅ​ដើម​ទសវត្សរ៍​២០០០ ដោយសារ​តែ​ការ​មិន​សុខ​ចិត្ត​អំពី​ការ​បែងចែក​ធនធាន​មិន​ស្មើ​គ្នា»។ លោក​និយាយ​ថា ការ​ផ្តោត​លើ​ទ្រព្យសម្បត្តិ និង​អំណាច​នៅ​ក្នុង​ក្រុង​បាងកក​នៅ​តែ​បន្ត​មាន​ក្រោម​ការ​ដឹកនាំ​របស់​លោក Prayut។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​គាំទ្រ​ការ​លើក​ឡើង​ខាង​លើ។​ វា​បង្ហាញ​ថា ភាពក្រីក្រ​នៅ ថេរ​ក្នុង​អត្រា​ប្រមាណ​២%​ នៅ​ចន្លោះ​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​បាងកក ខណៈមាន​ការ​កើន​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត ហើយ​មិន​មាន​កន្លែង​ណា​កើន​ឡើង​ខ្លាំង​ជាង​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នោះ​ទេ។

ដោយសារ​តែមាន​ការ​បះបោរ​របស់​អ្នកកាន់សាសនាឥស្លាម​ ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​បាន​ក្លាយ​ជា​តំបន់​ក្រីក្រ​ជាង​គេ​បំផុត​នៅ​ក្នុង​ឆ្នាំ២០១៧ ហើយ​មាន​អត្រា​ខ្ពស់​ជាង​តំបន់​ភាគ​ពាយព្យ​បន្តិច​ ដែល​តំបន់​ភាគ​ពាយព្យ​នេះ​មាន​អត្រា​ភាព​ក្រីក្រ​ប្រមាណ​១២%។ តំបន់​ភាគ​ខាង​ត្បូង​នៅ​តែ​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាងតំបន់​ភាគ​ពាយព្យ​ក្នុង​អត្រា​ជាង​១៤%​នៅ​ក្នុង​ឆ្នាំ២០១៨។

របាយការណ៍​នេះ​កំណត់​ពី​កំណើនចុង​ក្រោយ​បង្អស់​នៃ​កំណើន​ភាព​ក្រីក្រ និង​វិសមភាព​ដោយសារ​គ្រោះរាំងស្ងួត កំណើត​សេដ្ឋកិច្ច​យឺត និង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ក្នុង​ចំណោម​កសិករ​នៅ​ជនបទ និង​អាជីវករ​នៅ​ទីក្រុង។ ធនាគារ​នេះ​និយាយ​ថា ប្រទេស​ថៃ​ឥឡូវ​នេះ​មាន​កំណើន​៤យ៉ាង​នេះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ២០០០​មក ច្រើន​ជាង​ប្រទេស​ទាំង​៩​ទៀត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន។​

អ្នក​ស្រី Judy Yang ដែល​ជា​អ្នក​និពន្ធ​របាយការណ៍​នោះ​សន្និដ្ឋាន​ថា យ៉ាង​ហោច​ណាស់​ការណ៍​នេះ​មួយ​ផ្នែក​បាន​ធ្វើ​ឱ្យ​មាន​កំណើន​ប្រាក់​ឈ្នួល​យឺត​ ដែល​យឺត​ជាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់។ អ្នកស្រី​និយាយ​ថា «ប្រសិន​បើ​អ្នក​ជា​គ្រួសារ​មួយ អ្វី​ដែល​ទាញ​អ្នក​ចេញ​ពី​ភាព​ក្រីក្រ​គឺ​ការងារ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ល្អ ការ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន និង​ការ​ទទួល​បាន​ប្រាក់​ចំណូល​ពលកម្ម​ទៅ​តាម​ទីផ្សារ»។

អ្វី​ដែល​ធ្វើ​ឱ្យ​ថៃ​មាន​ភាព​ខុស​ពី​ប្រទេស​ដទៃ​គឺ​ចលាចល​នយោបាយ​នៅ​ក្នុង​ប្រទេស។​ ប្រទេស​នេះ​ឧស្សាហ៍​មាន​រដ្ឋប្រហារ​ដែលមាន​ការ​ផ្លាស់ប្តូរ​ទៅ​វិញ​ទៅ​មក​រវាង​ការ​ដឹកនាំ​ដោយ​យោធា និង​ក្រុម​ស៊ីវិល​ចំនួន​៤ដង​រួចហើយ ចាប់តាំង​ពី​ឆ្នាំ២០០៦មក។ រដ្ឋាភិបាល​ខ្លះ​ដឹកនាំ​បាន​រយៈពេល​ខ្លី​ ដោយសារ​តែ​មាន​ដីកា​ដ៏​ចម្រូងចម្រាស​ពី​តុលាការ និង​មាន​ការ​តវ៉ាទ្រង់ទ្រាយ​ធំ​ជាច្រើន ដែល​ការ​តវ៉ា​មួយ​ចំនួន​បាន​បណ្តាល​ឱ្យ​មនុស្ស​សា្លប់​ផង​ដែរ។

ធនាគារ​ពិភពលោក​និយាយ​ថា កំណើន​ភាព​ក្រីក្រ​ភាព​ច្រើន​របស់​ថៃ​កើត​ឡើង​ចំ​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ឬ​សាកល ឬ​ដោយសារ​តែ​មាន​គ្រោះ​រាំងស្ងួត ប៉ុន្តែ​ធនាគារ​នេះ​បាន​បន្ថែម​ថា រយៈពេល​នៃ​អស្ថិរភាព​នយោបាយ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់ និង​ការ​វិនិយោគ ដែល​វា​បាន​ធ្វើ​ឱ្យ​បា្រក់ចំណូល​ធ្លាក់​ចុះ ហើយ​អត្រា​ភាព​ក្រីក្រ​កើន​ឡើងផងដែរ។

លោក Cheng នៅ​ក្រុមហ៊ុន​ប្រឹក្សាយោបល់ Control Risks បាន​និយាយ​ថា ការសន្ទនា​របស់​លោក​ជាមួយ​នឹង​អតិថិជន​របស់​លោក​បញ្ជាក់​ថា នយោបាយ​មិន​ស្ថិតស្ថេរ​របស់​ថៃ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មាន​សក្តានុពល​ជាច្រើន​រអា​មិន​ហ៊ាន​វិនិយោគ ហើយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ។

លោក​បាន​និយាយ​ថា «អ្នក​វិនិយោគ​ជាច្រើន​កំពុង​នៅ​ឱ្យ​ឆ្ងាយ និង​កំពុង​រង់ចាំ​មើល​ឱ្យ​បាន​យូរ​នៅ​ពេល​នេះ។ ប្រសិន​បើ​ពួកគេ​មិន​ទាន់​ស្ថិត​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ពួកគេ​នឹង​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់​ថា​តើ​ពួកគេ​គួរ​តែ​វិនិយោគ​ឬ​យ៉ាង​ណា​ ដោយសារ​តែ​ពួកគេ​គិត​ថា នឹង​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ម្តង​ទៀត? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​មាន​ការ​តវ៉ា​តាម​ផ្លូវ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​ក្នុង​ឆ្នាំ២០១៣ ឬ​២០១៤? តើ​នឹង​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​អាវ​ក្រហម និង​យោធា​ក្រុង​បាងកក​ដូច​កាលពី​ឆ្នាំ២០១០ដែរ​ឬ​ទេ?»។

លោក Cheng និយាយ​ថា ការ​ប្តូរ​រដ្ឋាភិបាល​ភ្លាមៗ ​ក៏​ធ្វើ​ឱ្យ​មាន​គោលនយោបាយ​រយៈពេល​ខ្លី​ស្តីពី​ភាពក្រីក្រ និង​វិសមភាព​ ដែល​ការណ៍​ធ្វើ​បែប​នេះ​គ្រាន់​តែ​បន្ធូរ​ស្ថានការណ៍​តែ​មួយគ្រា​ប៉ុណ្ណោះ​ជាជាង​ដោះស្រាយ​បញ្ហា។

លោក Chambers និង​លោក Cheng យល់ស្រប​ថា ប្រសិនបើ​តួលេខ​ចុង​ក្រោយ​នេះ​កាន់​តែ​អាក្រក់​ បញ្ហា​របស់​លោក Prayut នឹង​កើត​ឡើង​ផង​ដែរ ហើយ​វា​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​នៃ​ចំណាត់ថ្នាក់​អ្នក​ក្រ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​បញ្ហា​នៃ​អ្នក​បោះឆ្នោត​ដែល​មិន​ពេញ​ចិត្ត​ផង​ដែរ។

របាយការណ៍​ធនាគារ​ពិភពលោក​ផ្តល់​តួលេខ​ពី​ភាពក្រីក្រ និងវិសមភាព​រហូត​ដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​បាន​បន្ថែម​ថា «និន្នាការ​ក្រោយ​ឆ្នាំ​នេះ​មិន​មាន​សុទិដ្ឋិនិយម​នោះ​ទេ ដោយសារ​តែ​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប និង​ប្រាក់​ឈ្នួល​នៅ​ថេរ»។

កសិករ​បាន​ជួប​គ្រោះ​រាំងស្ងួត​ដ៏​កំណាច​មួយ​ទៀត​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ថៃ​ធ្លាក់​ចុះ​ត្រឹម២,៤% ដែល​នេះ​ជា​អត្រា​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០១៤​មក។ ការ​ប៉ាន់ស្មាន​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​ឆ្នាំ២០២០​គឺ​កាន់​តែ​អាក្រក់​ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា ដែល​ប៉ះពាល់​យ៉ាងខ្លាំងដល់​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ថៃ​។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទាំង​នេះ រដ្ឋាភិបាល​របស់​លោក Prayut បាន​បង្កើន និង​បង្កើត​នូវ​កម្មវិធី​សុខមាលភាព​សង្គម​ថ្មីៗ​សម្រាប់​គ្រួសារ​ក្រីក្រ​តោកយ៉ាក ហើយ​កាលពី​ដើម​ខែ​មីនា​បាន​អនុម័ត​កញ្ចប់​ជំនួយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​បញ្ចេញ​ទឹក​ប្រាក់​ប្រមាណ​១២,៦ពាន់លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច។

ធនាគារ​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​ថា អាជ្ញាធរ​គួរ​បន្ត​ពង្រឹង​យន្តការ​សុវត្ថិភាព​ និង​បង្កើត​ការងារ​ល្អ​ជាង​មុន​សម្រាប់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​នៅ​ក្នុង​រយៈពេល​ខ្លី។ នៅ​ក្នុង​រយៈពេល​វែង ធនាគារ​នេះ​និយាយ​ថា ការ​ផ្តល់​ឱ្យ​កុមារ​នូវ​ការ​ទទួល​បាន​ឱកាស​អប់រំ និង​សុខភាព​គឺ​វា​វិធី​ល្អ​បំផុត​ធ្វើ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​កាន់​តែ​មាន​ភាព​រុងរឿង និង​ភាព​ស្មើ​គ្នា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG