វីរុសកូរ៉ូណាត្រូវគេរកឃើញលើកដំបូងនៅតំបន់ភាគខាងជើងប្រទេសស៊ីរី ដែលជាដែនដីកាន់កាប់ដោយក្រុមឧទ្ទាម ហើយជាជំរំមានជនភៀសខ្លួនរស់នៅយ៉ាងច្រើននោះ។
មនុស្សដែលឆ្លងជំងឺនោះគឺវេជ្ជបណ្ឌិតម្នាក់រស់នៅក្នុងតំបន់អ៊ីដលីប ដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេឯងភ្លាមៗក្រោយពីរកឃើញថាមានរោគសញ្ញាបង្ហាញចេញឱ្យដឹង។ ក្រុមមន្ត្រីនិយាយថា មនុស្សដែលមានការទាក់ទងនឹងវេជ្ជបណ្ឌិតរូបនេះត្រូវដាក់ឱ្យធ្វើតេស្តទាំងអស់។
សហព័ន្ធថែទាំសុខភាពហៅថា UOSSM ដែលជាអង្គការមនុស្សធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វីរុសនេះអាចនឹងឆ្លងរាលដាលពាសពេញជំរំជនភៀសខ្លួនដូចជាភ្លើងឆេះព្រៃ។
នៅកន្លែងផ្សេងទៀត ដូចជាដែនដីហុងកុង សាលារៀនទាំងអស់ត្រូវបិទទ្វារកាលពីថ្ងៃចន្ទ ដោយបានចាប់ផ្តើមអនុវត្តប្រព័ន្ធវិស្សមកាលក្នុងរដូវក្តៅមួយសប្តាហ៍មុនការគ្រោងទុក។ សាលារៀនបានបិទទ្វារមុនការកំណត់កាលពីដើមឆ្នាំដោយសារការផ្ទុះជំងឺកូវីដ១៩ តែបានចាប់ផ្តើមបើកជាបណ្តើរៗឡើងវិញកាលពីខែឧសភា។
នៅអាមេរិក មានសេចក្តីរាយការណ៍ថាចំនួនអ្នកឆ្លងកាលពីថ្ងៃព្រហស្បតិ៍មានដល់ទៅ៦៤.០០០ ករណី។ តំបន់ដែលមានការវាយប្រហារខ្លាំងជាងគេគឺស្ថិតនៅភាគខាងលិច និងខាងត្បូង ដូចជារដ្ឋArizona រដ្ឋ California រដ្ឋ Florida និងរដ្ឋ Texas៕