ខេត្តភាគច្រើននៅក្នុងប្រទេសថៃបានហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ដោយធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាល ដែលស្នើកុំឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលខ្លាំងនៃជំងឺ COVID-19។
ប្រទេសថៃស្ថិតក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលបានលុបចោល ឬក៏កាត់បន្ថយការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីព្រះពុទ្ធសាសនាដ៏អធិកអធម ក្នុងអំឡុងពេលមានការឆ្លងរាលត្បាតនៃជំងឺ COVID-19 នេះ។
ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃជាទូទៅធ្វើនៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា ប៉ុន្តែនៅក្នុងឆ្នាំនេះ រដ្ឋាភិបាលបានផ្អាកថ្ងៃឈប់សម្រាកនេះ។
បម្រាមលក់គ្រឿងស្រវឹងរយៈពេល ១០ ថ្ងៃនៅក្នុងទីក្រុងបាងកក បានចូលជាធរមានកាលពីថ្ងៃសុក្រ។ ខេត្តប្រហែល ៤៧ ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសថៃ បានអនុវត្តបម្រាមនេះរហូតដល់ថ្ងៃទី ១៥ ខែមេសា ឬរហូតដល់ចុងខែមេសា។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃថៃនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
ទីក្រុងបាងកក ដែលជាធម្មតាបិទផ្លូវមួយចំនួននៅក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីលេងបាចទឹកដាក់គ្នាតាមបែបប្រពៃណី បានផ្អាកសកម្មភាពនេះ និងបានជំរុញឲ្យកន្លែងអាជីវកម្ម និងផ្សារទំនើបនានាធ្វើដូចគ្នានេះដែរ។
រដ្ឋាភិបាលថៃក៏បានជំរុញប្រជាពលរដ្ឋកុំឲ្យធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនដូចកន្លងមកនៅក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះផងដែរ។
គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ២.៥៥១ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះសរុបចំនួន ៣៨ នាក់៕ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopikins នៅសហរដ្ឋអាមេរិក៕