ក្រុមអង្គការសិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានបានសម្តែងការខឹងសម្បាអំពីព័ត៌មានបញ្ចេញឱ្យដឹងថាឲ្យអ្នកកាសែតចំនួន១៨០នាក់នៅជុំវិញពិភពលោកក្លាយជាគោលដៅនៃការស៊ើបយកការណ៍ដោយ Pegasus Spyware ដែលជាកម្មវិធីប្រឆាំងចារកម្មរបស់យោធាអ៊ីស្រាអែល។
ក្រុមហ៊ុនឯកជនអ៊ីស្រាអែលឈ្មោះ NSO Group បានលក់កម្មវិធីស៊ើបការណ៍ឈ្មោះPegasus Spyware នេះឲ្យរដ្ឋាភិបាលជាច្រើនហើយរដ្ឋាភិបាលខ្លះបានប្រើវាស៊ើបអ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្ស។ កម្មវិធីនោះថែមទាំងត្រូវបានប្រើប្រឆាំងមេដឹកនាំរដ្ឋាភិបាលផងដែររួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron។
លោក Macron បានអំពាវនាវឲ្យមានការស៊ើបអង្កេតហើយប្រទេសអ៊ីស្រាអែលបាននិយាយថាខ្លួនកំពុងតែងតាំងក្រុមការងារមួយដើម្បីស៊ើបអង្កេត។ ក្រុមហ៊ុន NDO និយាយថាកម្មវិធីនេះមានគោលបំណងជួយចាប់ពួកឧក្រិដ្ឋជននិងភេរវជន។
ទោះជាយ៉ាងណាការស៊ើបអង្កេតអន្តរជាតិគឺគម្រោង Pegasus ដែលចាប់ផ្តើមដោយអង្គការForbidden Stories មានទីតាំងនៅក្នុងទីក្រុងប៉ារីសនិងអង្គការសិទ្ធិមនុស្ស Amnesty International បានរកឃើញថាកម្មវិធីនេះបានត្រូវប្រទេសចំនួន១០ប្រើយ៉ាងទូលំទូលាយស៊ើបអ្នកកាសែតនិងសកម្មជន ដោយលួចចូលក្នុងទូរសព្ទដៃនិងថែមទាំងចាប់បានម៉ាស៊ីនថតរបស់ទូរសព្ទទៀតផង។
អ្នកស្រី Laurent Richard នៃអង្គការ Forbidden Stories បានប្រាប់VOAថា«ប្រទេសអារ៉ាប់ប៊ីសាអូឌីតអាស៊ែបៃហ្សង់ ម៉ិចស៊ិកនិងម៉ារ៉ុកជាប្រទេសដែលត្រូវបានគេដឹងថាមានអាកប្បកិរិយាប្រឆាំងអ្នកកាសែតនិងអ្នកការពារសិទ្ធិមនុស្ស។ គេតាមដានអ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្ស។នៅក្នុងប្រទេសម៉ិចស៊ិកយើងបានរកឃើញលេខទូរសព្ទអ្នកកាសែតម្នាក់នៅក្នុងបញ្ជីនោះហើយ២ខែក្រោយមក អ្នកកាសែតនោះត្រូវបានគេសម្លាប់។យើងក៏មានភស្តុតាងដែរថាគូដណ្តឹងរបស់លោក Jamal Khashoggi បានត្រូវគេឈ្លបមើលតាមរយៈកម្មវិធីនេះបន្ទាប់ពីការសម្លាប់លោក Jamal Khashoggi»។
អ្នកកាសែតម្នាក់ដែលជាទីដៅវាយប្រហារនៅក្នុងប្រទេសរវ៉ាន់ដាធ្វើការឲ្យ VOA។
អ្នកយកព័ត៌មានដែលជាទីដៅវាយប្រហារនៅក្នុងប្រទេសអាស៊ែបៃហ្សង់ឈ្មោះ Sevinc Vaqifqizi ធ្វើការឲ្យទូរទស្សន៍ Meydan បានប្រាប់ VOA ថា សិទ្ធិផ្ទាល់ខ្លួនរបស់អ្នកស្រីបានត្រូវគេបំផ្លាញ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល(USAGM) បានបញ្ជាក់ថាខ្លួនមានការខឹងសម្បាដោយមានសេចក្តីរាយការណ៍ថា អ្នកកាសែតជាង១៨០នាក់រួមមានអ្នកកាសែត VOA និងវិទ្យុអឺរ៉ុបសេរីបានក្លាយជាទីដៅនៃការវាយប្រហាររបស់កម្មវិធីPegasus Spywareនេះ៕
(Dilshad Aliyarli, Ted Benson និង Chris Hannas រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)