ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​មីន​ថា​ការ​ផ្តល់​មីន​របស់​អាមេរិក​ដល់​អ៊ុយក្រែន​បង្អាក់​ដល់​សន្ធិសញ្ញា​ហាមប្រាម​មីន


រដ្ឋ​មន្ត្រីការពារជាតិ​អ៊ុយក្រែន​លោក Yevhenii Kivshyk ថ្លែង​នៅ​ក្នុងសន្នសីទ​ប្រឆាំង​មីន​ពិភពលោក​ដែលបានធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាបប្រទេស​កម្ពុជា កាលពីថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋ​មន្ត្រីការពារជាតិ​អ៊ុយក្រែន​លោក Yevhenii Kivshyk ថ្លែង​នៅ​ក្នុងសន្នសីទ​ប្រឆាំង​មីន​ពិភពលោក​ដែលបានធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាបប្រទេស​កម្ពុជា កាលពីថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ២០២៤។

ការ​ផ្តល់​មីន​ប្រឆាំង​មនុស្ស​របស់​អាមេរិក​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​បង្ក​ជា «វិបត្តិ» ដល់​សន្ធិសញ្ញា​ហាមប្រាម​មីន​ជា​សាកល។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​មីន​ដែល​បាន​ជួបប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​មីន​បាន​ជំរុញ​អ៊ុយក្រែន​ឲ្យ​ទាត់ចោល​បំណង​ផ្តល់​មីន​របស់​អាមេរិក​នេះ។

អ៊ុយក្រែន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ចំនួន ១៦៤ ដែល​បាន​ផ្តល់​សច្ចាប័ន​ដល់​សន្ធិសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស។ សន្ធិសញ្ញា​នេះ​ហាមប្រាម​ការ​ប្រើ ការ​ស្តុក ការ​ផលិត និង​ការ​ផ្ទេរ​គ្រាប់​មីន។

សហរដ្ឋ​អាមេរិក​ដែល​មិនមែន​ជា​ភាគី​នៃ​សន្ធិសញ្ញា​នេះ​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុខ​ថា​ខ្លួន​នឹង​ផ្ទេរ​គ្រាប់មីន​ទៅ​ឲ្យ​អ៊ុយក្រែន ដែល​ទង្វើ​នេះ​នាំឲ្យ​មាន​ការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិមនុស្ស​នានា។

បំណង​ផ្តល់​មីន​របស់​អាមេរិក​នេះ​បាន​បង្ក​ជា «វិបត្តិ» ដល់​សន្ធិសញ្ញា​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Tamar Gabelnick នាយិកា​អង្គការ​យុទ្ធនាការ​អន្តរជាតិ​ហាមប្រាម​មីន (ICBL) ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​របស់​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា។

អ្នកស្រី​ថ្លែង​ថា៖ «ហេតុ​ដូច្នេះ យើង​សង្ឃឹម​យ៉ាង​ម៉ុតមាំ​ថា​អ៊ុយក្រែន​នឹង​បដិសេធ​ចោល​យ៉ាង​ម៉ឺងម៉ាត់​នូវ​មីន​ដែល​អាមេរិក​ផ្តល់​ឲ្យ»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ធ្លាប់​បាន​ហៅ​មីន​ទាំង​នេះ​ថា «មាន​សារៈសំខាន់​យ៉ាងខ្លាំង» ដើម្បី​បញ្ឈប់​ការ​វាយប្រហារ​របស់​រុស្ស៊ី។

សន្និសីទ​នៅ​ខេត្ត​សៀមរាប​នេះ​គឺជា​កិច្ចប្រជុំ​ធ្វើ​ឡើង ៥ ឆ្នាំ​ម្តង​ដោយ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ប្រឆាំង​មីន​ដើម្បី​វាយតម្លៃ​វឌ្ឍនភាព​នៃ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ពិភពលោក​មួយ​ដែល​គ្មាន​មីន​ប្រឆាំង​មនុស្ស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG