ប្រទេសចិនបានជំរុញសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រឱ្យអនុវត្ត «ការប្រុងប្រយ័ត្នខ្ពស់បំផុត» ចំពោះទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់នៅមុនដំណើរទស្សនកិច្ចដ៏រសើបរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះទៅកាន់កោះ Hawaii និងកោះ Guam ដែលជាទឹកដីនិងដែនដីរបស់សហរដ្ឋអាមេរិក នៅក្នុងផ្នែកមួយនៃទស្សនកិច្ចរបស់លោកនៅតំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំនៅក្នុងទីក្រុងប៉េកាំងថា៖ «ប្រសិនបើសហរដ្ឋអាមេរិកចង់រក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ វាពិតជាសំខាន់ណាស់ដែលសហរដ្ឋអាមេរិកទទួលស្គាល់នូវចរិតទាមទារឯករាជ្យរបស់លោក Lai Ching-te និងអាជ្ញាធរបក្សវិវឌ្ឍនិយមប្រជាធិបតេយ្យ [របស់លោក]»។
អ្នកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែ «ចាត់ចែងបញ្ហាតៃវ៉ាន់នេះដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រឆាំងជាក់ស្ដែងចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងគាំទ្រការបង្រួបបង្រួមឡើងវិញដោយសន្តិវិធីរបស់ប្រទេសចិន»។
អ្នកនាំពាក្យក្រសួងការបទេសអាមេរិកបានបញ្ជាក់ជាថ្មីអំពីជំហររបស់សហរដ្ឋអាមេរិកដែលថាការធ្វើដំណើរឆ្លងកាត់ណាមួយរបស់មន្ត្រីជាន់ខ្ពស់តៃវ៉ាន់គឺជាទម្លាប់ធម្មតាជាប្រចាំនិង «ស្របតាមការអនុវត្តដ៏យូរមកហើយ លក្ខណៈមិនផ្លូវការនៃទំនាក់ទំនងរបស់យើងជាមួយតៃវ៉ាន់ និងគោលនយោបាយសហរដ្ឋអាមេរិកទាក់ទិននឹងចិនតែមួយ ដែលនៅតែមិនប្រែប្រួល»។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ «យើងមិនឃើញមានហេតុផលត្រឹមត្រូវណាមួយសម្រាប់ការយកការធ្វើដំណើរឆ្លងកាត់ជាប្រចាំលក្ខណៈឯកជនមិនផ្លូវការនេះជាលេសដើម្បីបង្កហេតុនោះទេ»។
ទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក Lai នេះនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ ដោយលោកនឹងធ្វើដំណើរទៅកោះ Hawaii របស់សហរដ្ឋអាមេរិកដំបូងគេមុនពេលធ្វើដំណើរទៅកាន់ប្រទេស Marshall Islands ប្រទេស Tuvalu និងប្រទេស Palau ដែលជាប្រទេស ៣ ក្នុងចំណោមប្រទេសចំនួន ១២ ដែលមានទំនាក់ទំនងផ្លូវការជាមួយនឹងតៃវ៉ាន់។ លោកក៏នឹងឈប់សំចតផងដែរនៅលើកោះ Guam ដែលជាដែនដីរបស់សហរដ្ឋអាមេរិក៕
ចិនជំរុញអាមេរិកឱ្យ «ប្រុងប្រយ័ត្នខ្ពស់បំផុត» មុនទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ទៅកោះ Hawaii
- Reuters
វេទិកាបញ្ចេញមតិ