ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​ជំងឺ​កូវីដ១៩​កើន​​ច្រើន​នៅ​ក្នុង​ស.រ.អា.​ ក៏​ប៉ុន្តែ​​ចំនួន​មនុស្ស​ស្លាប់​នៅ​ថេរ​សម្រាប់​ពេល​នេះ


លោក Shania Dod បើក​ប្រដាប់​ធ្វើ​តេស្ត​ដើម្បី​យក​សំណាក​ពី​អ្នក​ជំងឺ​ម្នាក់​នៅ​កន្លែង​ពិនិត្យ​រក​ជំងឺ​កូវី១៩ នៃ​មជ្ឈមណ្ឌល​សុខាភិបាល​ United Memorial Medical Center កាល​ពី​ថ្ងៃ​ពុធ ទី​៨ កក្កដា ២០២០ នៅ​ទីក្រុង​ Houston សហរដ្ឋ​អាមេរិក។
លោក Shania Dod បើក​ប្រដាប់​ធ្វើ​តេស្ត​ដើម្បី​យក​សំណាក​ពី​អ្នក​ជំងឺ​ម្នាក់​នៅ​កន្លែង​ពិនិត្យ​រក​ជំងឺ​កូវី១៩ នៃ​មជ្ឈមណ្ឌល​សុខាភិបាល​ United Memorial Medical Center កាល​ពី​ថ្ងៃ​ពុធ ទី​៨ កក្កដា ២០២០ នៅ​ទីក្រុង​ Houston សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ស.រ.អា. ​​ការ​ឆ្លង​ជំងឺ​កូវីដ១៩​កើន​កាន់​តែ​​​ច្រើន ​​ប៉ុន្តែ​​ចំនួន​មនុស្ស​ស្លាប់​នៅ​នឹង។​ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ពួក​​អ្នក​ជំ​នាញ​ព្រមាន​​​​ថា ត្រូវ​រង់​ចាំ​មើល​ពេល​ប៉ុន្មាន​សប្តាហ៏​ខាង​មុខសិន ពី​ព្រោះ​វីរ៉ុស​កូរ៉ូណា​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២ ឬ ៣ អាទិត្យ​ ក្រោយ​ពី​ការ​ឆ្លង។

ចំនួនមនុស្ស​ឆ្លងវីរុស​កូរ៉ូណាកំពុង​កើនខ្លាំង​នៅ​ក្នុង​ស.រ.អា.។ ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺនេះ​នៅ​នឹង។ នេះហាក់ដូចជា​ដំណឹងល្អ។​ ក៏​ប៉ុន្តែពួក​អ្នក​ជំនាញ​ព្រមានកុំ​ឱ្យផ្តោត​ការ​យក​ចិត្ត​ទុកដាក់ខ្លាំង​ពេក​លើ​ដំណឹង​នេះ។

តួ​លេខ​នៃ​ការឆ្លង​ថ្មីៗបាន​កើន​ឡើង​ជា​ទៀង​ទាត់ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែមិថុនា​មក។​ ការ​ឆ្លង​ថ្មីៗ​មាន​ចំនួន​លើស​៥ម៉ឺន​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​កន្លង​ទៅ​នេះ។​ ក៏​ប៉ុន្តែចំនួន​មនុស្ស​ស្លាប់ដោយសារ​ជំងឺ​កូវីដ១៩ដែល​ជា​ជំងឺ​បណ្តាល​មក​ពី​វីរុសកូរ៉ូណា​បាន​ចុះ​ថយនៅ​ក្នុង​ពេល​៧​ថ្ងៃ​ដែរ។ នៅ​ពេល​នេះចំនួនមនុស្ស​ស្លាប់​មាន​ជា​មធ្យម​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ប៉ុន្តែ​ពួក​វេជ្ជបណ្ឌិតកត់​សម្គាល់​ថា ជំងឺ​កូវីដ១៩បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បីបួន​សប្តាហ៍​ក្រោយការ​ឆ្លង​ជំងឺនេះ។ ចំនួន​មនុស្សទទួល​ទាន​ដំណេកក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការថែ​ទាំបានចាប់ផ្តើម​កើន​ជាង​មុន​ មិន​ដល់បី​អាទិត្យ​មុន​នេះ។ បើតាមគម្រោងការ​តាមដាន​អ្នក​ឆ្លង​ជំងឺ​នេះ​ថាចំនួន​នេះ​បាន​កើន​ច្រើន​ជាង​មុន​មួយ​ភាគ​បីចាប់​តាំង​ពី​ពេល​នោះ​មក។

លោក ​Amesh Adalja ​ជា​អ្នក​ស្រាវ​ជ្រាវជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌលសន្តិសុខ​សុខភាពនៃ​សាកល​វិទ្យាល័យ Johns Hopkins។ លាក​បាន​និយាយ​ថា​ អាចនឹងមាន​មនុស្ស​ស្លាប់​ថែម​ទៀត​នៅ​ពេល​បន្ទាប់។

លោក Amesh Adalja បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថាដោយ​គ្រាន់​តែយកមក​គិត​តាម​ជីវសាស្ត្រ​និង​គណិត​សាស្ត្រ យើង​នឹង​ឃើញ​ថាចំនួន​មនុស្ស​ស្លាប់នឹង​កើនឡើងនៅ​ពេលអ្នក​ជំងឺ​ទទួល​ទាន​ដំណេក​ក្នុង​មន្ទីរ​ពេទ្យ​ក៏​មាន​ច្រើន​ជាង​មុន​ហើយការ​ប្រើ​គ្រែ​នៅក្នុង​ផ្នែកជួយ​សង្គ្រោះ​បន្ទាន់​ក៏មាន​ច្រើន​ជាង​មុន​ដែរ។»

មនុស​មានវ័យ​ក្មេង​ដែល​ឆ្លង​ជំងឺ​កូវីដ១៩

ហេតុ​ផល​មួយ​ដែល​ការ​រាប់​ចំនួនអ្នកស្លាប់​ឃើញ​មាន​តិច​គឺ​ដោយសារ​មនុស្សច្រើន​នាក់​មានឆ្លង​ជំងឺ​នេះ​ជា​មនុស្ស​វ័យ​ក្មេង​ហើយ​មាន​ទំនង​តិចក្នុង​ការ​មានជំងឺ​ធ្ងន់ធ្ងរ។ នៅ​ក្នុង​កន្លែង​ខ្លះ នៅ​ពេល​នេះ​ពួក​យុវជន​ជា​ជន​ភាគច្រើន​ដែល​ឆ្លង​ជំងឺ​នេះ​ក្នុង​ពេលថ្មីៗ​នេះ។

លោក​វេជ្ជបណ្ឌិត​ Anthony Fauci ​ជានាយកនៃវិទ្យាស្ថាន​ជាតិ​ខាង អាឡែហ្សី ​និងជំងឺឆ្លង។​ លោក​បាន​មានប្រសាសន៍នៅ​ក្នុង​សន្និសីទ​កាសែត​ដោយ​ផ្ទាល់​តាម ​Facebook កាលពី​ថ្ងៃ​អង្គារ​ទី៧​កក្កដា​ថា «ខ្ញុំ​ទទួល​ស្គាល់​ថាអត្រា​មនុស្ស​ស្លាប់​មាន​តិច​ជាង​មុន​ពីព្រោះ​ជា​ទូទៅ​មនុស្ស​មានវ័យ​ក្មេងមាន​សុខ​ភាពល្អ​ជាង​មនុស្ស​ចាស់។ ក៏ប៉ុន្តែ​មិន​មែន​មានន័យ​ថា ​លោក​អ្នក​មិន​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរទេ‍»។

មាន​មនុស្ស​វ័យ​ក្មេង​ដែល​ទទួល​ការ​ព្យបាល​នៅ​ក្នុងមន្ទីរ​ជួយ​សង្គ្រោះ​បន្ទាន់​ហើយ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​។ តែអត្រាស្លាប់​របស់​មនុស្ស​វ័យ​ក្មេង​មាន​ចំនួន​ទាប។

លោក ​Barun Mathema ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លងនៅឯ​សាកល​វិទ្យាល័យ Columbia។ ​លោក​បាន​និយាយ​ថា «មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​ទើប​បានដឹង​ដោយ​មានរួម​បញ្ចូលការខូចសួត​ក្នុង​រយៈ​ពេល​យូរ។ ​មាន​បញ្ហាខាង​សុខភាព​ជា​ច្រើន​នៅ​ចន្លោះ​ការគ្មាន​រោគ​សញ្ញា​និង​ការ​ស្លាប់‍»។

ការ​ឆ្លងពី​អ្នក​ជំងឺគ្មាន​រោគ​សញ្ញា

ដោយសារមនុស្ស​មាន​ជំងឺ​នេះមុន​មាន​រោគ​សញ្ញា​ មនុស្ស​វ័យ​ក្មេង​អាច​ចម្លង​វីរុស​កូរ៉ូណា​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺកូវីដ​១៩​ដោយ​មិន​បាន​ដឹង​ខ្លួន​។

លោក​ Mathema ​បានកត់​សម្គាល់​ថា «យុវជន​អាយុ​២០ឆ្នាំគ្រប់​គ្នាមានឳពុក​ធំ ម្តាយ​ធំ មីង​មា ជីដូន ជីតា‍។ យុវជនដែល​មាន​ជំងឺតែ​គ្មាន​រោគ​សញ្ញា​ទាំង​នេះ ថ្ងៃ​ណា​មួយ អាច​ចម្លង​ទៅ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ ដែល​មាន​រួម​ទាំង​មនុស្ស​ចាស់ និង មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ។

ក្រុម​យុវជនបាន​រងការ​រិះគន់​ថាមិន​បាន​អើពើ​ដល់ការប្រុង​ប្រយ័ត្ន​ហើយ​ប្រមូល​ផ្តុំ​គ្នាដោយ​គ្មាន​ពាក់ម៉ាស់​នៅ​ក្នុង​បារ ក្លឹប​ ពិធី​ជប់​លៀង​និង​កន្លែងមាន​មនុស្ស​ច្រើន​ឯទៀតៗ។​ ដោយ​សារ​ហេតុ​ដូច្នេះ គេសង្កេតឃើញអត្រាឆ្លង​ខ្ពស់​។

លោក​ស្រី​ Maria Luisa Alcaide ជា​អ្នក​នាំពាក្យ​នៃសមាគម​ខាង​ជំងឺឆ្លង​របស់​ប្រទេស​អាមេរិក។​លោកស្រី​បាន​និយាយ​ថា​ ​យុវជនជា​ផ្នែក​ធំមួយ​នៃ​ការឆ្លង​ថ្មីៗ​ពីព្រោះ​«អាច​ថា​ពួក​មនុស្ស​ចាស់ៗ​និង​មនុស្ស​ដែល​អាច​ងាយ​រង​គ្រោះ​ មានការ​ប្រុងប្រយ័ត្ន​ច្រើន​ក្នុង​ឥរិយាបថរបស់​ពួក​គេ‍»។

ពួក​មនុស្ស​មួយ​ក្រុម​ដែល​អាចរង​គ្រោះ​ខ្លាំង​ជាង​គេគឺពួក​មនុស្ស​ចាស់ៗ​នៅ​ក្នុង​កន្លែង​ថែទាំ​មនុស្ស​ចាស់ ដែល​មាន​ជំងឺ​នេះ​ខ្លាំង​នៅ​ពេល​ចាប់​ផ្តើម​មានការ​រាតត្បាត​ជាសាកល​នៃ​ជំងឺកូវីដ១៩។​ បើ​តាម​ការធ្វើវិភាគ​ដោយកាសែត USA Today ​និងសារព័ត៌មាន​ឯទៀតៗ​ថា​ មនុស្ស​ស្លាប់​នៅ​ក្នុងកន្លែង​ថែទាំ​មនុស្ស​ចាស់​មានជាង​ ៤០% នៃ​ចំនួនជន​បាត់​បង់ជីវិតដោយសារ​ជំងឺ​កូវីដ១៩​ក្នុងស.រ.អា.។

ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​ចាត់​វិធានការណ៍​តឹង​រ៉ឹង​ជា​ច្រើន​ ក្នុង​ការ​គ្រប់គ្រង​ការឆ្លង​ជំងឺនៅ​តាម​កន្លែង​ថែ​ទាំ​មនុស្ស​ចាស់។

លោក Amesh Adalja ដែលជា​អ្នក​ស្រាវ​ជ្រាវជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌលសន្តិសុខ​សុខភាពនៃ​សាកល​វិទ្យាល័យ Johns Hopkins បាន​និយាយ​ថា​ «យើង​មានភាពល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ពង្រឹងកន្លែងថែទាំ​មនុស្ស​ចាស់​ប្រឆាំង​នឹង​វីរុសនេះ»។ លោក​បានថ្លែងប​ន្ថែម​ថា​ការណ៍​នេះ​អាច​មានន័យ​ថាមាន​មនុស្ស​ស្លាប់​តិច​ជាង​មុននៅ​ពេល​មាន​ការ​ឆ្លង​ច្រើន។

ការព្យាបាល​ល្អ​ប្រសើរ​ជាងមុន

មនុស្ស​ស្លាប់ដោយសារ​ជំងឺ​កូវីដ១៩ មាន​ចំនួន​តិច​ជាង​មុន ដោយសារការព្យាបាល​ពួក​អ្នក​ជំងឺ​ដែល​ទទួល​ទាន​ដំណេកក្នុង​មន្ទីរ​ពេទ្យមានភាពប្រសើរ​ជាងមុនចាប់​តាំង​ពី​ខែ​មីនា​មក។

លោក Amesh Adalja បាន​មានប្រសាសន៍​ថា «យើង​ដឹងច្រើន​អំពី​ភាព​ស្មុគស្មាញ​ដែល​វីរុសកូរ៉ូណាអាច​បង្កើត​ឱ្យ​មាន​ដូចជា​ការ​ដាច់​សរសៃ​ក្នុង​ខួរ​ក្បាលឬ​ការកក​ឈាម​នៅក្នុង​សួត។​ ហើយ​យើង​ដឹង​អំពី​ការ​បញ្ចៀសកុំ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ទាំង​នេះ‍»។

ការ​សិក្សា​ស្រាវ​ជ្រាវបង្ហាញ​ថា​ឱសថ​ពីរ​គឺ​ Remdesivir និង Dexamethasone អាច​ជួយបានខ្លះ ក៏​ប៉ុន្តែសម្រាប់​តែអ្នក​ជំងឺ​ខ្លះ​ប៉ុណ្ណោះ។

លោក​ Rajesh Gandhi ​ជា​សាស្ត្រាចារ្យវេជ្ជសាស្ត្រ​នៅ​ឯ​សាកល​វិទ្យាល័យ​ Harvard ​និង​ជា​សហ​អ្នក​និពន្ធនៃ​ឯកសារណែនាំ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩​នៃសមាគមជំងឺឆ្លងនៃប្រទេសអាមេរិក។ លោក​បាន​និយាយ​ថា «នៅ​ពេល​អ្នក​ជំងឺ​ឈឺ​ធ្ងន់​ខ្លាំង ​ថ្នាំ​ទាំង​ពីរ​នេះមាន​ប្រសិទ្ធិភាព តែ​ឱសថ​ទាំង​ពីរ​នេះ​មិន​អាច​ព្យាបាល​ឱ្យ​សះ​ស្បើយទេ។ ឱសថ​ទាំង​នេះ ជួយឲ្យ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​កាល​ពី​ខែ​មីនា។ ក៏​ប៉ុន្តែ​យើង​នៅ​វែង​ឆ្ងាយតទៅ​ទៀត​ ទម្រាំ​មាន​ការ​ព្យាបាល​ដែល​យើងចង់​បាន»។

លោក​ស្រី​ Maria Luisa Alcaide ​នៃសមាគម​ខាង​ជំងឺឆ្លង​របស់​ប្រទេសអាមេរិកហៅ​កាត់ថា IDSA បាន​មាន​ប្រសាសន៍​ថា «យើង​នៅ​តែ​ឃើញ​អ្នក​ជំងឺ​ខ្លះមាន​សភាព​ធ្ងន់ធ្ងរ​ណាស់។​ គេ​ត្រូវ​ការ​ពេល​បន្តិច​ទៀត​ដើម្បី​ឱ្យ​ដឹង​ថាកំណើន​នៃអ្នក​ជំងឺ​នេះ​នឹង​នាំ​ឱ្យ​មានការកើន​ច្រើន​នៃមនុស្ស​ស្លាប់​ឬ​ទេ‍»។

លោក​ស្រី​បាននិយាយ​បន្ថែម​ថា «យើងនៅ​តែត្រូវកុំ​ភ្លេចថា​យើង​កំពុង​ដោះស្រាយ​បញ្ហា​វីរុសដែល​សាហាវមួយ ដែល​បណ្តាល​ឲ្យ​មនុស្សជា​ច្រើន​ស្លាប់‍»។

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG