ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​បង្អាក់​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩


បុគ្គលិក​សុខាភិបាល​សហព័ន្ធ​ម្នាក់​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ បាញ់​ថ្នាំ​កម្ចាត់​មូស​ខ្លា​ដែល​អាច​បង្ក​ជា​ជំងឺ​គ្រុនឈាម នៅ​ក្នុង​សាលារៀន​មួយ កាល​ពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០២០។ (REUTERS/Jorge Adorno)

ទោះបីជា​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​មាន​ករណី​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ​បំផុត​កន្លង​មក​ក៏​ដោយ ក៏​អ្នក​ជំនាញ​នានា​មាន​ការ​បារម្ភ​ថា ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​គ្រុនឈាម​ដែល​ច្រើន​ជាង​នេះ​ទៀត​គឺ​អាច​ទៅ​រួច ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩។

កន្លង​មក គេ​ឃើញ​ថា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ រដ្ឋាភិបាល​នានា​បាន​ដាក់​បម្រាម​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​បាន​រារាំង​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់​សេវាកម្ម​ផ្សេងៗ​ដូចជា​សេវា​ប្រមូល​សំរាម​ជា​ដើម។

ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​ការ​ដាក់​កំហិត​ទាំង​នេះ​ក៏​បាន​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនឈាម​តាម​រដូវកាល​ផង​ដែរ។

បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​សិង្ហបុរី និង​ឥណ្ឌូនេស៊ី​ជា​ដើម បាន​ទប់ទល់​ជាមួយ​នឹង​ការ​ឆ្លង​រាលដាល​ក្នុង​ពេល​ដំណាល​គ្នា​នៃ​ជំងឺ​គ្រុនឈាម និង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ឆ្នាំ​នេះ។ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ១ លាន ៦ សែន​ករណី​នោះ គេ​ឃើញ​មាន​ការ​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​ជំងឺ​គ្រុនឈាម​ចំនួន ១ លាន ១ សែន​ករណី ដែល​ក្នុង​នោះ​មាន​ការ​ស្លាប់​ជិត ៤០០ ករណី។ នេះ​បើ​យោង​តាម​អង្គការ Pan American Health។

ដោយ​រដូវ​ភ្លៀង​ធ្លាក់​បាន​ចាប់ផ្ដើម​នៅ​តាម​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន ​ដូចជា គុយបា ឈីលី និង​កូស្ដារីកា ក៏​ដូចជា​នៅ​តាម​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ដូចជា​ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​ដើម ជំងឺ​គ្រុនឈាម​ទំនងជា​នឹង​កើន​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ជា​ធម្មតា ជំងឺ​គ្រុនឈាម​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ទេ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ។ កិច្ច​ប្រឹងប្រែង​បង្ការ​ជំងឺ​នេះ ដែល​ផ្ដោត​លើ​ការ​បំផ្លាញ​សំបុក​មូស ដូចជា​ការ​ប្រមូល​សំរាម ឬ​ក៏​សំបក​កង់​ចាស់ៗ និង​របស់របរ​ផ្សេង​ទៀត​ដែល​អាច​ដក់​ទឹក​បាន គឺ​នៅតែ​ជា​វិធី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។ ប៉ុន្តែ ការ​ដាក់​កំហិត​សកម្មភាព​សង្គម​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ កន្លង​មក បាន​បង្អាក់​ដល់​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG