ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​អំពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​បក្ស​ប្រឆាំង


លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​ «មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើន​ការ​ចាប់​ខ្លួន​ ការ​យាយី​ និង​ការ​គំរាម​កំហែង​លើ​សមាជិក​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ និង​ចំពោះ​ការ​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​រារាំង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ចូលរួម​ដោយ​សន្តិវិធី​នៅ​ក្នុង​ដំណើរការ​នយោបាយ‍»។

អ្នក​នាំ​ពាក្យ​ស្ថានទូត​បាន​បន្ថែម​ថា៖ «សកម្មភាព​ទាំង​នេះ​តំណាង​ឲ្យ​ការ​បង្កើន​ការ​គាប​សង្កត់​លើ​គណបក្ស​ប្រឆាំង‍»។

លោក ​សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ កន្លង​មក​បាន​សន្យា​ថា​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​បាន​អះអាង​ថា លោក​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្តហោះ Thai Airways ​ពី​ទីក្រុង​ប៉ារីស ​ទៅ​កាន់​ទីក្រុង​បាងកក។

នៅ​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​ហោច​ណាស់ ​សកម្មជន​គណបក្ស​គណបក្ស​ប្រឆាំង​យ៉ាង​តិច​ ៤៨ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ ​តាំង​ពី​លោក​ សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​នៅ​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​មក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG