សហរដ្ឋអាមេរិកបានរាយការណ៍ថា មានការឆ្លងមេរោគកូរ៉ូណាជាង៦ម៉ឺន៤ពាន់ករណីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញជាចំនួនខ្ពស់បំផុតដែលបានដាក់បន្ទុកខ្លាំងហួសដល់បន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យនានានៅក្នុងតំបន់ខាងលិច និងខាងកើតដែលរងការប៉ះពាល់ខ្លាំងបំផុតនៅក្នុងប្រទេស រួមមានរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា Florida និងរដ្ឋតិចសាស។
លោកវេជ្ជបណ្ឌិត Anthony Fauci មន្រ្តីកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យអភិបាលរដ្ឋពន្យារផែនការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដើម្បីទប់ស្កាត់ការកើនឡើងនូវវីរុសនោះ។
អង្គការសុខភាពពិភពលោកកំពុងចាប់ផ្តើមការស៊ើបអង្កេតឯករាជ្យមួយនៅក្នុងការឆ្លើយតបដល់ការរាតត្បាតនៃមេរោគកូរ៉ូណាបន្ទាប់ពីប្រទេសខ្លះហាក់ដូចជាបានធ្វើកិច្ចល្អប្រសើរដើម្បីដោះស្រាយការផ្ទុះឡើងជាងប្រទេសផ្សេងៗទៀត។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «នេះជាពេលវេលាសម្រាប់ឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីក្រឡេកមើលពិភពលោកដែលយើងរស់នៅហើយនឹងស្វែងរកមធ្យោ បាយនានាដើម្បីពង្រឹងកិច្ចសហការរបស់យើងនៅពេលដែលយើងធ្វើការជាមួយគ្នាដើម្បីជួយសង្គ្រោះមនុស្ស និងត្រួតត្រាការរាតត្បាតនៃមេរោគនេះ។ទំហំនៃការរាតត្បាតនេះដែលបានប៉ះពាល់មនុស្សគ្រប់រូបនៅទូទាំងពិភពលោកសក្តិសមទទួលបានការវាយតម្លៃស្មើៗគ្នា»។
អតីតនាយករដ្ឋមន្រ្តីប្រទេសនូវែលសេឡង់ លោកស្រី Helen Clack និងអតីតប្រធា នាធិបតីនៃប្រទេសលីបេរីយ៉ា លោកស្រី Ellen Sirleaf Johnson នឹងដឹកនាំគណៈកម្មការស៊ើបអង្កេតនេះ។ សមាជិកផ្សេងទៀតនឹងត្រូវបន្ថែមនៅពេលក្រោយ។
ប្រធានអង្គការសុខភាពពិភពលោកនិយាយជាច្រើនលើកហើយថា ការសម្របសម្រួលសាកលជាគន្លឹះដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺរួមមានការងារស្តីពីការអភិឌ្ឍថ្នាំវ៉ាក់សាំងផងដែលលោកនិយាយថា ត្រូវតែមានគ្រប់គ្រាន់សម្រាប់ប្រទេសទាំងអស់ ហើយមិនមែនសម្រាប់ប្រទេសមានលុយតែប៉ុណ្ណោះទេ៕