ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកស្នើកម្ពុជាស្វែងរកដំណោះស្រាយសន្តិវិធីដើម្បីផ្សះផ្សារជាតិ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវការចាប់ខ្លួន និងការយាយីរំខានដល់សមាជិកនៃគណបក្សប្រឆាំង ហើយបានទទូចឱ្យអ្នកនយោបាយកម្ពុជារៀបចំដំណើរការផ្សះផ្សារជាតិដោយសន្តិវិធី ដោយមានការចូលរួមគ្រប់ភាគីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដឡើងវិញ។

អត្ថាធិប្បាយនេះធ្វើឡើង ស្របពេលដែលក្រុមមេដឹកនាំគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែស្វែងរកវិធីវិលចូលមាតុភូមិវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានេះហើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួនអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ និងគំរាមចាប់ដាក់ពន្ធនាគារអ្នកដែលចេញមកស្វាគមន៍។

លោកស្រីអេមីលី ហ្ស៊ីប៊ឺក (Emily Zeeberg) អ្នកនាំពាក្យស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ នៅក្នុងសារឆ្លើយតបនឹងវីអូអេថា៖

«យើងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនការចាប់ខ្លួនជាបន្តបន្ទាប់នាពេលថ្មីៗនេះ ការយាយីរំខាន និងការបំភិតបំភ័យសមាជិកនៃគណបក្សនយោបាយប្រឆាំងនៅកម្ពុជា និងការខិតខំប្រឹងប្រែងរារាំងពលរដ្ឋកម្ពុជា មិនឱ្យវិលត្រឡប់មកចូលរួមដំណើរការនយោបាយដោយសន្តិវិធី”។

ចាប់តាំងពីដើមឆ្នាំ២០១៩មក មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៥០នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយហេតុផលនយោបាយ។

អាជ្ញាធរកម្ពុជាបានរឹតបន្តឹងសន្តិសុខនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តោយព្រំដែនខ្មែរថៃ ដោយសារតែគណបក្សប្រឆាំងអះអាងថា មានពលករខ្មែរដែលធ្វើការនៅប្រទេសថៃជាច្រើនម៉ឺននាក់នឹងចូលរួមដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។

រដ្ឋាភិបាលកម្ពុជាក៏ស្នើឱ្យបណ្តាប្រទេសអាស៊ានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន៩នាក់ ក្នុងនោះមានលោកសម រង្ស៊ី លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង ជាដើម ដោយសារតែរងការចោទប្រកាន់ថារៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោកស្រី អេមីលី ហ្ស៊ីប៊ឺក បានបន្ថែមថា៖

«យើងអំពាវនាវដល់សមាជិកអាស៊ានឱ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិនិងគោរពគោលការណ៍មិនបញ្ជូនជនភៀសខ្លួនមកប្រទេសដើមវិញបើបុគ្គលនោះអាចប្រឈមនឹងការកាត់ទោសឬរងទារុណកម្មបើត្រឡប់មកវិញ‍»។

យ៉ាងហោចណាស់មានពលរដ្ឋខ្មែរអាមេរិកាំងជិត២០០នាក់ បានស្ម័គ្រចិត្តវិលទៅប្រទេសកម្ពុជាវិញតាមការអំពាវនាវរបស់លោកសមរង្ស៊ីផងដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG