ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ត​​ផ្តល់​ជំនួយ​​ដល់​កិច្ច​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង​​ដើម្បី​​បង្ហាញ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ពលរដ្ឋ


លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គររបស់អាជ្ញាធរអប្សរា អ្នកស្រី Lisa Ackerman ប្រធាននាយកប្រតិបត្តិមូលនិធិប្រាសាទពិភពលោក និងលោក Martin Perschler ប្រធានគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់អភិរក្សវប្បធម៌ ចូលរួមក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយសម្រាប់អភិរក្សភ្នំបាខែងកាលពីថ្ងៃទី១២ ខែធ្នូ ២០១៧ នៅខេត្តសៀមរាបប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គររបស់អាជ្ញាធរអប្សរា អ្នកស្រី Lisa Ackerman ប្រធាននាយកប្រតិបត្តិមូលនិធិប្រាសាទពិភពលោក និងលោក Martin Perschler ប្រធានគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់អភិរក្សវប្បធម៌ ចូលរួមក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយសម្រាប់អភិរក្សភ្នំបាខែងកាលពីថ្ងៃទី១២ ខែធ្នូ ២០១៧ នៅខេត្តសៀមរាបប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

ថវិកា​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​បាន​មក​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​សម្រាប់​ការ​អភិរក្ស​វប្បធម៌​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​(WMF)​ បាន​ផ្តល់​ជូន​អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​សម្រាប់​កិច្ច​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ភ្នំ​បាក់ខែង​ ​ក្នុង​ដំណាក់កាល​ទី៥។

ប្រាសាទ​ភ្នំ​បាខែង​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​សម័យ​អង្គរ។​ ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង​ដែល​ជា​កន្លែង​មាន​ប្រជាប្រិយភាព​របស់ភ្ញៀវ​ទេសចរណ៍​ត្រូវ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៤ ដែល​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បាន​ទទួល​ថវិកា​ជាង​ ៣,២​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​អាមេរិក​ សម្រាប់​ធ្វើ​ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង។

លោក​ លី វណ្ណា​ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​អប្សរា​ ​បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ថវិកា​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​គម្រោង​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង​ជា​គម្រោង​ធំ​ជាង​គេ​ក្នុង​ចំណោម​គម្រោង​អភិរក្ស​ប្រាសាទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧទ្យាន​អង្គរ​ដែល​មូលនិធិ​ប្រាសាទ​ពិភពលោក​(WMF)បាន​ជួយ។

លោក​ លី វណ្ណា​ បាន​មាន​ប្រសាសន៍​ថា៖​

«ខាង​ WMF​ ហ្នឹង​ណា​ ​ខាង​អង្គការ​ហ្នឹង​គាត់​បាន​មក​ជួស​ជុល​ប្រាសាទ​នៅ​នេះ​តាំង​ពី​ពី​៩៨​មក​ហើយ​យូរ​ហើយ​ណា។​ អ៊ីចឹង​ប្រាសាទ​មួយ​ចំនួន​ធំ​គាត់​ជួសជុល​នៅ​ក្នុង​តំបន់​អង្គរ ប្រាសាទ​បាខែង​ជា​គម្រោង​ធំ​បំផុត​របស់​អង្គការ​ហ្នឹង​គាត់​ជួសជុល​មួយ​ចំហៀង​ខាង​មុខ។​ អ៊ីចឹង​អ្វី​ដែល​ថា​ សារៈសំខាន់​ ​គឺ​ថា ​យើង​បាន​បន្ត​ការងារអភិរក្ស​បន្ត​ទៅ​ទៀត​ហ្នឹង​ណា។​ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​ហ្នឹង​ កម្មករ​ទទួល​បាន​ការ​បណ្តុះបណ្តាល​បន្ត​ទៀត​ពី​អ្នក​ជំនាញ»។

លោក​បាន​បន្ត​ថា ​គម្រោង​អភិរក្ស​ភ្នំ​បាខែង​ទទួល​បាន​មូលនិធិ​អភិរក្ស​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​ហើយ​ការ​អភិរក្ស​នឹង​នៅ​តែ​បន្ត​ជានិច្ច។

​នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​សប្តាហ៍​នេះ​ដែល​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​អភិរក្ស​វប្បធម៌​ត្រូវ​បាន​ផ្តល់​ជូន​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​អភិរក្ស​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ខ្លួន។​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ជាង​៥ម៉ឺន​ដុល្លារ​ និង​បច្ចេកទេស​ដល់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ទួលស្លែង​ផង​ដែរ​សម្រាប់​ការ​អភិរក្ស​សម្លៀកបំពាក់​របស់​ជន​រង​គ្រោះ​ដែល​នៅ​សេស​សល់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ ​មក​ ​ប្រាសាទ​ភ្នំ​បាខែង​ត្រូវ​ទទួលបាន​ការ​អភិរក្ស​បួន​ដំណាក់កាល​ដោយផ្តោត​លើ​ការ​ធ្វើឲ្យ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិន​ឲ្យ​លិច​ទឹក​ ​នៅ​ចំហៀង​ខាង​កើត​នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹម​នឹង​នោះ​ ​បញ្ចូល​សកម្មភាព​គ្រប់​គ្រង​លើ​ទីតាំង​ ​និង​ការ​បណ្តុះបណ្តាល។​ ដំណាក់កាល​ទី៥​ ​របស់​គម្រោង​នឹង​បង្ហើយ​ការ​ជួសជុល​ពេញលេញ​ទៅ​លើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល​ ​ស្រប​តាម​គម្រោង​ប្លង់​ជួស​ជុល​ ​ដែល​ត្រូវ​បាន​កំណត់​ច្បាស់​ ​នៅ​ដំណាក់កាល​មុនៗ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា​ «គម្រោង​នេះ​មាន​បំណង​ជំរុញ​ឲ្យ​បាន​ច្រើន​ដល់​ចក្ខុវិស័យ​នៃ​ផែនការ​មេ​ក្នុង​ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់ខែង​ដែល​ត្រូវ​បាន​កំណត់​នៅ​ឆ្នាំ​២០០៧ WMF បាន​រៀបចំ​កម្មវិធី​អភិរក្ស​ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ជំនាញ​នៃ​អង្គការ UNESCO ដែល​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ទៀងទាត់ តាម​រយៈ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​អង្គរ»។

អ្នកស្រី​ Lisa Ackerman​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ប្រាសាទ​ពិភពលោកបាន​មាន​ប្រសាសន៍​ថា ​គម្រោង​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង​គឺ​ជា​គម្រោង​គំរូ​និង​មាន​ភាព​សាំញ៉ាំ​ជាង​គេ​ក្នុង​ចំណោម​គម្រោង​អភិរក្ស​ប្រាសាទ​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា​ថៃ​និង​មីយ៉ាន់ម៉ា។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖​

«ក្រុម​ការងារ​ក្នុង​គម្រោង​នេះ​ពិត​ជា​មាន​ភាព​សាំ​ញ៉ាំ​ខ្លាំង​ណាស់​សព្វ​ថ្ងៃ​នេះ ដូច្នេះ​ហើយ​ទើប​យើង​បាន​បញ្ជូន​ក្រុម​ការងារ​វគ្គ​ដំបូងនៅ​ប្រទេស​ថៃ​និង​ប្រទេស​មីយ៉ាន់ម៉ា​មក​មើល​ស្នាដៃ​ការងារ​ដ៏​ល្អ​នៅ​ទីនេះ»។

​អ្នកស្រី​បាន​បន្ថែម​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​សង្ឃឹម​ថា​ ​ការ​ផ្តល់​ជំនួយ​ថ្មី​នេះ​នឹង​មិន​បន្ត​ត្រឹមតែ​កិច្ច​ការងារ​នៅ​ទីនេះ​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ គម្រោង​នេះ​នឹង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​មួយសម្រាប់កិច្ច​សហ​ប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌អន្តរជាតិ»។

ក្រៅ​ពី​ជំនួយ​ដល់​កិច្ច​អភិរក្ស​និង​ជួសជុល​ប្រាសាទភ្នំ​បាក់ខែង​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​បានផ្តល់​ជា​អំណោយ​ថវិកា​ដល់​ការ​អភិរក្ស​ប្រាសាទ​បុរាណ​និង​ទីតាំង​វប្បធម៌​សំខាន់ៗ​ទៀត​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ដូច​ជា​ប្រាសាទ​ហាន់ជ័យ​ក្នុង​ខេត្ត​កំពង់ចាម​ ​ប្រាសាទ​ភ្នំដា​ ​នៅ​ស្រុក​អង្គរបូរី​ ​ខេត្ត​តាកែវ​ ​ជា​ដើម។

ការ​ឧបត្ថម្ភ​ជា​ជំនួយ​ទាំង​ថវិកា​និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ថែ​រក្សា​វប្បធម៌​របស់​ខ្លួន នៅ​តែ​បន្ត​មាន​ ​ទោះ​ជា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​និង​ ​វ៉ាស៊ីនតោនមាន​ភាព​រកាំរកូស​នឹង​គ្នាតាំង​ពី​ខែ​កញ្ញា​ ​ក្រោយ​ការ​រំលាយ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ក៏​ដោយ។​ ជំនួយ​ទំាង​នេះ​គឺ​បង្ហាញ​ពី​ការ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​កម្ពុជា។​ នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក​ ​Martin Perschler ​ប្រធាន​គម្រោង​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌។

លោក​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

​«គម្រោង​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ពួក​យើង​ក្នុង​ការ​អភិរក្ស​វប្បធម៌​និង​បេតិកភណ្ឌរបស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​អាជ្ញាធរ​អប្សរា។​ យើង​មាន​បំណង​បន្ត​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ ដើម្បី​បង្ហាញ​ពី​ការ​គោរព​របស់​ប្រជាជន​អាមេរិកាំង​ចំពោះ​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា»។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក​ William Heidt​ បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តងទៀត​អំពី​ទំនាក់ទំនង​ដ៏ល្អ​រវាង​ប្រជាជន​នឹង​ប្រជាជន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។

លោក​ ​William Heidt​ ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា៖

​«ការ​វិនិយោគ​ក្នុង​វិស័យ​វប្បធម៌​នេះ​គឺ​ជា​ផ្នែក​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ ​ហើយ​និង​បង្ហាញ​ពីការ​គោរព​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រជាជន​អាមេរិកាំង​ចំពោះ​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​កម្ពុជា»។

មក​ទល់​ពេល​នេះ​ ជំនួយ​ថវិកា​សរុប​របស់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ធ្វើ​ការ​អភិរក្ស​វប្បធម៌​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ​៤,២​លាន​ដុល្លារ​អាមេរិក​ ​ដែល​ក្នុង​ចំនួន​នេះ​ ​៣,៣​ ​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ​មូលនិធិ​ឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌៕

XS
SM
MD
LG