ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​ប្រលោម​លោក​ និង​រឿងនិទាន​កុមារ​ ​វ៉ា​ប្រភេទ​សៀវភៅ​រឿង​ពិត


ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍​​សៀវភៅ​​កម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍​​សៀវភៅ​​កម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

អ្នក​សារព័ត៌មាន​ជើងចាស់​មួយ​រូប​គឺ​លោក​ ​ឆាយ សុផល​បាន​ឲ្យ​ដឹង​ថា​ លំហ​នៃ​សេរីភាព​សារព័ត៌មាន ​ត្រូវ​បាន​រឹត​ត្បិត​ ​ការ​តែង​និពន្ធ​ទទួល​ផល​វិបាក​ដោយ​ប្រយោល។​​

ជាច្រើន​ខែ​ ​មុន​កម្មវិធី​ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​ ​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យនេះ អ្នកស្រី​ ​សូ ភីណា​ ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ថា​ ​នឹង​សម្ភោធ​សៀវភៅ ​«ប៊ុនធឿន​ ​២០១៧»​ និង​រឿង​ខ្លី​ដទៃទៀត ដើម្បីត្រៀម​ចាំ​អ្នក​អាន​ជាង​៣ម៉ឺន​នាក់​ ​ដែល​គេ​រំពឹង​ថា ​នឹង​ចូលរួម​គាំទ្រលើក​កម្ពស់​ការ​អាន​ និង​តែង​និពន្ធ។​

​«ប៊ុនធឿន​ ​២០១៧»​គឺ​ជា ​កម្រង​រឿង​ខ្លី​ ដែល​សរសេរ​អំពី​គោលគំនិត​ និង​ការ​យល់​ឃើញ​របស់​មនុស្ស​ប្រុស​សម័យ​ទំនើបទៅ​លើ​គោលដៅ​ជីវិត​ ​ការ​សិក្សា​ ​និង​ទំនាក់​ទំនង​សង្គម​ និង​ស្នេហា។​

​សៀវភៅ​នេះនិពន្ធ​ឡើង​ក្រោយ​សៀវភៅ «វិធាវី​ ​២០១៦»​ ​ដែល​រៀបរាប់​ពី​អារម្មណ៍​មនុស្ស​ស្រី​សម័យ​ទំនើប។​ ​ក្នុង​សៀវភៅរឿង​ទាំង​ពីរ​ អ្នកនិពន្ធព្រួត​គ្នា​បង្ហាញ​ទស្សនៈ​ជំនាន់​ថ្មី​សម័យ​ទំនើប​ប្រឆាំង​ទៅ​លើ​គំនាប​លើសិទ្ធិ​សេរីភាព​យេនឌ័រ និង​តួនាទី​យុវជន​ក្នុង​សង្គម​ផង​ដែរ។​

អ្នក​និពន្ធ​សៀវភៅ អ្នកស្រី​ ​សូ ភីណា​ ថ្លែង​ថា៖

«ខ្ញុំ​ធ្លាប់​មើល​ការ​សម្ដែង​យីកេ​ កាកី (តួ)ស្រី ត្រូវ​ស្លាប់។​ អាន​រឿង​ឃុន​ឆាង​ឃុន​ផែន​ (តួ) ស្រី​ក៏​ស្លាប់។ ខ្ញុំ​គិត​ថា​គួរតែ​ធ្វើ​អី​ឲ្យ​ថ្មី​ម្ដង ​កុំ​ឲ្យ​ទី​បញ្ចប់​ស្រី​ត្រូវ​ស្លាប់។​ ​ខ្ញុំ​អាន​រឿង ​ ​(ផ្កា​ស្រពោន)​ ​មួយចប់​ពីរ​ចប់​ទៀត​ទើប​ញ៉ាំង​ចិត្ត​ឲ្យ​សរសេរ​រឿង​វិធាវី​នឹង​ជាថ្មី»។​

ជា​ទូទៅ​ការ​សរសេរ​របស់​អ្នកស្រី​ ​សូ ភីណា​ ផ្ដោត​សំខាន់​ទៅ​លើ​រឿង​ខ្លី​ ​និង​រឿង​ប្រលោម​លោក​ដែល​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​ និង​ការ​តស៊ូ​មតិ​ក្នុង​សិទ្ធិ​សេរីភាព ពិសេស​ទាក់ទិន​នឹង​សមភាព​ ​និង​សមធម៌​យេនឌ័រ។ ​

ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

អ្នកស្រី​ ​សូ ភីណា ​យល់​ថា​ ​ឥទ្ធិពល​នៃ​សកលភាវូបនីយកម្ម ​ញ៉ាំងឲ្យ​អ្នកនិពន្ធ​ខ្មែរ​បច្ចុប្បន្នបាន​ចាប់​ផ្ដើម​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ទទួល​យក​គំនិត​អភិវឌ្ឍ​ពី​ការ​អប់​រំ​ពី​បស្ចិមប្រទេស​ ​ពិសេស​ផ្នែក​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិត​នេះ​តែ​ម្ដង។​

«យើង​រៀន​ភាសា​អង់គ្លេស​ យើង​អាន​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ យើង​អាន​សៀវភៅ​អង់គ្លេស​ ហើយ​ខ្ញុំ​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ជា​ការ​អប់រំ​បែប​បស្ចិមប្រទេស​ អញ្ចឹង​វា​ទាក់ទង​នឹង​សិទ្ធិ​សេរី​ភាព​ ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​សិទ្ធិ​ ទាក់ទង​នឹង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ជន​ងាយ​រងគ្រោះ។​ អញ្ចឹង ​វា​ជះ​ឥទ្ធិពល​មក ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ចេញ​ទៅ​វា​ទាក់ទង​នឹង​ការ​ទាមទារ​សិទ្ធិ និង​សមភាព និង​សមធម៌​យេនឌ័រ​ក្នុង​រឿង​ភាគច្រើន​ ដែល​ខ្ញុំ​សរសេរ»។

​មាន​ស្នាដៃ​ថ្មីៗយ៉ាង​ហោច​ណាស់​ចំនួន ១១៩៥ ​ចំណង​ជើង​ ​ឬ​ស្នាដៃ​និពន្ធ​ ​ក្នុង​ស្រុក​ ត្រូវ​បាន​បោះពុម្ពផ្សាយ​អំឡុង​ឆ្នាំ ២០១៦​ ​និង​២០១៧។​ ​ ការ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ប្រមាណ​ ​៣០%​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ក៏​ប៉ុន្តែ​គំហុក​នៃ​ប្រភេទ​រឿងដែល​បោះពុម្ព​ថ្មី​ ផ្ដោត​លើរឿង​និទាន​បែប​កុមារ ​រឿង​ប្រឌិត​បែប​ប្រលោម​លោក​ស្នេហា​ ​និង​ប្រភេទ​សៀវភៅ​បែប​លើក​ទឹក​ចិត្ត។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី​ ​ខ្លូត វិបុល្លា​ ​ប្រធានបណ្ណាល័យជាតិ​នៅ​កម្ពុជា។​

ចំណែក​អ្នក​ស្រី​ ​ម៉ៅ កុលាប ជា​អនុប្រធាន​សមាគម​បណ្ណារក្ស​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា​សៀវភៅ​បែប​រឿង​ពិត (non-fiction)​ ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​កម្ពុជា ហើយ​ថា​សិស្ស​និស្សិត​កម្ពុជា ត្រូវការ​សៀវភៅ​បែប​នេះ​ច្រើន​ ​តែ​ពួកគេ​ត្រូវ​សិក្សា​ពី​សំណេរ​អ្នក​និពន្ធ​បរទេស​ ​ជា​ភាសា​បរទេស​ ​ឬ​បក​ប្រែ​ជា​ភាសាខ្មែរ។​

«ការ​និពន្ធ​រឿង​ប្រលោមលោក ​មាន​សន្ទុះ​ខ្លាំង​ជាង​ ហើយ​ប្រភេទ​រឿង​ពិត (non-fiction) គឺ​តិច​មែន​ទែន។​ បើ​តាម​យើង​សង្កេត ​មាន​សាស្ត្រាចារ្យ​មួយ​ចំនួន​តូច​នៅ​វ័យ​កណ្ដាល តែង​និពន្ធ​ច្រើន​ផ្នែក​ប្រវត្តិសាស្ត្រ​ និង​ទស្សនវិជ្ជា»។​

ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

តាម​ការ​លើក​ឡើង​របស់​អ្នកស្រី​ ​ម៉ៅ កុលាប ​ការ​ស្រាវជ្រាវ​និង​សរសេរ​ជា​សៀវភៅ​រឿង​ពិត​ ​(non-fiction) នៅ​មាន​កម្រិត​ ​ដោយ​សារ​តែ​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស​ផ្នែក​ស្រាវជ្រាវ​នៅ​តែ​មានកម្រិត។​

«បើ​សរសេរ​រឿង​ប្រលោម​លោក​ ​យើង​មាន​ក្តី​ស្រមៃ​ យើង​សរសេរ​ចេញ​បាន​ហើយ​លឿន។​ ​ចំពោះ​ ​non-fiction​ សរសេរ​ដោយ​ត្រូវ​ការ​ស្រាវជ្រាវ​ ហើយ​ក៏​មិន​អាច​សរសេរ​ដោយ​បុគ្គល​តែម្នាក់​បាន​ដែរ។​ ​វា​ត្រូវ​ឆ្លង​កាត់​ក្រុមហ៊ុន​បោះពុម្ព​ publishing house»។​

អ្នកស្រី​បន្ត​ថា​ ​ក្រុមហ៊ុន​បោះពុម្ព​ ​(publishing house)​ ​ដែល​ទទួល​បន្ទុក​ត្រួតពិនិត្យ​មុន​ការ​បោះ​ពុម្ព​ គឺ​ស្ទើរ​តែ​គ្មាន​ទេ សម្រាប់​សៀវភៅ​បែប​រឿង​ពិត​ ​(non-fiction)​ ​នៅ​កម្ពុជា។

លោក​ ​ហង្ស អច្ចរិយា​ ​អ្នកនិពន្ធ​ប្រលោម​លោក និង​ជា​អ្នក​សម្ដែង​ក្នុងភាព​យន្ត​ និង​ដើរ​ម៉ូត។​ ​កាលពី​៦ ​ឆ្នាំ​មុន​ ​គឺ​ឆ្នាំ​ ​២០១១​ ​លោក​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​មួយ​ក្បាល​ ក្រោម​ចំណង​ជើង​ថា​ «ឈាម​នរក» ដែល​និយាយ​អំពី​ជីវិត​បុរសអន្តោប្រវេសន៍​ខ្មែរ​ ​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​ផុង​ខ្លួន​ចាញ់​កល​ល្បិច​ឈ្មួញ​ និង​ជាប់​លើ​ទូក​នេសាទ​កណ្ដាល​សមុទ្រ​ជាង​១០ឆ្នាំ ដែល​ធ្វើ​ឲ្យ​គាត់​បាន​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត​ព្រម​ទាំង​ភាព​កក់ក្តៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​នៅ​រង់ចាំ​គាត់​នៅ​មាតុភូមិ។​

ខុស​ពី​សៀវភៅ​កន្លង​មក​ ​បច្ចុប្បន្ន​ ​លោក​កំពុង​បង្ហើយ​សៀវភៅ​មួយ​ក្បាល​ទៀត​ ដែល​ជា​រឿង​ប្រឌិត​បែប​ស្រមើស្រមៃ។​

«ខ្ញុំ​អត់​ស្រាវជ្រាវ​ទេ​ ​ខ្ញុំ​ប្រើ​ក្ដី​ស្រមៃ។ ក្ដី​ស្រមៃ​ដែល​ខ្ញុំ​មាន​ជាង​១០ឆ្នាំ​ ​យក​មក​សរសេរ។​ ​វា​មិន​មាន​ការ​វិភាគ​ទេ។​ ស្នេហា​ ​មនោសញ្ចេតនា​ ​ផ្សងព្រេង​ អភិនីហារ​ ​វាយប្រហារ​ ​អាថ៌កំបាំង​ ព្រឺព្រួច​ តែ​សម្រាប់​មនុស្ស​ជាតិ​ សម្រាប់​ភព​ផែនដី​យើង»។​

ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

អ្នក​សារព័ត៌មាន​ជើងចាស់​មួយ​រូប​គឺ​លោក​ ​ឆាយ សុផល​ ​បាន​អ្នកនិពន្ធ​សៀវភៅ​មួយ​ចំនួន​ដូចជា​អំពី​ប្រវត្តិ​សង្ខេប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ និង​សែស្រឡាយ​ក្សត្រ​ជាដើម។​

លោក​បាន​ឲ្យ​ដឹង​ថា​ លំហ​នៃ​សេរីភាព​សារព័ត៌មាន ​ត្រូវ​បាន​រឹត​ត្បិត​ ​ការ​តែង​និពន្ធ​ទទួល​ផល​វិបាក​ដោយ​ប្រយោល។

«រឿង​ការ​ត្បិត​ត្បៀត​ ឬ​គាបសង្កត់​ទៅ​លើ​សេរីភាព​អ្នកសារព័ត៌មាន​វា​ជា​រឿង​មួយ តែ​តិច​ឬ​ច្រើន​ វា​ក៏​ធ្វើ​ឲ្យ​ទឹកចិត្ត​អ្នកនិពន្ធ​ផ្សេង​ទៀត​មាន​ការអាល​ដែរ»។​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ លោកស្រី​ ​ភឿង សកុណា មិន​យល់​ស្រប​យ៉ាង​ដូច្នោះ​ទេ។​ ​លោក​ស្រី​ ប្រាប់​ ​VOA​ ​ថា​ កង្វះ​ការនិពន្ធ​ប្រភេទ​រឿង​ពិត​អំពី​សង្គម​ ​ប្រវត្តិសាស្ត្រ​ នយោបាយ​ ​ដោយ​ស្នាដៃ​អ្នក​និពន្ធ​ក្នុងស្រុក​ មិន​មាន​ពាក់​ព័ន្ធ​ទៅ​នឹងស្ថាន​ភាព​សិទ្ធិ​សេរីភាព​អ្វី​នោះ​ទេ​ ​ហើយ​អ្នក​និពន្ធ​ខ្មែរ​មាន​សិទ្ធិ​សេរី​ភាពពេញលេញ​ក្នុង​ការ​តែង​និពន្ធ​ ​ទៅ​តាម​ជំនាញ​ ​និង​ជម្រើស​ពួកគេ។​

«អត់​មាន​អី​ដែល​ជា​កម្រិត​ទេ​ប្អូន​ ដឹង​ទេ។​ ​គាត់​មាន​បំណង​អី ពូកែ​ខាង​អី​ សរសេរ​ខាង​ហ្នឹង។ គ្រាន់​ថា​ បើ​សរសេរ​អំពី​ប្រវត្តិសាស្ត្រ​ សូម​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់​ ​កុំឲ្យ​អ្នក​អាន​ច្របូកច្របល់។ សូម​ឲ្យ​មាន​ភាព​ពិត​ កុំ​ក្រឡៃប្រវត្តិសាស្ត្រ​ តែ​ប៉ុណ្ណឹង​គត់»។​

ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពទូទៅ​នៃកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦​, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/ VOA)

យ៉ាងណា​ក៏ដោយ​ អ្នកស្រី​ ​សូ ភីណា​ ​យល់​ថា​ ទឹក​ដៃ​តែង​និពន្ធ​របស់​អ្នកនិពន្ធ​ក្នុងស្រុក​មាន​គុណភាព​ល្អ​ប្រសើរ​ ហើយ​ការ​បញ្ជ្រាប​ការ​អាន ​ក៏​ទទួល​បាន​ជោគ​ជ័យ​មួយកម្រិត។ ក៏​ប៉ុន្តែ​ អ្នកស្រី​ថា​យល់ថាសិទ្ធិ​សេរីភាព​របស់​អ្នកនិពន្ធ ​ត្រូវ​បាន​កម្រិត​ផង​ដែរ ដែល​ជាហេតុ​ឲ្យ​អ្នក​និពន្ធ​ក្នុង​ស្រុក​ជា​ជាច្រើន​ គិតគូរ​ពី​សុវត្ថិភាព​ខ្លួន​ មុននឹង​សម្រេច​សិក្សា​តាក់តែង​ទៅ​លើ​ប្រធាន​បទ​ណា​មួយ។

«ខ្ញុំ​ជឿ​ថា ​អ្នកនិពន្ធ​មួយ​ចំនួន​ ប្រាកដ​ជា​ គិតមុន​ពេល​គាត់​សរសេរ​ ថា​គាត់ត្រូវ​ជ្រើស​រើស​ប្រធាន​បទ​ណា​ សរសេរ​ហើយ​ឲ្យ​មាន​សុវត្ថិភាព​សម្រាប់​ខ្លួន​ឯង។ កន្លែង​ហ្នឹង​ហើយ​ ជា​កន្លែង​ដែល​គាត់​បិទ​ជ្រុង​មួយ​នៃសេរី​ភាព​នៃ​ការ​សរសេរ​របស់​គាត់​រួច​បាត់​ទៅ​ហើយ​ ​ដើម្បី​សុវត្ថិភាព​ ​ព្រោះ​យើង​ធ្លាប់​ឃើញ​មាន​ឧទាហរណ៍​ច្រើន ​ដែល​មិនល្អ​សម្រាប់​អ្នកនិពន្ធ​ និង​កាសែតអ៊ីចឹង»។​

​នៅ​តាម​ស្តង់សៀវភៅ​ប្រមាណ​ ​៨០ស្តង់​ក្នុង​កម្មវិធី​ពិព័រណ៍សៀវភៅកម្ពុជា​លើក​ទី៦ ​គេ​ឃើញ​មាន​សៀវភៅ​រឿង​ជាច្រើន​តម្រាប​ជា​ជួរ​ៗ​នៅ​លើ​តុ។​ ​អ្នក​និពន្ធ​ឈរ​ត្រៀបត្រា​ ​តាម​ស្តង់​និមួយៗ​ស្វាគមន៍​អ្នក​អាន​ដោយ ជជែក​សង្ខេប​អំពី​សាច់រឿង​ថ្មី​របស់​ខ្លួន​ ​ទៅ​កាន់​អ្នកអាន​ ​និង​ការ​ចុះ​ហត្ថលេខា​ថ្លែង​អំណរ​គុណ​ក្នុង​សៀវភៅ​សម្រាប់​ទុក​ជា​អនុស្សាវរីយ៍​ដល់​អ្នក​អាន​ ​និង​គាំទ្រ​សៀវភៅ​ខ្លួន៕​

XS
SM
MD
LG