ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិណខ្មែរគឺជាឧបករណ៍តន្ត្រីចាប់អារម្មណ៍ទស្សនិកជនច្រើនជាងគេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុងកម្មវិធីតន្ត្រីបង្សុកូលកំពុងច្រៀងបទពង្សាវតាខ្មែរក្នុងការប្រគុំតន្ត្រៃដែលមានពិណខ្មែរចូលរួមសម្តែង។

ពលរដ្ឋខ្មែរ​ជិត​១០០​នាក់​ដែល​បាន​ជួបជុំ​គ្នា​ក្នុង​ការ​បង្ហាញ​តន្ត្រី​បង្សុកូល​នៅ​មជ្ឈមណ្ឌល​អប់រំ​ក្រុង Lowell រដ្ឋ Massachusetts ​កាលពី​ល្ងាច​ថ្ងៃពុធ ​ទី៦ ខែធ្នូ​នេះ​ បាន​ចាប់អារម្មណ៍​នឹង​ពិណ​ខ្មែរ​គឺ​ជា​ឧបករណ៍​ភ្លេង​ដែល​បាត់​មុខ​មាត់​ច្រើន​សតវត្សរ៍​មក​ហើយនោះ។​

ក្នុង​កម្មវិធី​តន្ត្រី​បង្សុកូល​នេះ​ អ្នកចូលរួម​បាន​ស្វាគមន៍មន៍​និង​បាន​សំណេះ​សំណាល​ជាមួយ​លោក​បណ្ឌិត​ហ៊ឹម សុភី ​ ទីប្រឹក្សា​រាជបណ្ឌិត​សភា​កម្ពុជា​ និង​ជាទីប្រឹក្សា​គណៈ​កម្មការ​ផ្នែក​វប្បធម៌​វិចិត្រសិល្បៈ​លោក​ព្រីម​ ភ្លឿន

នាយក​ប្រតិបត្តិ​សិល្បៈ​ខ្មែរអមតៈ​និង​សិល្បៈករ​ផ្សេងទៀត​ ដែល​បកស្រាយ​អំពី​ការរក្សា​កេរ​តំណែល​សិល្បៈខ្មែរ​ ជាពិសេស​ការធ្វើ​ពិណខ្មែរ​ដែល​បាត់បង់​ជិត១០០០ឆ្នាំមកហើយនោះ។​ កម្មវិធីនេះ​ក៏មាន​ការស្មូត​និង​ការលេង​ភ្លេង​កំដរផង​ដែរ។

លោក ព្រីម​ ភ្លឿន

​នាយកប្រតិបត្តិ​អង្គការសិល្បៈ​ខ្មែរអមតៈឲ្យ​ដឹង​ថា​ក្នុង​ដំណើរ​សម្តែង​តន្ត្រី​បង្សុកូល​និង​ការសម្តែង​ផ្សេងៗ​ទៀត​នៅទីក្រុង​New York ​ទីក្រុង​Boston ​និង​ក្រុង Lowell រដ្ឋ Massachusetts នេះទស្សនិក​ជន​ចាប់​អារម្មណ៍នឹង​ឧបករណ៍ខ្មែរ ​ជាង​ឧបករណ៍​បរទេស ​ជាពិសេស​នោះគឺ៖

«ឧបករណ៍ពិណ​ ដោយសារ​ជា​ឧបករណ៍​ថ្មីដែល​បាន​បាត់បង់​ជាង​៩០០​ឆ្នាំ​មក​ហើយ ​ហើយទើបតែ​ឃើញ​មាន​ការ​សម្តែង​ប្រើឡើង​វិញ។​អីចឹង​ខ្ញុំ​ឃើញ​ថា ​ទស្សនិកជនច្រើន​ដែល​គាត់មាន​ចំណាប់​អារម្មណ៍​អ្នកលេង​ពិណ ​ពិណ​ខ្មែរ»។

ច្រើន​ឆ្នាំមក​ហើយដែល​មន្ត្រីក្រសួង​វិប្បធម៌​និង​ក្រុម​សិល្បៈខ្លះ​មាន​គំនិត​ចង់​បង្កើត​ពិណ​ខ្មែរឡើង​វិញ​ តែ​មិនមាន​ចេញជារូបរាង​ជាក់ស្តែង​ទេ។​រហូត​មកដល់​ឆ្នាំ​២០១៣ ​ លោកហ៊ឹម សុភី​និង​ក្រុម​សិល្បៈខ្មែរ​អមតៈ​បាន​ចាប់​ផ្តើម​សកម្មភាព​ស្រាវ​ជ្រាវ​ដើម្បី​បង្កើត​ឧបករណ៍​នេះ​ឡើង​វិញ។​

លោក​ហ៊ឹម សុភី​បាន​និយាយ​ថា ​រូបរាងពិណ​ខ្មែរ​ដែល​ធ្វើឡើង​វិញ​ក្រោយពី​បាត់បង់​ច្រើនរយ​ឆ្នាំមកនេះ​គឺធ្វើឡើង​តាម​រចនាបទ​ខ្មែរ​ដែល​មាន​បង្ហាញ​តាម​ជញ្ជាំង​ប្រាសាទ​នានា ​គឺមិនមែន​ធ្វើតាមក​ារនឹក​ឃើញ​នោះ​ទេ។​ «ប្រភព​ស្រាវជ្រាវ​ធ្វើពិណ​ខ្មែរទីមួយ​គឺសិលា​ចារិក​នៅតាម​ជញ្ជាំង​ប្រសាទ​ខ្មែរ​ដែល​មាន​១ពាន់៧៥ប្រាសាទ។ ប្រាសាទធំៗ ​ដែល​យើង​ឃើញ​មាន​ពិណ​ខ្មែរ​ច្រើនជាងគេ​ដែលឆ្លាក់នៅ​តាម​ជញ្ជាំង​គឺ​ប្រាសាទ​បាយ័ន ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​បន្ទាយឆ្មារ ​ ប្រាសាទបន្ទាយសម្រែ។ ​សូម្បី​តែ​នៅ​បណ្តុំប្រាសាទ​សម្បូរព្រៃគុហ៍​ដែលមាន​ប្រាសាទ​រាប់រយ​តាំងពី​សត​វត្សរ៍​ទី​៦នោះ​ក៏មាន​រូបចម្លាក់​ពិណ​នៅ​តាម​ផ្តែរ»។​

លោក​ឲ្យដឹង​ថា​ ពិណ​ដែលយក​មក​សម្តែង​នេះគឺ​ពិណក្បាល​នាគ​និង​ពិណ​ក្បាល​គ្រុឌ​ លេង​ដោយ​កូន​សិស្ស​របស់​លោក​ពីរនាក់​ក្នុង​ចំណោម​សិស្ស​៥នាក់​ដែល​លោក​បាន​បង្រៀន។​

ក្រោយពីការ​លំបាក​ក្នុងការ​សិក្សា​អំពី​រូបរាងពិណខ្មែរ នៅមាន​ការលំបាក​មួយ​ទៀត​គឺខ្សែ និង​សំឡេង​ពិណ ​ដែលមិនអាច​ធ្វើបាន​តាម​រយៈការ​សិក្សា​អំពី​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទនោះ​ឡើយ។ ​ ដូច្នេះ ក្រុម​សិល្បៈ​ករ​ត្រូវ​សិក្សា​អំពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​នៃ​ឧបករណ៍​ពិណ​នេះ។ ​ការ​ស្រាវជ្រាវ​បង្ហាញថា ​ពិណខ្មែរ​មាន​សំឡេង​ស្រដៀង​និងពិណភូមា។ ​ដូច្នេះ​អ្នក​អ្នកស្រាវជ្រាវ​ត្រូវ​សិក្សា​អំពី​ការធ្វើ​ខ្សែពិណ​របស់​ភូមា​តែត្រូវ​កែច្នៃ​ធ្វើ​ខ្សែ​ដែល​បន្លឺ​សំឡេង​ជា​របៀប​ភ្លេង​ពិណ​ខ្មែរ។​

លោកព្រឹម ភ្លឺន​ថ្លែងថា៖​

«មិនមែន​មានតែ​រូបភាព​ឯណា ត្រូវការ​សំឡេង​ចេញ​ឲ្យ​ត្រូវ។​តាមពិត ​ការ​សិក្សា​ពិណហ្នឹង ​យើង​ទៅ​រកពិណដែលមាន ដូចថា​ ប្រហាក់​ប្រហែល​ពិណ​ខ្មែរ ​មែនទែន​ដែល​នៅ​មាន​ការ​ប្រើ​នៅ​ប្រទេស​ភូមា។​ នៅភូមាដែល​យើងទៅរកឃើញ​ថា ​នៅមាន​ការ​លេង​ពិណបែប​យ៉ាង​ម៉េច?​ពិណ​របស់​គាត់​មិនមែន​ដូច​របស់​យើង​ទេ ​ តែ​សំឡេង​របស់គាត់​វា​ប្រហាក់​ប្រហែល​គ្នា​ដោយសារ​ក្នុង​អាស៊ីអាគ្នេយ៍​របស់​យើង​១០០០​ឆ្នាំ​កន្លង​មក​មាន​ទំនាក់​ទំនង​គ្នា»។

នេះមិនមែនជាលើកទីមួយទេ ដែល​ក្រុម​សិល្បៈ​សិល្បៈខ្មែរ​អមតៈ​ការ​សម្តែង​សិល្បៈ​នៅតាមរដ្ឋនានានៅស.រ.អា.។​

ស.រ.អា.​មាន​គោល​នយោបាយ​ជួយ​គាំទ្រ​ការ​អភិរក្ស​សិល្បៈ​បុរាណ​ជាជាង​សិល្បៈ​បែប​សម័យ។ ​នេះបើតាម​ការឲ្យដឹង​ពីលោក​រឿន សេងហាប់ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំក្រុង ឡូវែល Lowell Education Center​ដែល​ធ្លាប់​ធានា​ក្រុម​សិល្បៈ​សម័យ​និង​បុរាណ។

«ការធានាចំពោះសិល្បៈមានការលំបាកណាស់ឥឡូវនេះ ជាពិសេស​តន្ត្រី​សម័យ យើងធានា​មាន​ធ្លាក់ច្រើន ធ្លាក់ច្រើនមែនទែន រហូតដល់​ឥឡូវនេះ សឹង​តែ​អត់មានអ្នកណា​ហ៊ាន​ធានា​ ដោយសារ​វា​អស់លុយច្រើនពេក​ធានាមក»។​

លោក​បន្តថា ​ចំពោះសកម្មភាពនេះ​ ក្រុម​សិល្បៈករ​អាច​សុំ​ទិដ្ឋាការ​ និង​អាចមក​សម្តែង​សិល្បៈ​នៅស.រ.អា. ​ដោយមាន​ការ​ធានា​ត្រឹមត្រូវ ដោយ​សារ​ជា​សិល្បៈបុរាណ​ដែលស្របនឹងគោលការស.រ.អា.ជួយ​អភិរក្ស​សិល្បៈ​បុរាណ​ដែល​ប្រឈមនឹង​ការបាត់បង់៕​

XS
SM
MD
LG