ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Blinken​ ជួប​ជនជាតិ​ Uyghurs​ ដើម្បី​ស្វែងរក​ការ​ណែនាំ​អំពី​ចំណាត់ការ​ជាមួយ​ប្រទេស​ចិន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្ដីពី​«ការជួញដូរ​មនុស្ស» នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

លោក​ Antony Blinken​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​កាលពី​ថ្ងៃអង្គារបាន​ជួប​តាម​អនឡាញ​ជាមួយ​ជនជាតិ​មូស្លីម​ Uyghurs ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​នានា​ក្នុង​តំបន់​ស៊ីនជាំង​ប្រទេស​ចិន​ដើម្បី​ស្តាប់អំពី​បទ​ពិសោធន៍​របស់​ពួកគេ​ និង​ស្វែងរក​ដំបូន្មាន​ល្អ​បំផុត​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​បង្ក្រាប​នៅ​ទីនោះ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​AP។​

ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា ​លោក​ Blinken ​ចង់​ស្តាប់​យោបល់​អតីត​អ្នក​ជាប់​ឃុំ​៧​នាក់ សាច់ញាតិ​របស់​អ្នក​ដទៃ​ និង​អ្នក​តស៊ូ​មតិ​អំពី​ស្ថានភាព​ដែល​ពួកគេ​ និង​សហគមន៍ Uyghursប្រឈម។​

ប្រទេស​ចិន​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ និង​រងទណ្ឌកម្ម​ពី​អន្តរជាតិ​ចំពោះ​ការ​ឃុំខ្លួន​ជន​ជាតិ Uyghurs និង​ជនជាតិ​ភាគតិច​ដទៃ​ទៀត​ជាង​១​លាន​នាក់​ដើម្បី​អប់រំ​នយោបាយ​នៅ​តំបន់​ស៊ីនជាំង។​

លោក​ Ned Price ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ បាន​និយាយ​ថា​ កិច្ច​ប្រជុំ​នេះ​បង្ហាញ​ការ​បន្ត​គោល​នយោបាយ​របស់​អាមេរិក​ស្តីពី​បញ្ហា​នេះ​របស់​រដ្ឋបាល​លោក​ Biden ​និង​រដ្ឋបាល​លោក​ Donald Trump ​ដែល​ខុស​គ្នា។

រដ្ឋបាល​ទាំងពីរ​បាន​ហៅ​យុទ្ធនាការ​នៅ​តំបន់​ស៊ីនជាំង​ថា ​«អំពើ​ប្រល័យ​ពូជ​សាសន៍»​ និង​បាន​ដាក់​ទណ្ឌកម្ម​ប្រទេស​ចិន​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​អតីត​រដ្ឋមន្រ្តីការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Mike Pompeo​ បាន​ជួប​ជាច្រើន​ដង​ជាមួយ​ជនជាតិ​ Uyghurs​ ដែល​ជា​អតីត​អ្នក​ទោស។​

ចាប់តាំង​ពី​រដ្ឋបាល​លោក​ Trump​ សហ​រដ្ឋ​អាមេរិក​បាន​បង្កើន​សម្ពាធ​ជា​ប្រចាំ​ទៅ​លើ​ប្រទេស​ចិន​ចំពោះ​បញ្ហា​មួយ​ចំនួន​ ជាពិសេស​ការ​គាប​សង្កត់​នៅ​តំបន់​ស៊ីនជាំង​ និង​ការ​បង្ក្រាប​ការ​ប្រឆាំង​នយោបាយ ​និង​សិទ្ធិ​មនុស្ស​នៅ​ហុងកុង។ ​ទណ្ឌកម្ម​ទាំងនោះ​រួមមាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​ និង​ការ​រឹតត្បិត​ពាណិជ្ជ​កម្ម​លើការ​នាំចូល​ពី​ប្រទេស​ចិន​មក​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG