បន្ទាប់ពីទាក់ទាញការគាំទ្រយ៉ាងច្រើនកុះករនៅកម្ពុជា ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ក៏បានកន្រ្តាក់អារម្មណ៍ទស្សនិកជននៅសហរដ្ឋអាមេរិកផងដែរ។
ភាពយន្ត ដែលផ្តោតលើការពិតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមតាមរយៈកែវភ្នែកកុមារីម្នាក់ បានចាក់បញ្ចាំងនៅសាកលវិទ្យាល័យ Montgomery College នៅក្រុងស៊ីលវឺស្ពៀង (Silver Spring) រដ្ឋម៉ារីលែន (Maryland) កាលពីខែតុលាកន្លងទៅនេះ។
សាច់រឿងនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ឆ្លុះបញ្ចាំងពីសារពីប្រវត្តិដ៏ជូរចត់របស់ជនរងគ្រោះនៃរបបមួយ ដែលបាត់បង់ភាពជាមនុស្សជាតិ។
បន្ទាប់ពីបានទស្សនាភាពយន្តមួយនេះ ទស្សនិកជនមួយចំនួនបានស្រក់ទឹកភ្នែក ក្រោយពីបានឃើញភាពឃោរឃៅរបស់ពួកខ្មែរក្រហម ដែលរួមមាន ជំរំពលកម្មដោយបង្ខំ ការបង្អត់អាហារ និងការកាប់សម្លាប់។ យ៉ាងណាក្តី ទស្សនិកជនបានសាទរ នៅពេលដែលភាពយន្តបញ្ចប់ដោយបង្ហាញពីក្តីសង្ឃឹមមួយ។
ដោយកោតសរសើរពីកិច្ចប្រឹងប្រែងរបស់អ្នកដឹកនាំរឿង និងតារាសម្តែងហូលីវូដ អ្នកស្រី អេនជេលីណា ជូលី នៅក្នុងការផលិតភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ លោក Joel Gershon ផលិតករភាពយន្តជនជាតិអាមេរិក និងសាស្រ្តាចារ្យមួយនៅសាកលវិទ្យាល័យ American University យល់ឃើញពីតម្លៃអត្ថន័យបង្កប់ ដើម្បីផ្សារភ្ជាប់ទស្សនិកជនទៅកាន់ភាពយន្តមួយនេះ។
លោក Joel Gershon ដែលជាវាគ្មិនមួយរូបផងដែរនៅក្នុងវេទិកាពិភាក្សា ធ្វើឡើងក្រោយពីការចាក់ផ្សាយភាពយន្តនេះ ក៏បានកត់សម្គាល់ពីទំនាក់ទំនងក្នុងអត្ថន័យសិល្បៈទៅនឹងក្តីសង្ឃឹម និងសុទិដ្ឋិនិយមអំឡុងពេលយុគសម័យខ្មៅងងឹតនៅក្នុងភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។ លោក Gershon បាននិយាយថា៖
«សិល្បៈ និងការច្នៃប្រឌិតគឺជា វិធីសាស្រ្តមួយ ដែលមនុស្សម្នាអាចជម្នះ និងងើបរើពីការឈឺចាប់ផ្លូវចិត្ត ដែលពួកគេបានជួបប្រទះ ពេលប្រឈមមុខជាមួយនឹងរឿងរ៉ាវ ដែលបានកើតឡើងសម័យខ្មែរក្រហម»។
លោក Gershon បានផ្តោតខ្លាំងទៅលើរឿងរ៉ាវប្រកបដោយទស្សនីយភាពលាតត្រដាងនៃតួអង្គចម្បងក្នុងភាពយន្ត គឺកុមារីឈ្មោះ «លួង» ដែលជីវិតរបស់ក្មេងស្រីរូបនេះត្រូវបានក្រឡាប់ចាក់ដោយរបបខ្មៅងងឹតខ្មែរក្រហម។ លោកទទួលស្គាល់ថា លោកបានដក់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការសម្តែងរបស់កុមារីរូបនេះ។
«អ្នកព្យាយាមផ្សារភ្ជាប់ទៅទស្សនិកជន ដែលមិននិយាយភាសា [ដូចក្នុងរឿង] ហើយអ្នកត្រូវតែមានអារម្មណ៍ ការភ័យខ្លាច ការព្រួយបារម្ភ និងភាពច្របូកច្របល់ ដែលអ្នកអាចឃើញពីផ្ទៃមុខរបស់លួង ដែលជាកុមារីក្នុងរឿងនោះ»។
លោក Gershon បានបន្ថែមថា៖
«មានគ្រាមួយ ដែលអ្នកអាចឃើញនៅក្នុងកែវភ្នែករបស់លួង នូវការភ័យខ្លាចចំពោះការមិនដឹងថា នាងត្រូវទៅកន្លែងណា។ មិនដឹងថា ជីវិតនាងនឹងទៅជាយ៉ាងណា។ ខ្ញុំគិតថា អត្ថន័យត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយមិនបាច់មានការនិយាយស្តីច្រើនទេ»។
ចំពោះលោក Gershon ដែលជាអ្នកជំនាញផ្នែកភាពយន្តរូបនេះ ទោះបីជាភាពយន្តនេះត្រូវបានសម្រិតសម្រាំងឡើងក្រោមស្នាដៃដ៏ប៉ិនប្រសព្វរបស់អ្នកស្រី អេនជេលីណា ជូលី និងផលិតករភាពយន្តខ្មែរ ដ៏ល្បីឈ្មោះ លោក រិទ្ធី ប៉ាន់ ក៏ដោយ ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅមិនទាន់អាចក្តោបក្តាប់ពេញលេញពីការឈឺចាប់ និងការបាក់ស្បាត ដែលប្រជាជនខ្មែរបានប្រឈមមុខនៅក្នុងសម័យខ្មែរក្រហមនៅឡើយទេ។
លោក Gershon បានមានប្រសាសន៍ថា៖
«ការបាក់ស្បាតពីអ្វីដែលបានកើតឡើងអំឡុងពេលនោះ មិនអាចត្រូវពន្យល់ឲ្យខ្ជាប់ខ្ជួននៅក្នុងភាពយន្ត ដែលមានរយៈពេលតែពីរម៉ោងនោះទេ ជាពិសេសនៅពេលដែលភាពយន្តនេះទៀតសោត មានគោលដៅសម្រាប់ការកម្សាន្តអារម្មណ៍ផងដែរ។ ទស្សនិកជនមិនចង់មានអារម្មណ៍ស្រងូតស្រងាត់ទាំងស្រុងនោះទេ។ ពួកគេចង់ឃើញអ្វីមួយនៅទីបញ្ចប់ ដែលផ្តល់សេចក្តីសង្ឃឹមឲ្យពួកគេ»។
ទោះជាយ៉ាងណាក្តី លោក Gershon បានបង្ហាញសុទិដ្ឋិនិយម ដោយនិយាយថា៖
«ខ្ញុំមានក្តីសង្ឃឹមខ្ពស់សម្រាប់កម្ពុជា។ ខ្ញុំដឹងថា វាអាចជាការលំបាកមួយក្នុងការរស់នៅនៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំយល់ឃើញថា ជនជំនាន់ក្រោយ ហាក់ដូចជា ក្តីសង្ឃឹម និងហាក់ដូចជា មានការវិវត្តទៅមុខ»។
វាគ្មិនមួយរូបទៀត លោកវេជ្ជបណ្ឌិត Alfred Munzer បានដក់អារម្មណ៍យ៉ាងខ្លាំងទៅនឹងសាច់រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។ លោកវេជ្ជបណ្ឌិត Munzer ដែលជាអ្នករស់រានមានជីវិតពីសង្រ្គាមលោកលើកទីពីរ និងជាវេជ្ជបណ្ឌិតផ្នែកសរីរាង្គសួតមួយរូប បានមានប្រសាសន៍ថា៖
«ភាពយន្តនេះពិតជាមានឥទ្ធិពលខ្លាំងណាស់ផ្នែករូបភាព។ វាបានបង្កើតឲ្យមានភាពរស់រវើកសារជា ថ្មី អំពីអ្វីដែលបានកើតឡើងនៅសម័យខ្មែរក្រហម»។
លោកបានបន្ថែមថា៖
«ការនិយាយរ៉ាយរ៉ាប់រឿងរ៉ាវ តាមក្រសែភ្នែកកុមារីមួយរូប ខ្ញុំគិតថា វាជាអ្វីមួយដែលមានឥទ្ធិពលខ្លាំងណាស់។ ពិតណាស់ នាងតំណាងឲ្យពួកយើងទាំងអស់គ្នា។ នាងគឺជា ជនជំនាន់ក្រោយ ម្យ៉ាងផងដែរ»។
លោកវេជ្ជបណ្ឌិត Munzer មានអារម្មណ៍សោកសៅពេលឃើញសោកនាដកម្មមួយ ដែលមិនអាចពណ៌នាបាន កើតឡើងនៅកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងភាពយន្ត។ លោក Munzer ដែលធ្លាប់មកប្រទេសកម្ពុជា បាននិយាយថា៖
«អ្វីដែលភាពយន្តនោះបង្ហាញយ៉ាងច្បាស់គឺ ការណ៍ដែលបុគ្គលម្នាក់អាចងាកមកប្រឆាំងនឹងសាច់ញាតិខ្លួនឯង គឺអ្នកដែលមានជាប់ខ្សែស្រឡាយជាមួយពួកគេនៅក្នុងប្រទេសតែមួយ។ វាពិតជា មានឥទ្ធិពលខ្លាំង និងពិបាកនឹងយល់ណាស់»។
ទោះបីយ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់លោកនៅកម្ពុជា លោកវេជ្ជបណ្ឌិត Munzer បានកោតសរសើរពី «ការងើបរើឡើងវិញ» របស់ប្រទេសកម្ពុជា និង «ការណ៍ដែលប្រជាជននាំយកមោទនភាពមកជូនប្រទេសពួកគេវិញ តាមរយៈការជីកគាស់វប្បធម៌ត្រឡប់មកវិញ»។
ដោយចូលរួមជាមួយនឹងវាគ្មិនដទៃទៀត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកបិន បាវ បាននិយាយថា ធាតុពិតនៃសា្ថនភាពក្រោមរបបខ្មែរក្រហម គឺមិនងាយនឹងលាតត្រដាងឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ប៉ុន្តែ លោកយល់ស្របថា ភាពយន្តនេះបង្ហាញភាពស្រគត់ស្រគំបានគ្រប់គ្រាន់។
លោក បិន បាវ ប្រធានបណ្តាញសមាគម Cambodian Community Day, Inc ដែលសកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន ក៏បានលើកឡើងពីបទពិសោធន៍របស់លោក ដោយលោកមានការងឿងឆ្ងល់ពីឈុតឆាកមួយចំនួននៅក្នុងភាពយន្ត ដែលក្នុងនោះកុមារ និងមនុស្សពេញវ័យ ត្រូវបានពួកខ្មែរក្រហមបង្រៀនឲ្យស្អប់ និងសម្លាប់កងទ័ពវៀតណាម។
លោកបានមានប្រសាសន៍ថា៖
«ខ្មែរក្រហមជំនាន់ហ្នឹងកើតមក គេគិតថា សង្រ្គាមចប់ហើយ។ គេខំពន្យល់ ប្រជាពលរដ្ឋតាំងពីក្មេង តាំងពីអីហ្នឹងថា ឲ្យខំប្រឹងធ្វើការដើម្បីស្តារជាតិយើងឡើងវិញ ដើម្បីដូចថា ប្រទេសជាតិយើងឆ្លងកាត់សង្រ្គាមបួនប្រាំឆ្នាំមកហើយ វាខ្ទេចខ្ទីអស់ហើយណា។ ដូច្នេះ គេថា ឲ្យយើងខំប្រឹងធ្វើការទៅ។ ដូច្នេះ កាលពីដំបូងឆ្នាំ ៧៥ ៧៦ អី មនុស្សខំប្រឹងធ្វើការព្រោះដឹងថា កសាងជាតិឡើង។ ប៉ុន្តែ មិនដឹងថា ដល់ឆ្នាំ ១៩៧៧ ស្រាប់តែវាចាប់សម្លាប់មនុស្សខ្លាំង ចាប់អត់បាយមនុស្សអីអញ្ចឹងណា។ ពេលហ្នឹងទៅមនុស្សបែកអារម្មណ៍ហើយ។ ប៉ុន្តែខ្ញុំអត់ដែលលឺសូរ ជំនាន់ហ្នឹង ដែលលីសូរ ខ្មែរក្រហមប្រាប់ឲ្យយើង ធ្វើចលនាទ័ពអី បង្ហាត់ទ័ពអញ្ចឹង។ ដូច្នេះ ខ្ញុំឃើញកន្លែងហ្នឹង ដូចជា មិនសូវត្រូវដែរ ពីព្រោះ ប្រហែលតំបន់ផ្សេងៗវាខុសគ្នាណា។ តំបន់ខ្ញុំនៅ វាអត់ឃើញនរណាទៅបង្ហាញទាហានបង្ហាត់អីអញ្ចឹងទេ»។
កងទ័ពវៀតណាមបានបណ្តាញពួកខ្មែរក្រហមចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ប្រហែលបីឆ្នាំ បន្ទាប់ពីខ្មែរក្រហមបានកាន់អំណាចអស់រយៈពេលជិតបីឆ្នាំ ដែលអំឡុងពេលនោះប្រជាជនខ្មែរជិតបីលាននាក់បានបាត់បង់ជីវិត។
លោក បិន បាវ ក៏បានលើកឡើងថា ភាពយន្ត «មុនដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ» មានកំហុសខ្លះ ដោយសារតែប្រហែលពាក់កណ្តាលនៃខ្សែភាពយន្តនេះផ្តោតទៅលើការប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតណាម ជាជាងទុក្ខលំបាករបស់ប្រជាជនខ្មែរ។
លោកបានថ្លែងថា៖
«អ្នកដែលគេបង្កើត Movie (ភាពយន្ត) វាមិនដឹងយ៉ាងម៉េច ហាក់ដូចជា គេនិយាយពីរឿងស្អប់យួន ហើយយួនចូលមករំដោះខ្មែរហ្នឹងច្រើនជាងទុក្ខវេទនា របស់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅសម័យ ៧៥-៧៩ ហ្នឹង»។
វាគ្មិនចុងក្រោយ កញ្ញា ពិន ភូណាំ បាននិយាយថា អត្ថន័យសិល្បៈបង្កប់នៅក្នុងភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផ្តល់ជាមេរៀនផ្នែកប្រវត្តិសាស្រ្តតាមរយៈការច្របាច់បញ្ចូលគ្នានៃវិបត្តិមនុស្សជាតិ និងសោកនាដកម្ម ដែលមានពិត។
ខណៈទទួលស្គាល់ថា ភាពយន្តនេះត្រូវបានផលិតឡើងល្អបំផុតជាភាសាខ្មែរ និស្សិតនៅឯសាកលវិទ្យាល័យ Montgomery College រូបនេះ បាននិយាយថា សាច់រឿងផ្ទាល់អាចផ្តល់ជាអត្ថន័យគ្រប់គ្រាន់ផងដែរទៅកាន់ទស្សនិកជន។
«ខ្ញុំគិតថា វាជាការណ៍ល្អបំផុតមួយ ដែលរឿងហ្នឹងជា ភាសាខ្មែរ ពីព្រោះយើងមិនដែលមានរឿងនិយាយភាសាខ្មែរទាំងអស់ ហើយហូលីវូដជាអ្នកបង្កើតទេ។ ប៉ុន្តែ ប្រសិនបើមិនមានអក្សរអង់គ្លេសរត់ពីខាងក្រោមទេ យ៉ាងហោចណាស់ក៏ទស្សនិកជនបរទេសយល់ ៦០ភាគរយនៃសាច់រឿងដែរ ពីព្រោះរូបភាពពីមួយទៅមួយហ្នឹង គេបញ្ចាំងច្បាស់មែនទែនថា មានរឿងអ្វីកើតឡើងខ្លះនៅក្នុងហ្នឹង»។
និស្សិតវ័យ ២៥ឆ្នាំរូបនេះ ដែលបានចូលរួមថតឈុតមួយដែរក្នុងខ្សែភាពយន្តខាងលើ បាននិយាយថា រឿងរ៉ាវ របស់កុមារី «លួង» នៅក្នុងសៀវភៅ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បង្ហាញពីរឿងរ៉ាវទូទៅរបស់ជនរងគ្រោះពីរបបខ្មែរក្រហម។
កញ្ញា ភូណាំ បាននិយាយថា៖
«ខ្ញុំជឿថា នៅស្រុកខ្មែរយើង ម្នាក់ៗមានរឿងប្រវត្តិផ្ទាល់ខ្លួន។ គ្រាន់តែថា វាខុសៗគ្នា វាសោកសៅខុសគ្នា។ «លួង» គឺជា សាច់រឿងមួយក្នុងចំណោមរាប់រយសាច់រឿង មនុស្សដទៃទៀតនៅស្រុកខ្មែរ ដែលសាច់ញាតិរបស់ខ្លួនបានស្លាប់នៅរបបខ្មែរក្រហម»។
សម្រាប់កញ្ញា ភូណាំ ការយល់ដឹងពីប្រវត្តិសាស្រ្តគឺ មានសារៈសំខាន់ខ្លាំងណាស់។ នាងប្រកាន់ជំហរថា ទោះបីជាមានការភ័យខ្លាចបង្កឡើងក៏ដោយ ក៏ប្រវត្តិសាស្រ្តមិនត្រូវមើលរំលងទេ ហើយគួរជាឫសគល់នៃការវិវត្តទៅមុខនៃសង្គមមួយ៕