ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​កម្ពុជា​ឈប់​ដាក់​សម្ពាធ​លើ​ប្រទេស​ជិតខាង​ក្នុងការបង្ក្រាប​មន្ត្រី​បក្ស​ប្រឆាំង


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរជាមួយមេដឹកនាំប្រទេសថៃ វៀតណាម ព្រុយណេ និងឥណ្ឌូនេស៊ី ចុះពីវេទិកាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរជាមួយមេដឹកនាំប្រទេសថៃ វៀតណាម ព្រុយណេ និងឥណ្ឌូនេស៊ី ចុះពីវេទិកាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Nicholas Bequelin នាយក​អង្គការ Amnesty International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ «‍ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ មាន​រលក​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លុត​ឥត​អៀនខ្មាស​ទៅលើ​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​តំបន់។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​កម្ពុជា ​រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​ពន្យារពេល​ផែន​ការ​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ប៉ោយប៉ែត​ជាប់​ព្រំ​ប្រទេស​កម្ពុជា-ថៃ​ ដោយ​សារ​លោក​អះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ (Thai Airways) មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ។

លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​របស់​លោក​ សម រង្ស៊ី ក្រោយ​ពី​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​រូប​នេះ បាន​ស្នើសុំ​ការ​អនុញ្ញាត​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​លោក​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​អស់​រយៈពេល​៤​ឆ្នាំ។

កាល​ពី​យប់​ថ្ងៃ​ពុធ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​បាន​ឃាត់ខ្លួន​អនុ​ប្រធាន​ម្នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​អ្នកស្រី មូរ សុខហួរ​ នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ​ នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ជា​ទី​ដែល​អ្នក​ស្រី​បាន​ធ្វើ​សន្និសីទកាសែត​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​រំខាន​ដោយ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​លោក ហោ ណាំបូរ៉ា។ ប៉ុន្តែ ក្រោយ​មក អ្នក​ស្រី​ត្រូវ​បាន​ដោះលែង​និង​អនុញ្ញាត​ឱ្យចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ។

លោក Nicholas Bequelin នាយក​អង្គការ Amnesty International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ «‍ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ មាន​រលក​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លុត​ឥត​អៀនខ្មាស​ទៅលើ​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​តំបន់។ វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​ ហ៊ុន សែន កំពុង​ព្យាយាម​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ ដើម្បី​ឃុបឃិត​គ្នាធ្វើ​អំពើ​បំពាន​ដោយ​ឥត​ខ្មាសអៀន​បែប​នេះ»។

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​គ្រោង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ ដើម្បី​ជួបជុំ​គ្នា​និង​កៀរគរ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ត្រូវ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​កម្ពុជា ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​ប្រឆាំង​ហៅ​ថា​ ជា​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មក​ឱ្យ​ពលរដ្ឋ​កម្ពុជា​វិញ។

ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​ប្រឆាំង​ថា ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG