ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ព្រមាន​ចាប់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចូលរួម​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោកសម រង្ស៊ី


រូបឯកសារ៖​ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)
រូបឯកសារ៖​ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

លោក​ហ៊ុន សែន​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ចំអក​ខ្លាំង​ៗ​លើ​អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​សម រង្ស៊ីថា​ជាមនុស្ស​កំសាកមិន​ហ៊ាន​ចូល​ស្រុក និង​បាន​គំរាម​ចាប់​ខ្លួន​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​រូប​ណាដែល​ត្រៀម​ខ្លួន​ទៅ​ទទួល​ស្វាគមន៍​មាតុភូមិ​និវត្តន៍​លោក​សម រង្ស៊ី​នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៩ ដល់​២០២៣។

«ថ្ងៃទីប្រាំ​បួន​ អាមួយ​ហ្នឹង​ វានៅឯប៉ារីស​ណោះ​។ ​រឿង​អី​វាមក​ចាប់​ហ៊ុន សែន​នៅ​នេះ»។

លោក​ហ៊ុន សែន​ បានព្រមានចាប់​ខ្លួនក្រុម​អ្នកគំាទ្រ​គណបក្ស​ប្រឆាំង​បន្ថែម​ទៀតប្រសិន​បើ​ពួកគេ​ ​បន្ត​ចូលដៃ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ជាមួយ​លោក​សម រង្ស៊ី​នោះ។

«អ្នក​ណា​ចូលដៃ​ អ្នក​ហ្នឹង​ត្រូវ​មាន​ទោស​ និយាយ​គ្នា​ឲ្យ​ច្បាស់​ ចេញសារភាពឲ្យត្រង់​ៗ​មក​ ចេញ​សារភាព​ច្រើន​ណាស់​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ហើយ​បើ​ចេញ​ទេ​ តាម​ជាប់​ទី​ណា​ គឺ​ចាប់​តាហ្នឹង​តែ​ម្តង»។

ក្រៅ​ពី​ការ​ព្រមាន​ក្រុម​អ្នកគំាទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​ចេញ​សារភាព​នូវ​ទោស​កំហុស​ដែល​លោក​មិន​បាន​បញ្ជាក់ លោកហ៊ុន​ សែន ក៏​បាន​បរិហារ​ពាក្យ​ «ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​» ថា​ បាន​រួមចំណែក​ដល់​ការ​បង្ក​ឲ្យ​មាន​សោកនាដកម្ម​លើ​ប្រទេស​កម្ពុជា​កាល​ពីអតីត​កាល។

«ដោយ​សារ​តែ​អាពាក្យ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ បន្ទាប់​មក​គឺ​ផ្តួលរំលំ​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ ស្លាប់​រាប់​លាន​នាក់​ ឥឡូវ​យើង​ខ្ញុំ​ មិន​អាច​ជឿ​ទៅ​លើ​អ្វី​ ដែល​ជា​ពាក្យ​គ្រាន់​តែ​និយាយ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ទេ​»។

លោក​ហ៊ុន សែន​ លើក​ឡើង​ទៀត​ថា​ លោក​នឹង​មិន​អត់​ឱន​ឲ្យ​លោក​សម រង្ស៊ី​ទេ។ លោក​ចោទ លោក​សម រង្ស៊ីថា​ បាន​គំរាម​ចាប់​ខ្លួន​លោក​និង​ថែម​ទាំង​បាន​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ។

លោកសម រង្ស៊ី​ បាន​ប្រកាស​ជា​ច្រើន​ដង​ថា​ លោក​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​កម្ពុជា​វិញ​ជាមួយ​ក្រុម​គាំទ្រ​របស់​លោក​ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកក៏បាន​កៀរ​គរ​ការ​គាំទ្រ​ពី​សហគមន៍​អន្តជាតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាត​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចូលកម្ពុជា​ និង​បន្តសកម្មភាព​នយោបាយ​ឡើង​វិញ។

លោក​ Brad Adams ​នាយកអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ចេញ​នៅ​ថ្ងៃនេះថា៖

«រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ភ្លាម​ៗយុទ្ធនាការ​គំរាម​កំហែង​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ហើយ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​គេឃុំខ្លួន​ដោយ​គ្មាន​ទោស​កំហុស​នោះ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​កត់​សម្គាល់​ថា​ ចាប់​តាំង​ពី​លោក​សម រង្ស៊ី​ប្រកាស​មាតុភូមិ​និវត្តន៍​របស់​លោក​នោះ​ អាជ្ញាធរ​កម្ពុជា​បានចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩២នាក់​ ក្រោម​បទ​ចោទ​ជាច្រើន​ រួម​មាន​ផែន​ការ​ប្រឆាំង​រដ្ឋ​អំណាច​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​ការ​មិន​គោរព​តាម​សេចក្តី​សម្រេច​តុលាការ។

អង្គការ​សិទ្ធិមនុស្ស​នេះ​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​បាន​ឃុំខ្លួន​៤៥​នាក់​ ក្នុង​ចំណោម​សកម្មជន​ដែល​ជាប់​សង្ស័យ​ទាំង​នោះ។ អាជ្ញាធរ​កម្ពុជា​ក៏បាន​បង្ខំ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​១៤៣​នាក់​ចូល​សារភាព​ ហើយ​ឲ្យ​ពួកគេ​ថ្កោល​ទោស​គណបក្ស​ប្រឆាំងដើម្បី​បញ្ជៀស​ការ​ចាប់​ខ្លួន​ ក្រោម​បទ​ចោទ​ រៀបចំ​គម្រោង​រដ្ឋ​ប្រហារ។​

លោក​ សម រង្ស៊ី ដែល​និរទេស​ខ្លួន​ឯង​រយៈ​ពេល​បួន​ឆ្នាំ​នៅប្រទេស​បារាំង​ ដើម្បី​គេច​ពីការចាប់​ខ្លួន​ក្រោម​បទ​ឧក្រិដ្ឋ​ជាច្រើន បាន​និយាយ​ថា​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​នាំ​ឲ្យ​មាន​ចលនា​រើ​បម្រាស់​ដ៏​ធំ​មួយ​ពី​សំណាក់​ប្រជាជន​ដោយ​អហិង្សា ដើម្បី​បង្ខំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​ថៃ កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ថាលោកសម រង្ស៊ី​ ប្រហែល​ជា​នឹង​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ​ កើតមានឡើង​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ស្នើ​កុំ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​និង​បក្ខ​ពួក​ឆ្លងកាត់​ប្រទេស​ទាំង​នោះ ដើម្បី​ចូល​មក​កម្ពុជា៕

XS
SM
MD
LG