ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ភ្ជាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​អាកាសធាតុ​ទៅ​នឹង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក


រូបឯកសារ៖ ទង់ជាតិ​ចិន និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខាង​ក្រៅ​អគារ​ក្រុមហ៊ុន​មួយ ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ REUTERS/Aly Song
រូបឯកសារ៖ ទង់ជាតិ​ចិន និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខាង​ក្រៅ​អគារ​ក្រុមហ៊ុន​មួយ ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ REUTERS/Aly Song

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​អាកាសធាតុ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​អាស្រ័យ​លើ​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​បេសកជន​ពិសេស​ផ្នែក​អាកាសធាតុ​របស់​សហរដ្ឋ​អាមេរិក​លោក John Kerry បាន​ជំរុញ​ឲ្យ​ចិន​ដាក់​កម្រិត​លើ​ការ​បំភាយ​ឧស្ម័ន​ឲ្យ​បាន​ឆាប់​រហ័ស។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ភាគី​ទាំង​ពីរ​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ទៅ​នឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ចំណាត់ការ​ពី​ដំបូង​របស់​ចិន​ទៅ​លើ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩។

ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ធ្វើការ​ជាមួយ​គ្នា។

ក៏​ប៉ុន្តែ បន្ទាប់​ពី​លោក Kerry បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​វិធានការ​ឲ្យ​ឆាប់​រហ័ស​ជាង​នេះ​ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​អាកាសធាតុ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​ព្រមាន​ថា កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​បរិស្ថាន​អាច​នឹង​ត្រូវ​រង​ប៉ះពាល់​ដោយ​សារ​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃ​ច័ន្ទ លោក Kerry បាន​អំពាវនាវ​ឲ្យ​អ្នក​បង្កើត​គោលនយោបាយ​ចិន​ធានា​ថា​នឹង​កម្រិត​នៃ​ការ​បំភាយ​ឧស្ម័ន​នៅ​មុន​កាល​កំណត់​នៅ​ឆ្នាំ២០៣០។

លោក Kerry បាន​ថ្លែង​ក្នុង​សុន្ទរកថាស្ដីពី​គោលនយោបាយ​មួយ​នៅ​ទីក្រុង​ឡុងដ៍​នៃ ប្រទេស​អង់គ្លេស​ថា គោលដៅ​នៃ​ការ​ដាក់​កម្រិត​កំណើន​កម្ដៅ​ផែនដី​ត្រឹម ១,៥ អង្សារសេនឹង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ប្រសិន​បើ​គ្មាន«ការកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពី​ចិន»។

លោក Kerry បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន កាល​ពី​ខែ​មេសា​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​ការប្រែប្រួល​អាកាសធាតុ បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​មាន​ការ​ល្អក់​កករ​នឹង​គ្នា​លើ​បញ្ហា​ផ្សេង​ទៀត​ក៏​ដោយ៕

XS
SM
MD
LG