ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្តេជ្ញា​ដោះមីន​ដើម្បី​សុវត្ថិភាព ​ហើយ​កម្ពុជា​ទទួល​ជំនួយ​ធំ​ទី​៤​លើ​ពិភពលោក


រូបឯកសារ៖ ក្រុមអ្នកដោះមីនកំពុងប្រតិបត្តិការស្វែងរកគ្រាប់មីន នៅទីក្រុង Hammam al-Alil ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។ (REUTERS/Suhaib Salem)
រូបឯកសារ៖ ក្រុមអ្នកដោះមីនកំពុងប្រតិបត្តិការស្វែងរកគ្រាប់មីន នៅទីក្រុង Hammam al-Alil ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។ (REUTERS/Suhaib Salem)

គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​ជា​ការ​គំរាម​កំហែង​មិន​ឈប់ឈរ​ដល់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រក្រី​ជួប​ការ​លំបាក​កាន់តែ​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​នៃ​របាយការណ៍​ថ្មី​មួយ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា​«ការដើរ​លើ​ពិភពលោក​ប្រកប​ដោយ​សុវត្ថិភាព‍» (To Walk the Earth in Safety) ​កាលពី​ថ្ងៃ​ពុធ​ដែល​ផ្តោត​លើ​ការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បំផ្លាញ​អាវុធ​នៅ​ទូទាំង​ពិភព​លោក។

លោក​ ស្តែនលី ប្រោន​ នាយក​ការិយាល័យ​ដកហូត​ និង​កាត់​បន្ថយ​អាវុធ​នៃ​ក្រសួង​ការបរទេស​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖

«នៅទូទាំង​ពិភព​លោក​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ក្នុងការ​បំផ្លាញ​អាវុធ​ ជួយ​សង្គម​ស៊ីវិល​ ជួយ​ដល់​ផលប្រយោជន៍​សន្តិសុខ​របស់​យើង ​និង​ដាក់​ឱ្យ​សង្គម​ស៊ីវិល​នៅក្នុង​ស្ថានភាព​មួយ ​ដែល​ពួកគេ​អាច​ស្តារ​ឡើង​វិញ​បាន​ពី​ជម្លោះ​ហិង្សា​ និង​ផ្សះផ្សារ​ស្នាមរបួស​ដែល​ជារឿយៗ​បន្ត​កើតមាន​ នៅ​ពេល​ការវាយ​ប្រយុទ្ធ​គ្នា​បាន​ចប់​សព្វគ្រប់‍»។​

សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​៤១៥​លាន​ដុល្លារ ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ក្នុង​នោះ​ប្រទេស​កម្ពុជា​ទទួល​បាន​ចំនួន​ជាង​១២៤​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៦។

ជារៀងរាល់​ឆ្នាំ​ មាន​ពលរដ្ឋ​កម្ពុជា​ជិត​១០០​នាក់ ​បាន​ស្លាប់​និង​រងរបួស​ដោយសារតែ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដែល​បាន​បន្សល់​ពីជម្លោះ​ប្រដាប់​អាវុធ​ជិត​បី​ទសវត្សរ៍​នៅ​កម្ពុជា​ ហើយ​ធ្វើ​ឱ្យ​សហគមន៍​ក្រីក្រ​កាន់តែ​ក្រីក្រ ​ដោយ​សារតែ​មិន​អាច​ប្រើ​ប្រាស់​ដីធ្លី​បាន​គ្រប់​គ្រាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅក្នុង​របាយការណ៍។

របាយការណ៍​បាន​បន្ថែម​ថា​ ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការងារ​ជាដៃគូ​ជាមួយ​នឹង​អង្គការ​ដោះមីន​ជាច្រើន​ ដែល​មាន​ដូច​ជា​អង្គការ Golden West, HALO, MAG ​និង​ NPA ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់ ​ដែល​មាន​មីន​ច្រើន​នៅ​ភាគ​ខាង​លិចប្រទេស​កម្ពុជា​ ដែល​មាន​តាម​បណ្តោយ​ខ្សែក្រវ៉ាត់​ទំនប់​ក៥ ​និង​តំបន់​ភាគ​ខាង​កើត​ប្រទេសនៅខេត្ត​រតនគីរី ​ហើយ​ក៏ផ្តោត​លើ​ការ​បោស​សម្អាត​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក។

លោក​ ស្តែនលី ប្រោន ​បាន​បន្ថែម​ថា៖

«តាមទស្សនៈ​របស់​សភាជាតិ​សហរដ្ឋ​អាមេរិក ​ហើយ​តែងតែ​បញ្ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់​គ្រប់គ្រង​របស់​យើង​ គឺ​ដំបូង​យើង​ផ្តោត​លើ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​ ដែល​បង្ក​ដោយ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​នៅក្នុង​បរិបទ​នៃ​ប្រតិបត្តិការ​ខាងផ្នែក​មនុស្សធម៌​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​គិត​ថា​ យើង​ប្រឹង​ព្យាយាម​ធ្វើ​ទាំងពីរ​តាម​សមត្ថភាព​របស់​យើង‍»។​

​សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​សកម្មភាព​ដោះមីន​ ផ្តល់​ការ​អប់រំ​ពី​គ្រោះថ្នាក់​គ្រាប់មីន ​ជួយ​កងយោធពល​ខេមរភូមិន្ទ​ខាងផ្នែក​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ការ​រក្សា​ទុក​យុទ្ធភណ្ឌ​និង​ជួយ​បង្កើន​សមត្ថភាព​ថ្នាក់ជាតិ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់) ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ការរក​ឃើញ​គ្រាប់​នៅ​ខេត្ត​ស្វាយរៀង ​ដែល​ស្ថានទូត​ចាត់​ទុកថា​ជា​គ្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​ប៉ុន្តែ​ស៊ីម៉ាក់​ចាត់​ទុកថា​ជា​អាវុធគីមី។

លោក ​ស្តែនលី​ ប្រោន ​បាន​បញ្ជាក់​ថា៖

«វត្ថុ​ដែល​រកឃើញ​នោះ​ គឺ​ជា​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​ប្រើ​បង្ក្រាប​កុប្បកម្ម។ ពួកគេ​បាន​ហៅ​អង្គការ​ហាមឃាត់​អាវុធគីមី​ចូល​មក​ពិនិត្យ​ហើយ។ ​ក្រសួង​ការពារ​ជាតិ​របស់​យើង​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​កាលពី​៣​ឆ្នាំ​មុន​ដល់​កងកម្លាំង​កម្ពុជា​ ដើម្បី​អាច​ឱ្យ​ពួកគេ​ដោះវា​យកចេញ​ ហើយ​យើង​ក៏នៅ​រង់ចាំ​មើល​ថា​ តើ​លទ្ធផល​របស់​អង្គការ​ហាមឃាត់​អាវុធគីមី​បង្ហាញ​ថា​យ៉ាងម៉េចដែរ‍»។

រូបឯកសារ៖ លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅកាត់​ថា​ស៊ីម៉ាក់ នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅកាត់​ថា​ស៊ីម៉ាក់ នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​ បាន​បញ្ជាក់​ថា​ អង្គការ​ហាមឃាត់​អាវុធ​គីមី​របស់​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ធ្វើការងារ​នេះ​ហើយ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ថា​នឹង​បាន​លទ្ធផល​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

លោក​ ហេង រតនា ​អគ្គនាយក​នៃ​អង្គការ​ស៊ីម៉ាក់​នៅតែ​អះអាង​ថា ​នេះ​គឺជា​គ្រាប់បែក​គីមី​ដដែល៖

«ថាជាឧស្ម័ន​ទឹកភ្នែក​យ៉ាង​ម៉េច? ខ្ញុំ​ថា​ដឹក​មក​មើល​ក៏បាន​ដែរ។ វាជា​គ្រាប់បែក​គីមី​គឺ​មិន​ពិបាក​ឆ្ងល់​អីទេ​ ហើយ​មិន​មែន​មានតិច​ឯណា​ មាន​ច្រើន​កន្លែង​សឹង​អីហ្នឹង​ មាន​៥០​ឬ៦០​កន្លែង។ មិនចេះ​តែ​លាក់​យ៉ាង​ម៉េច​សម័យ​ហ្វេសប៊ុក​ហើយ។ អ្នក​ណា​ចង់​ទៅមើល​ក៏បាន​ មាន​ជនរងគ្រោះ​ក៏​មាន​ច្រើន​រយ​ច្រើន​ពាន់​នាក់​ដែរ​នៅក្នុង​ភូមិ​ហ្នឹង»។​

ព័ត៌មាន​ស្តីពី​ការ​រកឃើញ​គ្រាប់​គីមី​នេះ​បាន​ផ្ទុះឡើង​ ក្រោយ​ពី​មាន​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គណបក្ស​កាន់អំណាច​បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​មាន​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំរដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។ តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មាន​បង្ហាញក្រុមគ្រូពេទ្យ​ចុះ​ទៅ​ព្យាបាល​ក្រុម​ពលរដ្ឋ​ ដែល​អះអាង​ថា​បាន​កើត​រមាស់ និង​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ដោយសារ​ឥទ្ធិពល​គ្រាប់​នោះ។

លោក​ ស្តែនលី ប្រោន ​បាន​បន្ថែម​ថា៖

«នេះ​គឺ​ជា​រឿង​អភ័ព្វ​ដែល​ការងារ​របស់​យើង​ក្នុង​ស្មារតី​មនុស្ស​ធម៌ ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​បែរ​ជាត្រូវ​គេ​យក​មក​ធ្វើ​ជា​រឿង​នយោបាយ​ដោយ​សារតែ​រឿង​ហ្នឹង។ ដូច្នេះ​គោលបំណង​របស់​យើង ​គឺ​បន្ត​ការងារ​ជួយ​សង្គ្រោះ​ជីវិត​ ដែល​យើង​បាន​ធ្វើ​រហូត​មកដល់​ពេលនេះ​ហើយ​បន្ត​ធ្វើការ​នៅ​ទាំងផ្នែក​ខាងកើត ​និង​ខាងលិច​ប្រទេស​ ពីព្រោះ​យើង​ដឹង​ថា​ វា​ជួយ​ដល់​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា‍»។​

ការ​ដោះមីន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​កន្លង​មក​នេះ​ទើបតែ​បាន​ពាក់​កណ្តាល​នៃ​តំបន់​ដែល​មាន​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប៉ុណ្ណោះ។

តំបន់​ដែល​មាន​គ្រាប់មីនច្រើន​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​២១​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​ ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​និង​ថៃ។ តំបន់​ដែល​មាន​គ្រាប់មីន​ច្រើន​ក៏​ស្ថិតនៅ​តំបន់​ខ្សែ​ក្រវ៉ាត់​ការពារ​ក៥ ​ដែល​ត្រូវ​បាន​កសាងឡើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ និង​ថៃ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​១៩៨០ ​ដើម្បី​ទប់​ស្កាត់​ក្រុម​អ្នកតស៊ូ​មិន​ឱ្យ​ចូល​មក​ក្នុង​ផ្ទៃប្រទេស។ តំបន់​នេះ​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មានគ្រាប់​មីន​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

ក្រុម​ដែល​បាន​ដាក់​មីន​ជាច្រើន​ក្នុង​អំឡុង​ពេល​សង្គ្រាម ​មាន​ក្រុមខ្មែរ​ក្រហម​ កងយោធពល​ខេមរ​ភូមិន្ទ​ ក្រុមយោធា​ថៃ​ និង​វៀតណាម ​ដែល​បាន​ដាក់​ក្នុង​អំឡុង​ពេល​សង្គ្រាម​ឥណ្ឌូចិន​ ការ​កាន់​កាប់​របស់​ប្រទេស​វៀតណាម​នៅកម្ពុជា​ និង​ការ​វាយ​ប្រយុទ្ធគ្នា​រវាង​ភាគី​ខ្មែរ​នានា។ នេះ​បើតាម​ការ​បញ្ជាក់​របស់​របាយការណ៍។

បន្ថែម​ពីនេះ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការបាញ់​គ្រាប់ផ្លោង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុងសង្គ្រាម​វៀតណាម ​បាន​បន្សល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​នៅ​ភាគ​ខាងកើត​ និង​ឥសាន​ប្រទេស​ដែល​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​វៀតណាម។ ​

ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៦​ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​២,៨ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​បំផ្លាញ​អាវុធ​នៅ​ទូទាំង​ពិភពលោក ​ក្នុងនោះ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​លំដាប់​ទី​៤​ដែល​ទទួល​ថវិកា​បាន​ច្រើន​ជាងគេ​ បន្ទាប់ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ អ៊ីរ៉ាក់ ​និង​ឡាវ៕

XS
SM
MD
LG