សហរដ្ឋអាមេរិកមាន«កង្វល់ខ្លាំង»អំពីការយាយី និងការបំភិតបំភ័យអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដែលរាយការណ៍អំពីទឹកជំនន់ដ៏ប្រល័យនៅក្នុងប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃព្រហស្បតិ៍។
កំណត់សម្គាល់របស់លោកធ្វើឡើងមិនដល់២៤ម៉ោងទេ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានចោទថា បណ្តាញទូរទស្សន៍ BBC «ផ្សាយព័ត៌មានមិនពិត»អំពីទឹកជំនន់ដ៏ប្រល័យកាលពីសប្តាហ៍មុននៅក្នុងខេត្ត Henan ភាគកណ្តាល ហើយដែលបណ្តាញផ្សព្វផ្សាយអង់គ្លេសនេះ បាននិយាយថា អ្នកកាសែតរបស់ខ្លួនបានរងការបំភិតបំភ័យ។
លោក Price បាននិយាយថា «រដ្ឋាភិបាលចិនបានអះអាងស្វាគមន៍បណ្តាញព័ត៌មានបរទេស ហើយនឹងជួយដល់ការងាររបស់ពួកគេ ក៏ប៉ុន្តែសកម្មភាពរបស់ចិន ផ្ទុយពីសម្តី»។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានហៅបណ្តាញទូរទស្សន៍ BBC ថា ជា«ក្រុមហ៊ុនព័ត៌មានក្លែងក្លាយ» ដែលបានវាយប្រហារ និងបង្ខូចប្រទេសចិន។
BBC បានរាយការណ៍ពីទឹកជំនន់កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Zhengzhou ដែលមនុស្ស២៤នាក់ស្លាប់ និងអ្នកធ្វើដំណើរជាង៥០០នាក់ ជាប់គាំង នៅពេលដែលផ្លូវរទេះភ្លើងក្រោមដីនៅទីក្រុងនេះ បានលិចទឹក។
ពួកអ្នកយកព័ត៌មានពីទីភ្នាក់ងារព័ត៌មាន AFP បានត្រូវពួកអ្នកក្រុង Zhengzhou បង្ខំឲ្យលុបរូបភាព និងត្រូវបានឡោមព័ទ្ធដោយពួកបុរសរាប់សិបនាក់ ខណៈរាយការណ៍អំពីផ្លូវរទេះភ្លើងក្រោមដីលិចទឹក។
លោក Zhao បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកអ្នកយកព័ត៌មានបរទេសមានសេរីភាពពេញលេញដើម្បីរាយការណ៍នៅក្នុងប្រទេសចិន។
ក៏ប៉ុន្តែអង្គការសេរីភាពព័ត៌មាននិយាយថា អ្នកយកព័ត៌មានបរទេសនៅក្នុងប្រទេសចិន កំពុងត្រូវបានរឹតបន្តឹង ដោយពួកគេត្រូវបានគេដើរតាមនៅតាមផ្លូវ រងការយាយីតាមអនឡាញ និងបដិសេធមិនផ្តល់ទិដ្ឋាការ៕